ភ្នំពេញ៖ សហភាពអឺរ៉ុបនឹងមិនធ្វើការចរចាផ្លូវការមួយជាមួយប្រទេសអង់គ្លេសភា្លមៗទេនៅពេលនេះ គឺដោយសារតែមាត្រា ៥០ចែងថាត្រូវរង់ចាំការស្នើសុំពីប្រទេសយ៉ាងតិចចំនួន ៣ គឺអាល្លឺម៉ង់ បារាំង និងអ៊ីតាលីជាមុនសិន។ នេះបើយោងតាមលោកស្រីអធិការបតីអាឡឺម៉ង់ Angela Merkel។
លោកស្រីអធិការបតីអាឡឺម៉ង់ Merkel បាននិយាយក្នុងសន្និសីទកាសែតមួយថា«យើងគោរពតាមតាមកិច្ចព្រមព្រៀងមាត្រា 50 នៃសន្ធិសញ្ញាអឺរ៉ុបដែលបានចែងច្បាស់លាស់នេះ ហើយរដ្ឋសមាជិកដែលមានបំណងចាកចេញពីសហភាពអឺរ៉ុបគឺត្រូវជូនដំណឹងទៅក្រុមប្រឹក្សាអឺរ៉ុប»។
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានរៀបចំកិច្ចពិភាក្សាមួយលើបញ្ហាប្រទេសអង់គ្លេស ជា មួយប្រធានាធិបតីបារាំងលោក Francois Hollande និងនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi នៅទីក្រុងប៊ែកឡាំង។
ក្នុងកិច្ចពិភាក្សានេះ ពួកមេដឹកនាំទាំងនោះបានអំពាវនាវឱ្យមានការលើកទឹកចិត្តជាថ្មីដើម្បីពង្រឹងសហភាពអឺរ៉ុបឡើងវិញ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនពលរដ្ឋអង់គ្លេសបានបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រមួយ ដោយពេញចិត្តចាកចេញពីសហភាពអឺរ៉ុប ដែលការបោះឆ្នោតនេះសំឡេងឈ្នះគឺ 52%ទល់និង48% ដែលបញ្ជាក់ថាអង់គ្លេសអាចដើរចេញពីសមាជិកសហភាពអឺរ៉ុបនេះបាន។
អង់គ្លេស, អាល្លឺម៉ង់, បារាំង និងអ៊ីតាលីជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងសហភាពអឺរ៉ុប។
ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់របស់ S & P បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អង់គ្លេស និងបានព្រមានពីលទ្ធផលនៃការធ្វើប្រជាមតិចាកចេញពី EUនេះថា អាចនាំឱ្យមានការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចអង់គ្លេស រួមទាំងវិស័យសេវាកម្ម និងហិរញ្ញវត្ថុផងដែរ ។
មេដឹកនាំទាំង ៣រូបនោះបានសម្តែងនូវការសោកស្តាយ ចំពោះចក្រភពអង់គ្លេសដែលបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប។ លោកស្រី Merkel បានហៅការសម្រេចចិត្តនេះថាជាការសម្រេចចិត្តដ៏ឈឺចាប់ និងគួរឱ្យសោកស្តាយជាទីបំផុត។
លោកប្រធានាធិបតីហូឡង់ និងនាយករដ្ឋមន្ត្រី Renzi បានបញ្ជាក់ពីតម្រូវការដើម្បីដំណើរការការចាកចេញរបស់អង់គ្លេសបានលឿនតាមដែលអាចធ្វើទៅបាន និងបានផ្តោតលើបញ្ហាកំពុងប្រឈមដែលនៅសេសសល់ដូចជារដ្ឋជាសមាជិក 27 និងការពង្រឹងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មព្រំដែន។ លោកហូឡង់និយាយថា ៖«ការទទួលខុសត្រូវរបស់យើងគឺមិនឱ្យបាត់បង់ពេលវេលានៅក្នុងការដោះស្រាយជាមួយនឹងបញ្ហានៃការចាកចេញរបស់អង់គ្លេសនិងបញ្ហាថ្មីសម្រាប់សមាជិក 27 ប្រទេសនេះ ដែលមិនមានអ្វីអាក្រក់ជាងភាពមិនច្បាស់លាស់នោះទេ»។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីតាលីនិយាយថា ៖«យ៉ាងណាក៏ដោយ យើងមានការសោកស្តាយ ប៉ុន្តែវាជាពេលវេលាត្រឹមត្រូវដើម្បីសរសេរទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុបដែលយើងកំពុងបង្រួបបង្រួមផងដែរ»។
ប្រភពៈBBC