en     km
en     km

សហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលី អំពាវនាវអោយមានការលើកកម្ពស់សេរីភាពបញ្ចេញមតិឡើងវិញនៅកម្ពុជា

Share

​សហគមន៍អន្តរជាតិធំចំនួន៣​ គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប តំណាង២៧ប្រទេស និងប្រទេសអូស្ត្រាលី បានចេញសេចក្ដីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា ដោយសុំអោយរដ្ឋាភិបាល កម្ពុជា លើកកម្ពស់សេរីភាព បញ្ចេញមតិឡើងវិញនៅកម្ពុជាដើម្បី ឆ្ពោះទៅរកការផ្សះផ្សាជាតិតាមការសន្ទនាគ្នាជាមួយមេដឹកនាំ​បក្សប្រឆាំង។

សេចក្ដីថ្លែងការណ៍របស់ សហគមន៍អន្តរជាតិ ទាំង៣នេះ បានធ្វើឡើងក្នុងទំព័រហ្វេសបុករបស់ ខ្លួននៅកម្ពុជា​ ហើយមួយថ្ងៃបន្ទាប់ពីតុលាការ ដំបូងរាជធានីភ្នំពេញ បានកាត់ទោស កំបាំងមុខ ទៅលើ លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ អោយមានទោស ២៥ឆ្នាំ ដោយដកសិទ្ធលោកបោះឆ្នោតផងដែរ។ ចំណែក ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន៨រូបមានដួចជា លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាងដែលជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ  ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់​ពន្ធនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំ។ ពួកគាត់ទាំងអស់គ្នាសុទ្ធតែនៅ ក្រៅប្រទេស ដែលស្ថិតក្នុងស្ថានភាពនិរទេសខ្លួន។

តុលាការកម្ពុជា ត្រូវបានមើលឃើញថា នៅពុំទាន់មានភាពឯករាជ្យ ដោយស្ថិតនៅក្រោមឥទ្ធិពល នយោបាយ របស់បក្សកាន់អំណាច។

 

នៅក្នុងសារ Twitter ក្នុងថ្ងៃដែល តុលាការ កាត់ទោស លោកសមរង្ស៊ី  មានទំងន់ទោស ដូចនេះ លោក ផាទ្រិក មើហ្វី  ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិ ។ លោកបានទទូចសុំអោយកម្ពុជា បង្កើតលំហប្រជាធិបតេយ្យឡើងវិញ ។

តាមរយៈសារលើបណ្តាញសង្គមធ្វីតធឺ លោកឯកអគ្គរដ្ឋទូតអាមេរិកបាន ជំរុញឲ្យអាជ្ញាធរ សុំអោយបើកលំហនយោបាយ ឡើងវិញ ហើយអនុញ្ញាតឲ្យគ្រប់ភាគី បានបញ្ចេញសំឡេង និងបានចូលរួមធ្វើសកម្មភាពដូចគ្នា។

សម្រាប់សហភាពអ៊ឺរ៉ុប ដែលមានតំណាងរបស់ខ្លួន នៅរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍ ពីរាជធានីព្រុយសែល ប្រទេសប៊ែលហ្សិកដោយបានហៅសវនាការកាត់ទោសមេដឹកនាំគណបក្សប្រឆាំងថាជា សាលក្រមត្រូវបានប្រកាស យ៉ាងតក់ក្រហល់ បន្ទាប់ពីសវនាការយ៉ាងឆាប់រហ័ស ដែលធ្វើឡើងដោយកំបាំងមុខ។ ជនជាប់ចោទ​មិនត្រូវ​បានអនុញ្ញាត ឱ្យវិលត្រឡប់ទៅប្រទេសវិញ ដើម្បីការពាររឿងក្តីរបស់ពួកគេ នៅក្នុងតុលាការ ដែលហាក់ជាការរំលោភ​សិទ្ធិរបស់​ជនជាប់ចោទ និងនីតិវិធីត្រឹមត្រូវ ដែលត្រូវបានការពារយ៉ាងរឹងមាំ ដោយច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

សហភាពអ៊ឺរ៉ុប ទទូចទៀតថា អាជ្ញាធរកម្ពុជាត្រូវតែគោរពនីតិរដ្ឋ និងនីតិវិធីត្រឹមត្រូវ ហើយត្រូវធានាថា សិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងសេរីភាពមូលដ្ឋានត្រូវបានគោរពពេញលេញ រួមមានសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមធ្វើអង្គការសមាគម និងសិទ្ធិជួបជុំដោយសន្តិវិធី។ សហគមន៍អ៊ឺរ៉ុបអំពាវនាវជាថ្មីម្តងទៀត ដល់អាជ្ញាធរកម្ពុជា ឱ្យចាប់ផ្តើម ដំណើរការផ្សះផ្សារជាតិ តាមរយៈការសន្ទនាឡើងវិញ។ សារនេះ ថ្លែងដោយ លោកស្រី Nabila Massrali ជាអ្នកនាំពាក្យ​ សម្រាប់សហគមន៍អឺរ៉ុប ផ្នែកគោលនយោបាយកិច្ចការបរទេស និង សន្តិសុខ។

ចំណែក ឯកអគ្គរដ្ឋទូត ប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា Pablo Kang បានអំពាវនាវ ដល់រដ្ឋា

ភិបាល កម្ពុជា ការជំនុំជម្រះក្ដី ពុំមានជនជាប់ចោទ គឺមិនមានភាពយុត្តិធម៌សម្រាប់ជនជាប់ចោទនោះទេ។
ឯកអគ្គរដ្ឋទូត Pablo Kangបានបញ្ជាក់ក្នុងរបស់ Twitter លោកទៀតថាអូស្ត្រាលី ទទូចសុំអោយ ការជំនុំជម្រះក្ដី ប្រព្រឹត្តទៅ ដោយ​តម្លាភាព យុត្តិធម៌ ប៉ុន្តែលោកថា អូស្ត្រាលី ចង់ឃើញមានការសន្ទនាគ្នាឡើងវិញ រវាងរដ្ឋាភិបាល និងតំណាងគណបក្សប្រឆាំង។

ប៉ុន្តែសម្រាប់មន្ត្រី​ជាន់​ខ្ពស់ម្នាក់របស់​បក្ស​កាន់​អំណាច​បានអះអាងថា សម្ពាធ​អន្តរជាតិដែលបង្ខំអោយលើរដ្ឋាភិបាលកម្ពុជា ធ្វើនេះ ធ្វើនោះ គឺ​ ​រដ្ឋាភិបាលមិនអាចធ្វើតាមបាននោះទេ  ហើយថា​វាសនា​របស់​បក្ស​ប្រឆាំង​នឹង​ត្រូវ​បញ្ចប់។

តាម​លោក សុខ ឥសាន តុលាការ​បាន​ផ្ដល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល ចំពោះ​រឿង​ក្តី​នេះ។ លោក​ថា សម្ពាធ​អន្តរជាតិ​គ្មាន​ទម្ងន់​អ្វី ដើម្បី​មក​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ចរចា​ជា​មួយ​លោក សម រង្ស៊ី ទេ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​តាំង​ពី​ឆ្នាំ២០១៧ ។

នេះជាការបញ្ជាក់របស់ លោក សុខឥសានអ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជាដែលស្រង់មកចុះផ្សាយដោយ វិទ្យុមួយនៅក្រៅប្រទេស។

បែបណា សម្រាប់ លោក សមរង្ស៊ី នៅតែ​មាន​សុទិដ្ឋិនិយម​ថា សំណុំ​រឿង​ទាំង​អស់ ដែល​តុលាការ ដំបូងក្រុងភ្នំពេញ​បានសម្រេចដូចនេះ នឹង​ត្រូវ​ធូរ​ស្រាល​ឡើង​វិញ ដែលលោកអះអាងថាដើម្បី​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ បាន​វិល​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០២៣ ខាង​មុខ៕

 

Share

Image
Image
Image