សហភាពអឺរ៉ុបដែលមានមូលដ្ឋាននៅប្រទេសប្រ៊ុចហ្សែលបានចេញសេចក្ដីប្រកាសព័ត៌មានជាចំហ និងជាផ្លូវការមួយ មកកាន់ភាគីកម្ពុជា អំពីការចាប់ផ្ដើម អនុវត្តដំណើរនៃការដកអនុគ្រោះពន្ធEBAក្នុងដំណាក់កាលទី២ពីកម្ពុជាដោយចាប់ចូលជាធរមានចាប់ពីថ្ងៃទី ១២កុម្ភៈនេះទៅ ហើយអាចនាំទៅរកការដកការអនុគ្រោះពន្ធពីកម្ពុជាជាបណ្ដោះអាសន្ន។
តាមសេចក្ដីប្រកាសនេះ គឺគោលដៅរបស់សហភាពអឺរ៉ុបគឺចង់ឃើញស្ថានភាពសិទិ្ធមនុស្ស សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា ត្រូវបានអនុវត្តជាក់ស្ដែង។
លោកស្រី Federica Mogherini ប្រមុខការទូត និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានរៀបរាប់នៅក្នុងសេចក្ដីប្រកាសដែលមានន័យដូចនេះថា៖«ក្នុងរយៈពេល១៨ខែហើយ ដែលយើងបានធ្វើការកត់សំគាល់ថាស្ថានភាពប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ កាន់តែអាក្រក់ទៅៗ។ កាលពីខែកុម្ភៈឆ្នាំ២០១៨ ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់រូចហើយអំពីស្ថានការណ៍វិវឌ្ឍន៍ដែលធ្ងន់ទៅៗ។ ជាថ្មីទៀតក្នុងប៉ុន្មានខែមកនេះ ឃើញថា ភាគីកម្ពុជា បានធ្វើឱ្យមានកត់សម្គាល់ជាវិជ្ជមានខ្លះដែរ ដូចជាការដោះលែង អ្នកទោសនយោបាយ សកម្មជនស៊ីវិល អ្នកសារព័ត៌មាន រួមទាំងការបន្ថយ ការរឹតត្បិតលើ សកម្មភាព សង្គមស៊ីវិលនិងសកម្មជន សហ ជីព។ តែយ៉ាងណា យើងមើលឃើញថាគ្មានអ្វីល្អប្រសើរជាងនេះទៀតទេដែលភាគីកម្ពុជាអាចបំពេញបានទៅលើស្ថានភាពជាក់ស្ដែង ដែលមាននៅក្នុងស្មារតីនៃលក្ខខ័ណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធEBA។ ក្នុងន័យនេះ យើងសហភាពអឺរ៉ុបនៅត្រូវតាំងចិត្តធ្វើជាដៃគូជាមួយកម្ពុជាដែលជាផលប្រយោជន៍នៃប្រជាជនកម្ពុជា។ គោលដៅនៃការបន្តគាំទ្រ របស់យើង គឺការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដែលត្រូវចាត់ទុកថាជាចំណុចរួមនៃភាពជាដៃគូនឹងគ្នា»។
ក្នុងសេចក្ដីប្រកាសនេះ លោកស្រី Cecilia Malmström ស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម ក៏បានចូលរួមបញ្ជាក់ថាទោះជាមាននៅដំណាក់ម្ដងទៀតក្ដី ប៉ុន្តែទ្រនិចនាឡិកាកំពុងដើរហើយ គឺនៅសល់ពេលវេលាដែលត្រូវចាត់វិធានការតែប៉ុណ្ណោះ។
តាមសេចក្ដីប្រកាសនេះ គឺរយៈពេល ៦ខែទៀតនេះ គឺជាពេលវេលាតាមដាន និងវាយតម្លៃជាក់ស្ដែងហើយរយៈពេល ៣ខែម្ដង គឺសហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃដំណើរការវិវត្តនៅកម្ពុជា។ ក្រោយពីធ្វើការតាមដាន និងវាយតម្លៃ ១២ខែមក គឺជាពេលវេលានៃដកការអនុគ្រោះពន្ធ EBAជាផ្លូវការដោយមានការកំណត់ថេរវេលានៃការដកការអនុព្រោះពន្ធនេះ។
សូមជម្រាបថា រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបបានព្រមព្រៀងជាផ្លូវការតាមសំណើរបស់គណៈកម្មការអឺរ៉ុបដែលសុំអោយដាក់ដំណើរការដកការអនុគ្រោះពន្ធEBA កាលពីថ្ងៃទី ២៩ មករា ឆ្នាំ២០១៩។
ទំនិញវាយនភ័ណ្ឌ ស្បែកជើង ផលិតផលបន្លែ អង្ករ កង់ពីកម្ពុជា ដែលនាំទៅកាន់ទីផ្សារអឺរ៉ុបបានឡើងដល់ ៩៧ ភាគរយ នៅឆ្នាំ ២០១៨។ ជារួមទៅទំហំនាំចូលទីផ្សារអឺរ៉ុប មាន ៤ពាន់ ៩រយ លានអឺរ៉ូ កើន ៩៩ភាគរយ ដែលស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA។
វិទ្យុស្ត្រី មិនទាន់បានសុំការ ឆ្លើយតបពី អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ចំពោះការ ប្រកាសព័ត៌មានរបស់ គណៈកម្មការអឺរ៉ុបនៅឡើយទេ ៕
អត្ថបទប្រែសម្រួលក្រៅផ្លូវការ ៖ដោយលោក នួន បូរិន្ទ