ក្រុមអ្នកធ្វើការលើបញ្ហាសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជំរុញឲ្យឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្តអាណត្តិការិយាល័យ និងអ្នកសង្កេតការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជា ដោយពួកគេសង្កេតឃើញថា នៅប្រទេសកម្ពុជា នៅតែមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅឡើយ។
សហព័ន្ធសិទ្ធិមនុស្ស FIDH ដែលមានមូលដ្ឋាននៅប្រទេសបារាំង រួមជាមួយសមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការការពារសិទ្ធិមនុស្សលីកាដូ ជាសមាជិក អំពាវនាវឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្តអាណត្តិការិយាល័យឧត្តមស្នងការសហប្រជាជាតិ និងអាណត្តិអ្នករាយការណ៍សិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីឲ្យក្រុមប្រឹក្សានេះ អាចបំពេញតួនាទីក្នុងការការពារសិទ្ធិមនុស្ស និងធ្វើការដោយពេញសមត្ថភាពក្នុងការស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
យោងសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់របស់សហព័ន្ធសិទ្ធិមនុស្ស FIDH ផ្ញើជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣០ ឲ្យដឹងថា សហព័ន្ធនេះនៅតែព្រួយបារម្ភយ៉ាងខ្លាំង លើការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា រួមទាំងអំពើនិទ្ទណ្ឌភាព ដែលនៅតែបន្តស្ថិតនៅជាធរមាន ជាពិសេសគឺការកើនឡើងដ៏ខ្លាំងនូវការប្រើប្រាស់កម្លាំង ក្នុងការទប់ស្កាត់ការតវ៉ា ការប្រើប្រព័ន្ធតុលាការប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជនសហគមន៍ សហជីព និង សមាជិកគណបក្សប្រឆាំង ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេ ហើយជាពិសេសនោះ គឺការបន្តកើតឡើងនូវការរំលោភលើសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋានជាដើម។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា FIDH ជំរុញឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ កុំអនុញ្ញាតឲ្យកម្ពុជា ទម្លាក់ចោលនូវបញ្ជីអាទិភាពណាមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ខណៈដែលរដ្ឋាភិបាលកម្ពុជារំលោភលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយការដាក់កំហិតលើសិទ្ធិមនុស្សរបស់ពលរដ្ឋខ្លួន ការប្រើប្រាស់កម្លាំង និងប្រព័ន្ធយុត្តិធម៌ ជាឧបករណ៍បង្ក្រាបអ្នកតវ៉ា ហើយរដ្ឋាភិបាលកម្ពុជាកំពុងប៉ុនប៉ងរារាំង និងគ្រប់គ្រងសកម្មភាពរបស់អង្គការសង្គមស៊ីវិល។
ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាស្រ័យដោយប្រទេសកម្ពុជានៅត្រូវការចាំបាច់នៅឡើយ នូវការិយាល័យឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំកម្ពុជា រួមទាំងអ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទើបសហព័ន្ធសិទ្ធិមនុស្សចង់ឲ្យបន្តអាណត្តិឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សនៅកម្ពុជាបន្តទៀត។
លោកអំ សំអាត បន្តថា «ទាក់ទងនឹងចូលជាតំណាងនៅឯនេះ ទី១ គឺអឹមអូយូ (MOU) នៅខ្មែរយើង កាលណាយើងមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស វាត្រូវតែមានអ្នករាយការណ៍ពិសេសចូលមក ហើយមួយទៀតអ្នកគេរាយការណ៍ពិសេសនេះ គឺអាស្រ័យទៅលើប្រទេសកម្ពុជាយើងផងដែរ ហើយក៏អាស្រ័យទៅលើក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បើសិនជាគេនៅតែចង់បន្ត អាហ្នឹងគេជជែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការបន្តអាណត្តិនៃអ្នករាយការណ៍ពិសេសហ្នឹងបាទ»។
ទាក់ទងនឹងការស្នើសុំរបស់សហព័ន្ធសិទ្ធិមនុស្ស FIDH នេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន មានប្រសាសន៍ថា រឿងបន្តការិយាឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាល មិនមានស្ថាប័ន ឬអង្គការណាមួយអាចបញ្ជាបានទេ ។ លោកផៃ ស៊ីផាន បញ្ជាក់ថា រឿងនេះ សូម្បីតែអង្គការសហប្រជាជាតិក៏គ្មានអំណាចបង្គាប់បញ្ជាបានដែរ ។
លោកផៃ ស៊ីផាន បន្ថែមថា ចំណែកការិយារបស់ឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា គឺមិនមានការប៉ះពាល់ ឬផ្អាកនោះទេ ។ លោកថា ការិយាល័យនេះតំណាងពីសុឆន្ទៈរបស់កម្ពុជា ដែលចង់បានភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ ក្នុងការចូលរួមអភវិឌ្ឍន៍សិទ្ធិមនុស្សកម្ពុជាឲ្យទទួលបានសេចក្ដីគាប់ប្រសើរ ។
លោកផៃ ស៊ីផាន បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញារួចស្រេចទៅហើយ ក្នុងការពង្រឹងនូវការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។ លោកថា ការលើកឡើងរបស់សហព័ន្ធសិទ្ធិមនុស្ស FIDH ជាការលើកឡើងមិនចំទិសដៅ «រឿងការពន្យារ ឬមិនពន្យារ ជាដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ មិនមែនអង្គការណាមួយមានដែនសមត្ថកិច្ច ឬមានអំណាចមកបង្គាប់បញ្ជាកម្ពុជានោះបានទេ សូម្បីតែអង្គការសហប្រជាជាតិក៏គ្មានដែនសមត្ថកិច្ចមកបង្គាប់កម្ពុជាបានទេ ។ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យភាពមួយ។ ដូចជម្រាបអ៊ីចឹង ។ ហើយរឿងទីចំណែក២ ការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានវត្តមាននៅកម្ពុជា គឺនៅដដែល» ។
សូមជម្រាបថា សេចក្ដីថ្លែងការណ៍របស់សហព័ន្ធសិទ្ធិមនុស្ស បញ្ជាក់ថា រយៈពេលជាង២០ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសកម្ពុជាបានប្រឈមនឹងការធ្លាក់ចុះកាន់តែជ្រៅក្នុងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ហើយនៅខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិនឹងចូលមកដល់នាពេលខាងមុខនេះ រដ្ឋាភិបាលកម្ពុជាបានកំហិតសិទ្ធិពលរដ្ឋស៊ីវិលបន្ថែមទៀត លើសេរីភាពសម្ដែងមតិ ការប្រមូលផ្ដុំ និងជួបជុំដោយសន្តិវិធី ការពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើប្រព័ន្ធយុត្តិធម៌ និងការកំហិតលទ្ធភាពរបស់បក្សប្រឆាំងក្នុងការចូលរួមបង្កើតគោលនយោបាយជាដើម។
សូមជម្រាបផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣០ ប្រព្រឹត្តទៅចន្លុះពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា នៅការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ៕