ភ្នំពេញ៖ មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៣ មីនានេះថា សហព័ន្ធស្រូវអង្ករកម្ពុជាមានបំណងចង់ជួបជាមួយប្រតិភូសហភាពអឺរ៉ុប ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ ក្នុងសប្តាហ៍ក្រោយ ជាការជួបពិភាក្សាលើបញ្ហាពន្ធអង្កររបស់កម្ពុជាដែលនាំទៅទីផ្សារអឺរ៉ុបនោះ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
ខណៈប្រតិភូសហភាពអឺរ៉ុបនឹងមកបំពេញដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពិភាក្សាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយកម្ពុជានោះ សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញចេតនាចង់ជួបជជែកជាមួយប្រតិភូអឺរ៉ុបនេះ ជួយបន្ធូរបន្ថយបញ្ហាពន្ធអង្ករកម្ពុជាដែលអឺរ៉ុបបានសម្រេចយកពន្ធនាំចូលនោះ។
លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់វិទ្យុស្រ្តីថា សហព័ន្ធស្រូវអង្ករកម្ពុជាមានចេតានាចង់មានជំនួបក្រៅផ្លូវការមួយជាមួយប្រតិភូសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការសម្រេចយកពន្ធអង្ករកម្ពុជាដែលនាំទៅអឺរ៉ុបនោះ។ លោកបន្តថា ការយកពន្ធអង្ករកម្ពុជាហាក់មានភាពអយុត្តិធម៌ ដោយហេតុថា កសិករអឺរ៉ុបបានប្តឹងលើការនាំអង្ករសរចូលទីផ្សារអឺរ៉ុប តែ សហគមន៍អឺរ៉ុបវិញបែបជាយកពន្ធអង្ករប្រណិតរបស់កម្ពុជាទៀត ទាំងកសិករអឺរ៉ុបពុំអាចដាំស្រូវប្រណិតនេះបាន។
លោក នង វាសនា ៖«គោលដៅរបស់យើង គឺការប្តឹងទាស់ទៅនឹងការដាក់ពន្ធនេះ ចំពោះអង្ករក្រអូបរបស់កម្ពុជា ដោយសារថាការដាក់ពន្ធនេះ គាត់ដាក់ពន្ធលើអង្ករក្រអូបបូកជាមួយអង្ករសរហ្នឹងមកចាត់ការលើបន្ទាត់ពន្ធគយ។ តាមពិតទៅវាជាអង្ករពីរប្រភេទខុសគ្នា អីចឹងការប្រកួតប្រជែងហ្នឹង អង្ករកម្ពុជាប្រកួតប្រជែងជាមួយប្រជាជនគាត់ គាត់ការពារប្រជាជនគាត់គួរតែដាក់ពន្ធលើអង្ករសរហ្នឹងទេ មិនគួរដាក់ពន្ធលើអង្ករក្រអូប និងអង្ករប្រឌិតនោះទេ ពីព្រោះកសិករអឺរ៉ុបមិនអាចផលិតអង្ករនេះបានទេ ដោយសារលក្ខខណ្ឌសីតុណ្ហភាព និងភូមិសាស្រ្តមិនអាចអនុញ្ញាតឱ្យកសិករអឺរ៉ុបផលិតអង្ករក្រអូបនេះបានទេ»។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះបញ្ជាក់ថា ប្រតិភូសហភាពអឺរ៉ុបនឹងមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលថ្ងៃ២ នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA ជាមួយកម្ពុជា។ កម្ពុជាស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួចដែលទទួលបានការអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ ឬEBA ។ តែកាលពីខែកុម្ភៈសហភាពអឺរ៉ុបបានសម្រេចដំណើរការនីតិវិធីលើកការផ្អាកEBAនេះពីកម្ពុជា ក្រោមហេតុផលថា កម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបានដើរថតក្រោយនៃលទ្ធិប្រជាធិបតេយ្យ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបញ្ជាក់ប្រាប់កាសែតនេះថា មន្រ្តីទូតអឺរ៉ុបនៅកម្ពុជាកំពុងរង់ចាំការធ្វើទស្សនកិច្ចរយៈពេលខ្លីនៅសប្តាហ៍ក្រោយពីសំណាក់មន្រ្តីផ្នែកកិច្ចការបរទេសសហភាពអឺរ៉ុប និងអគ្គនាយកដ្ឋានផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប។ តែជំនួបជាមួយភាគីណាខ្លះនៅកម្ពុជា លោក George Edgar ពុំទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ។
លោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់វិទ្យុស្រ្តីបន្ថែមថា សហព័ន្ធកំពុងរៀបចំឯកសាររដ្ឋបាល ដើម្បីបង្កើតជំនួបឆាប់ៗនេះជាមួយប្រតិភូសហភាពអឺរ៉ុប ដើម្បីជជែកគ្នាពីបញ្ហាពន្ធអង្ករនេះ។ លោកបន្តថា សហព័ន្ធស្រូវអង្ករកម្ពុជាចង់ពិភាក្សាលើប្រភេទអង្ករសម្រូបក្រអូប និងអង្ករបាក់ ដែលអាចនាំចេញមិនជាប់ពន្ធ ហើយកម្ពុជាក៏ចង់តវ៉ាជាមួយសហភាពអឺរ៉ុប ដែលបានយកពន្ធអង្ករប្រភេទអង្ករក្រអូប ដែលជារឿងអយុត្តិធម៌។
លោក មូល សារិទ្ធិ៖«បើសិនអាចជួប[EU]យើងព្យាយាមសុំឱ្យលើកលែងពន្ធតែម្តង គោលបំណងយើងវិស័យឯកជនមិនចង់ឱ្យមានការដាក់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ ក៏ក្រុមហ៊ុននាំចេញយើងមួយចំនួននៅតែអាចនាំចេញបានទៅសហគមន៍ អឺរ៉ុបដដែរ»។
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១៦ មករា បានសម្រេចជាផ្លូវការគិតពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេលបីឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ ២០១៩ ក្នុងអត្រាជិត ២០០ដុល្លារអាមេរិក សម្រាប់អង្ករមួយតោន។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុបនេះ កើតឡើងបន្ទាប់ពីកសិករប្រទេសអ៊ីតាលី និងអេស្បាញបានតវ៉ាពីការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ថាបានប៉ះពាល់តម្លៃស្រូវអង្កររបស់កសិករអឺរ៉ុប។ គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតរបស់ខ្លួន ដោយរកឃើញពីការកើនឡើងខ្លាំងនៃការនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលបណ្ដាលឲ្យប៉ះពាល់សេដ្ឋកិច្ចដល់ក្រុមប្រទេសផលិតអង្ករនៅអឺរ៉ុបមែន។
សហភាពអឺរ៉ុបសម្រេច យកពន្ធលើអង្ករកម្ពុជាជាផ្លូវការចាប់ពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩ តទៅ ក្នុងអត្រាជិត ២០០ដុល្លារអាមេរិក ហើយអត្រាពន្ធនេះ នឹងធ្លាក់ចុះមកនៅត្រឹមជាង ១៧០ ដុល្លារ និងក្នុងឆ្នាំ២០២០ និង ជាង ១៤១ដុល្លារ ក្នុងអង្ករមួយតោន នៅឆ្នាំ ២០២១។
ជុំវិញរឿងនេះសហព័ន្ធស្រូវអង្ករកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងរថា ការយកពន្ធអង្ករកម្ពុជានេះមានលក្ខណៈឆាប់រហ័សពេក ខណៈវិស័យស្រូវអង្ករកម្ពុជាត្រូវការពេលច្រើនឆ្នាំទៀត ដើម្បីពង្រឹងខ្លួនប្រកួតប្រជែងដោយមិនអាស្រ័យលើការអនុគ្រោះពន្ធនេះ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា ការយកពន្ធនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងមានការលំបាកនាំចូលអង្ករពីកម្ពុជាទៅសហភាពអឺរ៉ុបដោយសារកម្ពុជាមិនទាន់បានត្រៀមខ្លួនពេញលេញ។
តាមរយៈកិច្ចប្រជុំរបស់សហព័ន្ធស្រូវអង្ករកម្ពុជាកន្លងមកបានសម្រេចឆ្លើយតបនឹងការយកពន្ធនេះ ហើយសហព័ន្ធនឹងព្យាយាមតវ៉ាទៅអន្តរជាតិ និងព្យាយាមពង្រឹងការប្រកួតប្រជែងតាមរយៈការកាត់បន្ថយថ្លៃដើម និងពង្រីកទីផ្សារបន្ថែម។
ក្នុងគ្រាដែលកម្ពុជាកំពុងហែរឆ្លងអន្តរកាលនៃការរឹតបណ្តឹងផ្នែកសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុបនេះ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញវិធានការណ៍មួយចំនួនដើម្បីសម្រួលដល់បរិយាកាសវិនិយោគ និងការនាំចេញនានា។ សហព័ន្ធស្រូវអង្ករបានមើលឃើញថា រដ្ឋាភិបាលបានប្រឹងប្រែងដោយថ្មីៗនេះបានសម្រេចលើកលែងពន្ធលើប្រាក់ចំណេញផ្សេងៗ បញ្ចុះតម្លៃដឹកជញ្ជូន លុបបំបាត់ស្ថាប័នកម្មសាប សម្រួលច្បាប់វិនិយោគ និងការលើកលែងពន្ធដល់អ្នកវិនិយោគថ្មីច្រើនឆ្នាំផងដែរ។ ប្រការនេះបានជួយសម្រួលកិច្ចការពាណិជ្ជកម្មជាច្រើន ពិសេសការនាំចេញស្រូវអង្ករដែលមិនត្រូវបានជាប់ពន្ធក្នុងស្រុកនោះ៕