ភ្នំពេញ៖ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យដឹងថាកិច្ចចរចាប្រាក់ឈ្នួលកម្មករនៅ មិនទាន់មានការឯកភាពគ្នានៅទ្បើយ។ លោកថាសហជីពបានចុះតួលេខប្រាក់ឈ្នួលចរចា ប៉ុន្តែខាង ភាគីនិយោជក មិនព្រមតម្លើងតួលេខ។
ការលើកទ្បើងដូចនេះ បន្ទាប់ពីកិច្ចប្រជុំប្រាក់ឈ្នួលទ្វេភាគីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងនិយោជក និងសហជីព បានបញ្ចប់នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦នេះដោយពុំមានកិច្ចព្រមព្រៀង។ លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
បន្ទាប់មានកិច្ចប្រជុំទ្វេភាគី រវាង តំណាងនិយោជក និង សហជីព នៅក្រសួងការងាររយៈពេល ២ ថ្ងៃដោយបានបញ្ចប់ទៅនេះ តំណាងសហជីពមួយថា នៅតែមានតួលេខខ្វែងគំនិតគ្នានៅទ្បើយ គឺដោយសារបញ្ហានេះត្រួវយកទៅពិភាក្សា នាពេលឆាប់ៗខាងមុខនេះបន្តទៀត។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីFM102 នៅថ្ងៃនេះថា កិច្ចប្រជុំទ្វេរភាគីរវាងសហជីព និងនិយោជកនៅតែមានការខ្វែងគំនិតគ្នានៅ ទ្បើយ។ នៅមានការខ្វែងគំនិតគ្នានេះដោយលោកលើកទ្បើងថា ដោយសារភាគីខាងនិយោជកនៅតែរក្សាតួរលេខ ១៤៦,៣៧ ដុល្លារដូចកាលពីម្សិលមិញដដែល ខណៈខាងសហជីព ទម្លាក់តួរលេខពី ១៧៩.៦០ ដុល្លារ កាលពីម្សិលមិញ មកត្រឹម ១៧៧.៩៩ ដុល្លារ។
លោក អាត់ ធន់ បន្តថា ចំនួនតួលេខដែលខាងនិយោជកបានដាក់នេះគឺជាចំនួន នៅទាបនៅទ្បើយ ដោយមិនបានជួយសម្រួលឱ្យកម្មករ អាចរស់នៅបានដោយមានជីវភាពសមរម្យនោះទេ។
លោក អាត់ ធន់៖ «ខ្ញុំគិតថាចំនួនប្រាក់ហ្នឹងនៅទាបនៅទ្បើយដែល GMAC ហ្នឹងគឹគាត់មិនទាន់ផ្តល់ឱ្យដើម្បីកម្មករហ្នឹងអាចរស់នៅបាន បើយើងមើលទៅចំនួនដែលគាត់ឱ្យនៅទាបជាងអ្វីដែលពួកគាត់នៅមានលទ្ធភាពទៀត ព្រោះអានេះវាជាវិធីសាស្ត្ររបស់ខាងនិយោជក ខ្ញុំគិតថាខាងនិយោជក និងខាងរដ្ឋាភិបាលមិនគួរលាក់លៀមអីច្រើនពេកទេ ប៉ុន្តែត្រូវផ្តល់នូវអ្វីដែលជាការរស់នៅសមរម្យរបស់កម្មករ»។
លោក អាត់ ធន់ បញ្ជាក់ថា នៅថ្ងៃទី ២៦ ខាងមុខនេះ នឹងមានកិច្ចប្រជុំត្រីភាគីដែលមានរដ្ឋាភិបាលចូលរួមសម្របសម្រួលការចរចានេះ។ បន្ថែមពីនេះទៀត លោកអះអាងថាលោកនឹងរក្សាតួលេខ ១៧៧.៩៩ ដុល្លារទៅចរចាដដែល ហើយក៏ជាតួលេខចុងក្រោយយកទៅចរចាដែរ។
ទាក់ទងនឹងបញ្ហានេះដែរវិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបពី អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC លោក ខេន លូ នៅឡើយទេ។
សូមជំរាបថាបន្ទាប់ពីមានកិច្ចចរចាប្រាក់ឈ្នួលកម្មករ ជាច្រើនលើកច្រើនសារ មកនេះ រដ្ឋាភិបាល និងនិយោជកបានសម្រេចផ្ដល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករពី ១២៧ ដុល្លារ ដល់ ១៤០ ដុល្លារក្នុង១ខែ៕