ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី ០៦ ខែតុលា ឆ្នាំ២០១៥ នេះ ខាងនិយោជក និងសហជីពរបស់កម្មករ នៅតែបន្តចរចាប្រាក់ខែអប្បបរមារបស់កម្មករ ដោយជំនួបចរចានោះ ខាងនិយោជកបានដំទ្បើងពី ៣.៥ ភាគរយ ទៅ ៣.៧៥ ភាគរយ បន្ថែមពីលើប្រាក់ខែគោលរបស់កម្មករក្នុងឆ្នាំ២០១៥ ដែលមានចំនួន ១២៨ ដុល្លារ ក្នុងមួយខែ។ អាស្រ័យហេតុនេះ ប្រាក់ខែ គោលរបស់កម្មករសម្រាប់ឆ្នាំ២០១៦ ខាងមុខនេះ នឹងបានប្រមាណ ១៣៣ ដុល្លារ ប៉ុន្តែខាងសហជីពមិនអាចទទួលយកបានទេ។ ទោះយ៉ាងនោះក្ដី ខាងសហជីពកម្មករបាន បន្ថយការទាមទាររបស់ខ្លួនពី ១៦៨ ដុល្លារ មកត្រឹម ១៦៤ ដុល្លារដែរ។ ខាងសហជីពកម្មករ ថាបើការចរចាមិនត្រូវរ៉ូវគ្នាទេ នោះសហជីពនឹងជួបជាមួយកម្មករនៅថ្ងៃទី៧ ខែតុលា ស្អែកនេះ ។
ខណៈការចរចាលើប្រាក់ខែអប្បបរមារបស់កម្មករ សម្រាប់ឆ្នាំ២០១៦ នេះកំពុងប្រព្រឹត្តទៅ ភាគីពាក់ព័ន្ធក្នុងការចរចា បានបញ្ចេញឱ្យដឹងនូវតួលេខរបស់ខ្លួនរៀងៗខ្លួន។ ក្នុងការចរចាកាលពីថ្ងៃចន្ទ ទី០៥ ខែតុលា ម្សិលមិញនេះ ខាងសហជីពរបស់កម្មករបានដាក់ស្នើចំនួន១៦៤ ដុល្លារ ចំណែកខាងនិយោជកដាក់ស្នើចំនួន ៣.៧៥ ភាគរយ គឺស្មើនឹងប្រមាណ ១៣៣ ដុល្លារ យកមកធ្វើការចរចាបន្តនៅថ្ងៃអង្គារ ទី០៦ ខែតុលា នេះ។
លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បាននិយាយថា ចាប់តាំងពីមានកិច្ចចរចាតាំងពីថ្ងៃទី២៨ ខែកញ្ញា រហូតមកដល់ថ្ងៃទី០៥ ខែតុលាម្សិលមិញនេះ ការចរចានៅតែខ្វែងគំនិតគ្នាដដែល។
លោកបានបញ្ជាក់ផងដែរថា កន្លងមកនេះ ការចរចាប្រាក់ខែអប្បរមារបស់កម្មករ ខាងនិយោជកដាក់ស្នើចរចា ៣.៥ ភាគរយ ចំណែកខាងសហជីពរបស់កម្មករដាក់ស្នើ ១៦៨ ដុល្លារ។ លោកបន្តថា ដោយការចរចានោះមានការតឹងតែងដាក់គ្នានោះ កាលពីថ្ងៃទី ០៥ ខែតុលាម្សិលមិញនេះ ខាងនិយោជកសម្រេចដំទ្បើងពី ៣.៥ ភាគរយ ទៅ ៣.៧៥ ភាគរយ ស្មើនឹងប្រមាណជា ១៣៣ ដុល្លារ ក្នុង១ខែ រីឯខាងសហជីពរបស់កម្មករ បានបន្ថយពី ១៦៨ ដុល្លារ មកត្រឹម ១៦៤ ដុល្លារ ក្នុង១ខែ។
លោក អាត់ ធន់ បន្ថែមថា ការចរចានេះ លោកមិនរំពឹងថាវានឹងបានដូចការចង់បាន របស់ សហជីពរបស់កម្មករនោះទេ
«ការចរចាហ្នឹងគឺយើងមិនបានគិតថា វានឹងត្រូវរ៉ូវគ្នានោះទេ ហើយនៅថ្ងៃទី ០៧ ស្អែកនេះ សហជីពចាប់ផ្តើមមានការជួបជុំគ្នា នៅតាមរោងចក្រ ប្រហែល ៥០-៦០ កន្លែង ដើម្បីបង្ហាញពីជំហរទៅខាងក្រុមហ៊ុន រដ្ឋាភិបាល និងអ្នកបញ្ជា ទិញ ពីការចង់បានរបស់កម្មករនិយោជិតរបស់ពួកយើង អញ្ចឹងវាជាវគ្គចាប់ផ្តើមទី០១ ហើយបន្ទាប់ពីការជជែកពិភាក្សាគ្នាចប់ទៅ ប្រហែលជាសហជីព នឹងប្រជុំពិភាក្សាថានឹង ត្រូវធ្វើអ្វីបន្តទៀត។ នេះគ្រាន់តែជាការបង្ហាញរយៈពេល ខ្លីមួយនៅពេលដែល ស្ថានភាព ចរចាហ្នឹងមានការតឹងតែង»។
លោកបន្ថែមទៀតថានៅព្រឹកនេះដែរ ប្រសិនបើនៅតែមិនមានចំណុចរួមគ្នាទៀតនោះ នៅពេលល្ងាចនេះ ខាងក្រសួងការងារនឹងរៀបចំឱ្យមានការបោះឆ្នោត ឱ្យកំណត់យកតួលេខណាមួយ បន្ទាប់មកបញ្ជូនទិន្នន័យរកឃើញពីការចរចា និងពីអ្នកដែលស្រាវជ្រាវផ្សេងៗទៀត ទៅគណៈកម្មការប្រឹក្សាការងារ ដើម្បីប្រជុំសម្រេចប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៦ ខាងមុខនេះ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ លោក ខេន លូ មានប្រសាសន៍នៅរសៀលថ្ងៃទី៦ ខែតុលា នេះថា ភាគីរោងចក្រអាចដំឡើងប្រាក់ខែជូនកម្មករបានត្រឹមតែ ៤ ភាគរយប៉ុណ្ណោះ «ខាងនិយោជកគ្នាទ្បើងអស់លទ្ធភាពហើយ បានត្រឹមតែប៉ុណ្ណឹងទេ អញ្ចឹងចាំមើលដល់ស្អែកទៀត បើសហជីពនៅតែមិនចុះទៀត ឥឡូវមានតែធ្វើទៅតាមនីតិវិធី ចូលទៅលើកដៃ
បោះឆ្នោតដើម្បីសម្រេច»។
សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីថ្ងៃមានការចរចាប្រាក់ខែអប្បបរមាកម្មករ រហូតមកដល់ពេលនេះ ខាងនិយោជកបាន
ដំទ្បើងពី ៣.៥ ភាគរយ ទៅ ៣.៧៥ ភាគរយ ប្រមាណជា ១៣៣ ដុល្លារ ចំណែកឯសហជីពកម្មករបានបន្ថយពី ១៦៨ដុល្លារ មកត្រឹម ១៦៤ ដុល្លារ ដើម្បីធ្វើការចចារនៅថ្ងៃនេះ៕