ភ្នំពេញ៖ ប្រជាសហគមន៍មានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញមានដូចជា ពលរដ្ឋសហគមន៍បុរីកីឡា បឹងកក់ និងព្រលានយន្តហោះអេសអូអេស (SOS) ប្រមាណជាង ៣០ នាក់ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារនៅមុខធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីឱ្យធនាគារមួយនេះជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់អ្នកភូមិបឹងកក់ ដែលនៅសេសសល់ មិនទាន់បានទទួលដំណោះស្រាយពីអាជ្ញាធរ។
អ្នកស្រី អ៊ីម ស្រីទូច តំណាងពលរដ្ឋរងគ្រោះ ដោយសារការបណ្តេញចេញរបស់អាជ្ញាធរនៅតំបន់បឹងកក់ទាំងបង្ខំកាលពីឆ្នាំ ២០១០ បាននិយាយថា ការផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់បឹងកក់ បានធ្វើឱ្យពួកគេរងគ្រោះបាត់បង់ផ្ទះសម្បែង និងផលប្រយោជន៍យ៉ាងច្រើន។
អ្នកស្រីបានបន្ថែមទៀតថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់ទាមទារឱ្យធនាគារមួយនេះ ជួយជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យឆាប់ដោះស្រាយ វាស់វែងដីនៅតំបន់បឹងកក់ ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលដំណោះស្រាយឱ្យបានឆាបបំផុត ព្រោះធនាគារនេះបានផ្តល់ប្រាក់កម្ចីឱ្យរដា្ឋភិបាល។
ចំណែកអ្នកស្រី ស៊ា ណារ៉េត ជាបណ្តាញអតីតស្ត្រីបឹងកក់ និងជាតំណាងពលរដ្ឋរងគ្រោះ បានរៀបរាប់ដែរថា ក្រោយពីបាត់បង់លំនៅដ្ឋាននៅក្នុងតំបន់បឹងកក់ ដោយសារបបណ្តេញចេញរបស់អាជ្ញាធរ អ្នកស្រី បានជួបការលំបាកជាច្រើន ក្នុងការរស់នៅ ដូចជាកូនចៅត្រូវបាត់បង់ឱកាសទទួលបានសិក្សា គ្រួសារបែកបាក់គ្នាជាដើម។
បន្ទាប់ពីប្រជាពលរដ្ឋបាននាំគ្នាតវ៉ា អស់រយៈពេលជិតមួយព្រឹក លោក រស់ ស៊ីវណ្ណារ៉ា ជាបុគ្គលិកផ្នែករដ្ឋបាលធនាគារ ពិភពលោកប្រចាំកម្ពុជា បានចេញមកទទួលញត្តិពីប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា នឹងយកទៅថ្នាក់លើធ្វើការដោះស្រាយ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋដែលបានមកតវ៉ានៅព្រឹកនេះ បានឱ្យដឹងថា ធនាគារពិភពលោកនឹងជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជានៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា គឺនៅសប្តាហ៍ក្រោយនេះ ហើយក្រុមអ្នកតវ៉ាទាំងនោះបានអះអាងថា ប្រសិនបើនៅតែគ្មានដំណោះស្រាយ ពួកគេនឹងបន្តធ្វើការតវ៉ានៅខាងមុខធនាគារពិភពលោកតទៅទៀត នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយ៕