ភ្នំពេញ៖ បន្ទាប់ពីតុលាការរាជធានីភ្នំពេញ សម្រេចបើកសវនាការជុំនុំជម្រះពេញអង្គ តាមពាក្យបណ្ដឹងរបស់ មន្ដ្រីតុលាការពីររូបនៅខេត្តសៀមរាបដែលប្ដឹង លោក នី ចរិយា ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈរួចមក នៅថ្ងៃនេះ អតីតមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុករូបនេះបានសម្រេចប្ដឹងទាស់ភ្លាមៗ ទៅសាលាឧទ្ធរណ៍ ដើម្បី សុំប្ដូរចៅក្រម ដែលលោកសំអាងថា ចៅក្រមដំបូងរាជធានីភ្នំពេញធ្វើការជុំនុំជម្រះ ដោយគ្មានដើមបណ្ដឹងចូលរួម។
ទាក់ទងនឹងបញ្ហានេះ ចៅក្រម តុលាការរាជធានីភ្នំពេញច្រានចោល ហើយសម្រេចលើកពេលជុំនុំជម្រះ ទុកពេលអោយ លោក នី ចរិយា ប្ដឹងដិតចិត្តចៅក្រមរយៈពេលមួយខែ។ កញ្ញា ជុំ ជោគ ជាតា រាយការណ៍ព័ត៌មានលម្អិត៖
លោក នី ចរិយា បានពន្យល់លើអង្គហេតុបីសំខាន់ដូចនេះ៖« ទីមួយ. តុលាការដំបូងរាជធានីភ្នំពេញសម្រេចជុំនុំជម្រះដោយគ្មានវត្តមានដើមបណ្ដឹង។ ទីពីរ. ពាក្យបណ្ដឹងរបស់លោក នី ចរិយា ដែលប្ដឹងដើមបណ្ដឹងពីមុនមកមិនទាន់បានដោះស្រាយ។ ទីបី. តុលាការដំបូងរាជធានីភ្នំពេញធ្វើខុសពីនីតិវិធីជុំនុំជម្រះ បើយោងតាមមាត្រា ៣៤៦ និង២២៦ នៃក្រមរដ្ឋប្បវេណី»។
លោក នី ចរិយា បញ្ជាក់ថា អ្វីដែលមន្ត្រីតុលាការខេត្តសៀមរាបប្ដឹងរូបលោកគឺលោកមិនអាចទទួលយកបានឡើយ ។
លោក នី ចរិយា៖ « ខ្ញុំ នឹងបកស្រាយការចោទប្រកាន់នេះ អោយសារធារណជនដឹង ព្រោះថា ខ្ញុំចង់ជួបដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីបង្ហាញអំពីភាពស្អាតស្អំ ក្នុងការជួយជនក្រីក្រ ជួយប្រជាជនក្រីក្រតែប៉ុណ្ណឹងទេ»។
មន្ត្រីតុលាការខេត្តសៀមរាបដែលប្ដឹងលោក នី ចរិយា ពីបទបរិហារនោះមាន លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ។
លោក នី ចរិយា បានចោទប្រកាន់ពួកគាត់ទាំង២ មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ ក្នុងការចោទប្រកាន់ និងចាប់ខ្លួនអ្នកភូមិពីរនាក់ ដាក់ពន្ធនាគារចំពោះការតវ៉ាប្រឆាំង ក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិចោទថា បានព្យាយាមរឹបអូសយកដីស្រែ របស់ពួកគាត់ដោយខុសច្បាប់។
ការប្ដឹងដិតជិតសុំប្ដូរចៅក្រមភ្លាមៗ នៅក្នុងសវនាការនេះ គឺធ្វើឡើងបន្ទាប់ពីមេធាវី លោក នី ចរិយា ស្នើសុំចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ គឺលោក ឃី ឆៃ មិនយល់ព្រមពន្យាពេលនីតិវិធីជុំនុំជម្រះ ដើម្បីរង់ចាំវត្តមានដើមបណ្ដឹង តាមការស្នើសុំ ពី មេធាវី។
តែទោះជាយ៉ាងណាក្រោយពីការជជែកដេញដោល អស់រយៈពេលប្រមាណជា១៥នាទីរួចមក លោក ឃី ឆៃ បានសម្រេចឲ្យមានបណ្តឹងដិតចិត្ត និងលើកពេលសវនាការជុំនុំជម្រះ ដោយទុករយៈពេលមួយខែ រង់ចាំការសម្រេចពីសាលាឧទ្ធរណ៍។
ទាក់ទងនឹងរឿងនេះ លោក សំ សុគង់ មេធាវី លោក នី ចរិយា បានបញ្ជាក់បន្ថែមប្រាប់វិទ្យុស្ដ្រី តាមរយៈទូរស័ព្ទនៅថ្ងៃនេះ ថា ការដែលកូនក្ដី ប្ដឹងដិតចិត្តចៅក្រម ដោយសំអាងហេតុដូចនេះ៖«ទាក់ទងនឹងមូលហេតុដែលលោក នី ចរិយា ប្ដឹងដិតចិត្តចៅក្រមហ្នឹង គឺ មូលហេតុពីរសំខាន់ ទីមួយអវត្តមានដើមបណ្ដឹងរប្បវេណី នៅពេលសវនាការ ហើយលោក នី ចរិយា ស្នើសុំអោយចៅក្រមជុំនុំជម្រះហ្នឹង ធ្វើការកោះហៅដើមបណ្ដឹងតាមនីតិវិធីច្បាប់ ហើយចំនុចទីពីរលោក នី ចរិយា រង់ចាំស្ថានប័នបី ដែលមានស្ថាប័នក្រសួងយុត្ដិធម៌ ស្ថាប័នឧត្ដមក្រុមប្រឹក្សានៃអង្គ ចៅក្រម ហើយនិងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឆ្លើយតបនឹងពាក្យបណ្ដឹងរបស់គាត់»។
ពលរដ្ឋសហគមន៍បឹកក់ និងបុរីកីឡា បានមកតវ៉ានៅពីមុខតុលាការដំបូងរាជធានីភ្នំពេញដោយ ស្រែកទាមទាររកយុត្ថិធម៌ជូនលោក នី ចរិយា ហើយសុំអោយតុលាការដំបូងរាជធានីភ្នំពេញទម្លាក់ការចោទប្រកាន់ និងដោះលែងអោយលោក នី ចរិយា មានសេរីភាពឡើងវិញ។
អ្នកស្រី ទេព វន្នីថា ៖« ចា៎ សម្រាប់ការយល់ឃើញពួកខ្ញុំ ពួកខ្ញុំអត់គាំទ្រទេ ការដែលតុលាការចាត់វិធានការបែបនេះ ព្រោះអីវាជារឿងអយុត្ដិធម៌ណាស់ រឿងដែលតុលាការត្រូវចាត់វិធានការ …»។
លោក នី ចរិយា ក្រៅពីរងការចោទប្រកាន់ពីមន្ដ្រីតុលាការខេត្តសៀមរាប លោកក៏នូវមានការចោទប្រកាន់ និងឃុំខ្លួ នៅស្នងការរដ្ឋានរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង ករណីនាងខុមចាន់តារាទី ហៅស្រីមុំ ផងដែរ៕