សភាអាមេរិក អនុម័តផ្ដល់ជំនួយអោយកម្ពុជា ជាង៨៥លានដុល្លារ ដោយមានចំណងលក្ខខណ្ឌ ការគោរពសិទិ្ធមនុស្ស លើកស្ទួយលទិ្ធប្រជាធិបតេយ្យ និងត្រូវប្រឆាំងការជ្រៀតជ្រែកប្រទេសចិន។ តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិក រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារអាមេរិក នៅអំឡុងឆ្នាំ២០២១។
សំណើកញ្ចប់ថវិកាប្រចាំឆ្នាំរបស់អាមេរិកនេះទើបត្រូវសភាអាមេរិកអនុម័តកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ល័ក្ខខ័ណ្ឌក្នុងជំនួយអាមេរិកមកកម្ពុជាដែលអាចជាទឹកប្រាក់មិន ៨៥ លានដុល្លាអាមេរិក គឺ២ចំណុចធំៗគឺ៖
១) ពង្រឹងសន្ដិសុខនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសលើជម្លោះអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង និងការចូលរួមអនុវត្តទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើង។ ប្រកាសអធិបតេយ្យភាពរបស់ខ្លួនតទល់នឹងការជ្រៀតជ្រែករបស់សាធារណរដ្ឋប្រជាមានិតចិន ដោយរួមបញ្ចូលទាំងផ្ដល់នូវការរក្សាដែលអាចផ្ទៀងផ្ទាត់បាននូវអព្យាក្រឹតភាពនៃមូលដ្ឋានសមុទ្ររាម និងមូលដ្ឋានយោធាដទៃទៀតក្នុងប្រទេសកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធទ្វេបំណងនៅគម្រោងអភិវឌ្ឍន៍តារាសាគរ។
២) បញ្ឈប់រាល់អំពើហិង្សា និងការបៀតបៀនយាយីលើសង្គមស៊ីវិល និងក្រុមជំទាស់ផ្នែកនយោបាយនៅកម្ពុជា និងទម្លាក់ចោលនូវបទចោទព្រហ្មទណ្ឌដែលមានចរិតនយោបាយប្រឆាំងនឹងក្រុមជនដែលហ៊ានរិះគន់រដ្ឋាភិបាល។ គោរពសិទ្ធិ សេរីភាព និងករណីកិច្ច ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៣។
នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយដល់កម្ពុជាជាង១២៨លានដុល្លារ ក្នុងនោះក៏បានផ្តល់១១លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្រាប់ខែធ្នូនេះ អាមេរិកក៏បានផ្តល់ជំនួយដល់កម្ពុជាចំនួនជាង៦៦លានដុល្លារ។ ដោយឡែក គិតតាំងពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៩ អាមេរិកបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមាណ១ពាន់៥រយលានដុល្លារ ។
វិស័យសំខានៗដែល ទទួលបានជំនួយពីសហរដ្ឋអាមេរិក គឺវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះផងដែរ។ ប៉ុន្តែសម្រាប់ ការពង្រឹងប្រជាធិបតេយ្យ និងក្រោយពី បក្សប្រឆាំងនៅកម្ពុជា ត្រូវបានរំលាយ សហរដ្ឋអាមេរិក បានសម្រេច ចេញដំណោះស្រាយជាច្រើន ក្នុ្ងងនោះមានទាំងការបង្កកទ្រព្យសម្បត្តិនិងបិទទិដ្ឋាការរបស់មន្រ្តី និង អ្នកជំនួញដែលមាននៅលើទឹកអាមេរិក។ តែបែបនេះ ក្ដីសម្រាប់ មន្ត្រី បក្សកាន់អំណាចនៅកម្ពុជាតែងតែចាត់ទុកកម្ពុជា ជារដ្ឋអធិបតេយ្យ ដោយពុំចំណុះប្រទេសណាមួយឡើយ ។ ចំណែកការផ្ដល់ជំនួយ គឺជាផ្នែកដែលកម្ពុជាស្វាគមន៍ តែមិនត្រូវ អោយកម្ពុជា ជាចំណុះ ឬ គាបសង្កត់កម្ពុជាឡើយ៕