ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនមែនជារឿងដែលគួរឲ្យបារម្ភទេ តែសម្តេចព្រួយរឿងស្ពឹកស្រពន់របស់មន្រ្តីរាជការ ក្នុងការអនុវត្តការងារពង្រឹងលទ្ធភាពរបស់ខ្លួន។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ក្នុងឱកាសដែលសម្តេចបានអញ្ចើញសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលរស់នៅតំបន់អឺរ៉ុប និង ពលរដ្ឋដែលរស់នៅប្រទេសស្វីសជាង ១២០០នាក់ សម្ដេចបានថ្លែងបញ្ជាក់អំពី ករណីប្រព័ន្ធអនុគ្រោះពន្ធEBA ដែលសម្ដេចថា មានក៏បាន ហើយអត់ក៏បានគឺមិនស្លាប់ទេ។
សម្តេច បន្តថា ការបាត់បង់ EBA មិនបានធ្វើឲ្យកម្ពុជាស្លាប់ ហើយមានEBA ក៏មិនធ្វើឲ្យកម្ពុជាមានបានដែរ ដែលសម្តេចថា កម្ពុជាមិនឱនក្បាលដាច់ខាត ដោយយកអធិបតេយ្យភាពដូរជាមួយពន្ធអនុគ្រោះ។
សម្តេច ហ៊ុន សែន៖ ធ្វើយ៉ាងណាធានាថាប់ើទោះបីជាមានរឿងអ្វីកើតឡើងលើសេដ្ឋកិច្ចកម្ពុជា គឹមិនត្រូវបានដួលរលំ ខ្ញុំបានបញ្ជាក់ហើយ បើមាន EBA ក៏មិនធ្វើឲ្យកម្ពុជាមានដែរ ហើយបើមិនមានក៏កម្ពុជាមិនស្លាប់ដែរ។ ហើយកម្ពុជាដាច់ខាតមិនឱនក្បាលយកអធិបតេយ្យទៅដូរនឹងពន្ធអនុគ្រោះដែរ។
សម្តេច បន្តថា រឿងបាត់បង់EBA មុននិងក្រោយកម្ពុជាគង់តែនឹងបាត់បង់នៅពេលដែលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ប៉ុន្តែអ្វីដែលគួរបារម្ភបញ្ហានៅខាងមុខគឺភាពស្ពឹកស្រពន់របស់មន្រ្តី។
សម្តេច ហ៊ុន សែន៖ ហើយយើងត្រូវប្រឹងខ្លួនឯងមួយជាពីរ រឿង EBA មិនមែនជាបញ្ហាទេ តែយើងបារម្ភពីបញ្ហាមន្រ្តីស្ពឹកស្រពន់។
សម្តេច បានបញ្ជាក់ទៀតថា ប្រទេសនៅអាហ្វ្រិកមួយចំនួនមិនយកទទួលការអនុគ្រោះពន្ធនោះទេ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឲ្យមានការផ្អាកបណ្តោះអាសន្ននូវប្រព័ន្ធពន្ធអនុគ្រោះនេះ។ ប្រព័ន្ធ EBA នេះត្រូវបានសហភាពអឺរ៉ុបបានសម្រេចពិចារណាដកចេញពីកម្ពុជា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានន័យថាបក្សកាន់អំណាចបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
តែតម្លៃខ្លួន EBA សម្រាប់កម្ពុជាគឺមានជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ បើកម្ពុជាបង់ពន្ធចូលទីផ្សារអឺរ៉ុប។
អ្នកជំនាញសេដ្ឋកិច្ចនិងអ្នកសិក្សាសង្គមព្រមានថា បើ EBA បាត់មែននោះ គឺជាការកាត់បន្ថយអត្ថប្រយោជន៍របស់ពលរដ្ឋខ្មែរ ជាពិសេស កម្មករខ្មែរភាគច្រើនជាស្ត្រី ដល់ជិត៨០ម៉ឺននាក់ និងប៉ះពាល់ប្រយោជន៍គ្រួសារពួកគេជិត២លាននាក់។ អ្នកវិភាគថា EBA ក៏ជាឆ្នាំងបាយរបស់កម្មករដែរ។ រយៈពេល៦ខែទៀត ប្រព័ន្ធ EBA នឹងត្រូវផ្ដាច់ពីកម្ពុជា។
តែសហភាពអឺរ៉ុបដាក់កំហិតអោយកម្ពុជា មកការពារ EBA មានតែមួយខែគឺពាក់កណ្ដាលខែសីហា ដល់ពាក់កណ្ដាលខែកញ្ញាឆ្នាំ២០១៩។
ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ ខែ គិតចាប់ផ្តើមពីថ្ងៃទី ១២ ខែ កុម្ភៈឆ្នាំ ២០១៩ ទៅ រហូតដល់ចូលជាធរមាន។ ពោលនៅសល់តែ ១ ឆ្នាំទៀតប៉ុណ្ណោះដែលកម្ពុជាអាចនាំចូលទំនិញដោយឥតគិតថ្លៃពន្ធ។
រដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែនបានចាត់ទុកថាការសម្រេចចិត្តនេះគឺជារឿងអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណាសម្តេច បានដាក់ចេញនូវយន្តការផ្សេងៗទៀតដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធពន្ធអនុគ្រោះនេះផងដែរ។
គួររម្លឹកថា ថ្មីនេះៗ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តីធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី-FTA លើការដោះរបាំងពន្ធលើមុខទំនិញ ៩៩ ភាគរយក្នុងការនាំចូលទំនិញវៀតណាម ខណៈដែលកម្ពុជាត្រូវបានសហភាពអឺរ៉ុបចាប់ផ្តើមបើកនីតិវិធីក្នុងការពិគ្រោះយោបលើជាផ្លូវការលើបញ្ហានេះ។
អ្នកសេដ្ឋកិច្ចគិតថា វៀតណាមអាចនឹងស្រូបវិនិយោគទុនបរទេស ពីកម្ពុជាក្រោមប្រព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយសហភាពអឺរ៉ុប៕