ភ្នំពេញ៖ បន្ថែមពីលើលិខិតបំភ្លឺរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្ញើទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជុំវិញករណី ការផ្អាក ឬកាត់កាត់ជំនួយរបស់សហរដ្ឋអាមេរិកមកកម្ពុជានោះ សម្តេច ហ៊ុន សែន នៅថ្ងៃនេះបាន បន្ទរបន្ថែមថា ការប្រកាសកាត់ជំនួយរបស់អាមេរិក គឺអាចធ្វើពលរដ្ឋខ្មែរមានការភ័ន្តច្រលំ ព្រោះជំនួយរបស់អាមេរិកបានបញ្ចប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករជាង ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅថ្ងៃទី០៣ មីនានេះ សម្តេចក៏ចាត់ទុកការប្រកាសផ្អាក ឬកាត់ជំនួយរបស់អាមេរិកគឺជាការបង្ខូចកេរ្តិ៍របស់កម្ពុជាផងដែរ។
ប្រសាសន៍សម្តេច ហ៊ុន សែន
កាលពីថ្ងៃម្សិលមិញ អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរលិខិតមួយច្បាប់ជាភាសា អង់គ្លេស ជូនទៅដល់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាកចិត្តជាខ្លាំង ជុំវិញការប្រកាសរបស់អាមេរិកផ្អាកជំនួយមកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយចោទថាអគ្គនាយកដ្ឋានពន្ធដារបានចូលរួមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។
លិខិតដដែលរបស់អគ្កនាយកដ្ឋានពន្ធដារបានបំភ្លឺថា ការផ្តល់ជំនួយរបស់អាមេរិកបានបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។ ប៉ុន្តែ សហរដ្ឋអាមេរិកបែរជាមកប្រកាសចេញនូវការកាត់ផ្តាច់នេះម្តងទៀតនាពេលថ្មីៗនេះ ដែលបង្កឲ្យមានយល់ច្រឡំជាសាធា រណៈថា អាមេរិកនៅតែបានផ្តល់ជំនួយដល់អគ្គនាយកដ្ឋានពន្ធដាររហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងលិខិតនោះ លោក គង់ វិបុល នោះអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានស្នើសូមស្ថានទូតអាមេរិកគួររៀនមើលសភាពការណ៍ពីកម្ពុជា និងសូមកុំនិយាយបំភ្លើសនាំឲ្យមានការបកស្រាយខុសរឿង ប៉ះពាល់ដល់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ កុម្ភៈកន្លងទៅនេះ ស្ថានទូតសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសារព័ត៌មាន ស្តីពីការកាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាក ឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។
តែយ៉ាងណាសហរដ្ឋអាមរិក ក៏នឹងបន្តគំរោងជាច្រើនក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចជាគំរោងក្នុងវិស័យសុខាភិបាល កសិកម្ម ការដោះមីន ការជំរុញសង្គមស៊ីវិល និងផ្នែកចាំបាច់ដទៃទៀតផងដែរ។
ជាការកត់សម្គាល់ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើជាដៃគូអភិវឌ្ឍន៍គិតជាទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារ ក្នុងការលើកស្ទួយការលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យនៅកម្ពុជា៕