ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កងកម្លំាងនគរបាលដែលបង្រ្កាបក្រុមចលនាប្រដាប់អាវុធដោយឃាត់ខ្លួន៩នាក់ និងអាវុធ៣០ដើម។
យោងតាមគណនីហ្វេសប៊ុកសម្តេច ស ខេង បង្ហោះកាលពីថ្ងៃទី ២ កញ្ញា បញ្ជាក់ថា ការបង្រ្កាបក្រុមប្រដាប់អាវុធអនាធិបតេយ្យកាលពីថ្មីនេះ ក្រសួងមហាផ្ទៃផ្តល់ថវិកា ៥ ម៉ឺនដុល្លារដល់កម្លំាងនគរបាល ដើម្បីជាការលើកទឹកចិត្ត។
ក្នុងគណនីហ្វេសប៊ុក សម្តេច ស ខេង បន្ថែមថា កងកម្លំាងនគរបាលជាតិបានឃាត់មនុស្សចំនួន ៩ នាក់ និងអាវុធ ៣០ ដើម និងគ្រឿងផ្ទុះមួយចំនួនទៀត ត្រូវបានរឹបអូសនៅក្នុងការបង្រ្កាបក្រុមប្រដាប់អាវុធអនាធិបតេយ្យនៅរាជធានីភ្នំពេញ និងនៅខេត្តកំពត ពោធិ៍សាត់។
បើតាមរបាយការណ៍នគរបាលឱ្យដឹងថា អាវុធដែលរឹមអូសមានប្រភេទកំាភ្លើងអាកាស្វាយបត់ចំនួន២៨ ដើម។ក្នុងនោះអាវុធ ២៥ ដើមត្រូវជនសង្ស័យកប់លាក់នៅក្នុងដីស្ថិតនៅសង្កាត់ពន្សំាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យលាក់ពីរដើមនៅខេត្តកំពត និង មួយដើមទៀតលាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យ ៩នាក់ ត្រូវបានអយ្យការសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យទំាងនោះ ត្រូវបានចោទប្រកាន់ពីបទរៀបចំចាត់តំាងក្រុមប្រដាប់អាវុធសន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា ៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។នេះបើតាមអ្នកនំាពាក្យសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ លោក ធូ វីរៈ