ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន លើកឡើងថា សម្តេចសាទរដែលគណបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំក្នុងរដ្ឋសភានៅព្រឹកថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧នេះ។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (បី) ដើម្បីវិលត្រឡប់ទៅប្រើប្រាស់ប្រការ ៤៨(ពីរ)វិញ។
សម្តេចបន្តដោយវាយប្រហារលើបក្សប្រឆាំងថា ការដែលគណបក្សសង្គ្រោះជាតិមិនព្រមចូលរួមប្រជុំរដ្ឋសភាបែបនេះ គឺជាទង្វើខ្វះការទទួលខុស ត្រូវក្នុងនាមជាអ្នកតំណាងរាស្ត្រ។ យ៉ាងណាសម្តេចបានព្រមានថា ប្រសិនបើគណបក្សនៅតែមិនចូលរួមប្រជុំរដ្ឋសភា ហើយដើរនិយាយថា សភាកម្ពុជាជាសភាទឹកកន្លះក្អមទៀតនោះ នោះសម្តេចនឹងកាត់ប្រាក់ខែអ្នកតំណាងរាស្ត្របក្សប្រឆាំង។
សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមតំណាងរាស្ត្រចំនួន ៥៥រូប កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការប្រកាសដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ។
សម្តេចថា ប្រការនេះបាន ធ្វើឱ្យពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលា ការជាដើម។
យ៉ាងណាមិញ គណបក្សសង្គ្រោះជាតិដែលបានពហិការមិនចូលរួមប្រជុំរដ្ឋសភា ក៏បានធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលបក្សរបស់ខ្លួនផងដែរ ដើម្បីបកស្រាយការមិនព្រមចូលប្រជុំសភានេះ៕