ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទៅអង្គទូតមួយចំនួនប្រចាំនៅកម្ពុជា កុំឲ្យយកជំនួយមកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ករណីអគ្គលេខាធិការរង គ.ជ.ប ម្នាក់កំពុងជាប់ឃុំក្នុងសំនុំរឿងសមគំនិតសូក ប៉ានសាក្សី ក្នុងរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ ថាជាឧបសគ្គសម្រាប់ចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី។ចំណែកសង្គមស៊ីវិលធ្វើការលើកិច្ចការបោះឆ្នោតនៅកម្ពុជាយល់ថា សារព្រមានរបស់នាយករដ្ឋមន្ត្រីមិនធ្វើឱ្យប៉ះពាល់ឆន្ទៈរបស់ប្រទេសផ្ដល់ជំនួយឡើយ។
ស្ថិតក្នុងស្ថានភាពមួយមើលទៅខឹងយ៉ាងខ្លាំងលើលោក កឹម សុខា ដែលរិះគន់ថា បក្សកាន់អំណាចកំពុងភ័យខ្លាចការចាញ់ ឆ្នោតខាងមុខនេះ សម្ដេចនាយករដ្ឋមន្ត្រីបានហៅមេបក្សប្រឆាំងសង្ងំជ្រកកោនមួយនេះ ថា «អាគុក» ហើយនៅពេលជាមួយគ្នានេះ សម្ដេចបានវាយប្រហារលើអង្គទូតនានាថា ចេះឈឺឆ្អាលរឿង កម្ពុជាដោយមិនបានគិតពីមូលដ្ឋានច្បាប់របស់កម្ពុជា។ សម្ដេចថា កុំគាបសង្កត់កម្ពុជាដោយសារយកលេស ផ្ដល់ជំនួយក្នុងកិច្ចការបោះឆ្នោតនៅកម្ពុជា ហើយករណីមន្ត្រី គ.ជ.ប ម្នាក់គឺមិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះបញ្ជីបោះឆ្នោតថ្មីឡើយ។ សម្តេច ហ៊ុន សែន៖«ខ្ញុំលឺសូសំឡេងថា មានការកង្វល់ខ្លាចចុះឈ្មោះបោះឆ្នោតមិនបាន អត់ទេ អ្នកជាប់គុកក៏ជាប់គុកទៅ អ្នកនៅក្រៅគុកគេចុះឈ្មោះ កុំឆ្ងល់ពែក កុំពិបាកពេក ហើយកុំប្រើប្រាស់ជំនួយ ដើម្បីមកសង្កត់ថាមិនចុះឈ្មោះបាន អាហ្នឹងសុំនិយាយត្រង់សាជាថ្មី ដើម្បីបញ្ជាក់អំពីគោលជំហរកម្ពុជា កុំថាកម្ពុជា អ្វីៗពឹងគេ បើជួយក៏ជួយមក បើមិនជួយក៏ហីទៅកុំបាច់និយាយច្រើនពេក»។
សម្តេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នៅ រាជធានីភ្នំពេញ។
លោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប និងជាអតីតមន្ត្រីជាន់ការពារសិទ្ធិមនុស្សសមាគមអាហុងកំពុងឃុំខ្លួននៅមន្ទីរ ឃុំឃាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីសមគំនិតឱ្យមានការសូកប៉ាន់កញ្ញា ខុម ចាន់តារ៉ាទី ក្នុងសំនុំរឿងមួយដែលគេថាជារឿងនយោបាយ ។
ចំណែកលោក រ៉ុង ឈុន ជាសមាជិក គ.ជ.ប ម្នាក់ទៀតក៏កំពុងរងការហៅចូលខ្លួនសវនាការ ករណីហិង្សា នៅផ្លូវវែងស្រែង កាលពីឆ្នាំ ២០១៤ ខណៈកម្មករធ្វើបាតុកម្មតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករសមរម្យ។
ស្របពេលសម្ដេចនាយករដ្ឋមន្ត្រីថ្លែងដូចនេះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានស្នើសុំឲ្យសហគមន៍អឺរ៉ុបបន្តជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបានគ្រប់ភាគី។ លោក កឹម សុខា៖«តាមរយៈលោកស្រីឯកអគ្គរាជទូតប្រចាំកម្ពុជា ខ្ញុំបានស្នើសហគមន៍អឺរ៉ុប បន្តជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបានគ្រប់ភាគី»។
ការស្នើសុំនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីស្ថានការនយោបាយកម្ពុជារវាង លោក កឹម សុខា ជាមួយ លោកស្រី អាណា ម៉ាច ហ៊ុលហ្កាដ (Anna Maj Hultgård) ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំព្រះរាជាណាចក្រ កម្ពុជា(Kingdom of Sweden) នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ មួយនៅព្រឹកថ្ងៃទី ២៩ ខែ មិថុនានេះ។
យ៉ាងណាក៏ដោយសារព្រមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចនេះ ទោះបីមិនមែនជារឿងចំលែកតែជាការព្រមានមួយដល់សហគមន៍អន្តរជាតិឱ្យមានការប្រុងប្រយ័ត្ន ចំពោះការចូលពាក់ព័ន្ធ រឿងនយោ បាយជាមួយប្រទេសកម្ពុជា។
អង្គការសង្គមស៊ីវិលមួយចំនួន ឃាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាយល់ឃើញថា សារព្រមានរបស់សម្តេចទៅលើម្ចាស់ជំនួយ ធ្វើឡើងដោយមិនសមហេតុផល ប៉ុន្តែទំនងមិនប៉ះពាល់ដល់ឆន្ទះម្ចាស់ជំនួយឡើយ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថា ខមហ្វ្រេល មានប្រសាសន៍ថា រាជរដ្ឋាភិបាលគួរតែបង្ហាញឆន្ទះចង់សហការជាមួយម្ចាស់ជំនួយទាំងនោះ គឺមិនគួរថ្លែងសារព្រមានធ្ងន់ៗដោយមិនសមហេតុផលនោះទេ។ លោកថា រាជរដ្ឋាភិបាលគួរពង្រឹងកិច្ចសហប្រតិបត្តិការណ៍ឲ្យបានល្អជា មួយម្ចាស់ជំនួយអឺរ៉ុប និងជប៉ុន ព្រោះដើម្បីធានានូវការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌ នៅពេលបោះឆ្នោត ឆ្នាំ ២០១៧ និង ២០១៨។ លោក គល់ បញ្ញា៖«លើកទឹកចិត្តឲ្យពង្រឹងកិច្ចសហប្រតិបត្តិការណ៍និងទៅ កុំឲ្យប្រតិកម្មដោយខ្វះហេតុ យើងយកហេតុផល ហៅថា អារម្មណ៍យើងខឹងសម្បា វាអត់ត្រឹមត្រូវទេ។ យើងត្រូវយកគោលការណ៍ យកគោលនយោបាយ ការសហការណ៍ជាធំ ជជែកជាមួយរកការដោះស្រាយឲ្យបានត្រឹមត្រូវ ព្រោះស្តង់ដាការបោះឆ្នោតអន្តរជាតិដូចនិយាយអញ្ចឹង មិនរឿងជួយបច្ចេកទៅ ឲ្យគេបិទមាត់ គឺគេឲ្យយោបល់ ឲ្យមតិ ហើយសំខាន់គេបរិយាកាសបោះឆ្នោតវាបានត្រឹមត្រូវ»។
នាយកប្រតិបត្តិអង្គការខមហ្វ្រេលរូបនេះ នៅតែមានសុទិដ្ឋិនិយមថា ករណីលោក នី ចរិយា និងលោក រ៉ុង ឈុន គឺបានបង្កឲ្យមានភាពភ័យខ្លាចអំពីសុវត្តិភាពក្នុងការប្រកបវិជ្ជាជីវៈក្នុងស្ថាប័ន គ.ជ.ប។ លោកថា ករណីនេះ ហើយដែលសង្គមស៊ីវិលបារម្ភអំពីដំណើរការចុះឈ្មោះបោះឆ្នោត។
រីឯលោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច យល់ថា សារព្រមានរបស់សម្តេចទំនងជាមិនប៉ះពាល់ដល់ម្ចាស់ជំនួយនោះទេ។ លោក សម គន្ធាមី បន្ថែមថា តាមការអង្កេតរបស់ម្ចាស់ជំនួយធំៗគឺ អឺរ៉ុប និងជប៉ុន មិនបានលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ស្ថាប័ន គ.ជ.ប តែពួកគេសម្តែងក្តីបារម្ភអំពីស្ថានភាពនយោបាយ និងបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះ។ លោក សម គន្ធាមី យល់ថា៖«តាមពិតម្ចាស់ជំនួយគេគ្រាន់តែពិនិត្យអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយទេ។ គេបារម្ភថា បើសិនទិដ្ឋភាពនយោបាយ វាអាចមានការរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភខាងនយោបាយ បានគេគ្រាន់តែឲ្យជាអនុសាសន៍ គេអត់បានជ្រៀតជ្រែកអ្វីចូលផ្ទៃក្នុងការងារ គ.ជ.ប កន្លងមកខ្ញុំពិនិត្យឃើញអញ្ចឹង»។
ទោះបីយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អង្គទូតមួយចំនួនប្រចាំនៅកម្ពុជា កុំបារម្ភអំពីដំណើរចុះឈ្មោះឆ្នោត ។ សម្ដេចថា កម្ពុជាមានការទទួលខុសត្រូវដែរ។ សម្ដេចប្រើពាក្យថា ហ៊ានស៊ី ហ៊ានសង។
ប្រទេសជប៉ុនបានប្រកាសផ្ដល់ជំនួយកុំព្យូទ័រជាង ៣០០០គ្រឿង ហើយសហភាពអឺរ៉ុបជួយ ១៥០០គឿង និងជំនួយជាថវិកាជាង ១០លានដុលា្លរ។ ការចុះបោះឆ្នោតលើកនេះ ដែលចាប់ផ្ដើមពីថ្ងៃទី ១ កញ្ញាខាងមុខនេះ គឺធ្វើដោយប្រព័ន្ធកុំព្យូទ័រ និងការផ្ដិតស្នាមមេដៃទៀតផង៕