ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសដែលក្នុងវេទិកានេះ កម្ពុជា នឹងបង្ហាញ ឯកសារ សារណាមួយ ក្រោមចំណងជើងថា«កម្ពុជាជាផ្កាយកំពុងរះរបស់អាស៊ាន»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា កាលថ្ងៃទី១២ មករា សម្ដេចមានគំរោងទៅប្រទេសស្វិស គឺតាមការអញ្ចើញ របស់លោកសាស្ដ្រាចារ្យ ក្លូស ស្វាប់ (Klaus Schwab) ស្ថាបនិកនិងជាប្រធាន ប្រតិបត្តិវេទិកា សេដ្ឋកិច្ចពិភពលោក។
សេចក្តីជូនដំណឹងនេះបានឱ្យដឹងថា វេទិកានេះប្រព្រឹត្ត ទៅក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធពិភពលោកប្រឈមមុខ នឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»។ បើតាមហ្វេសរបស់នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី១៥មករា នេះ ហើយវេទិកានេះ ប្រព្រឹត្តពីថ្ងៃទី១៧ដល់ថ្ងៃទី២០មករា។
តែបើតាមសេចក្តីជូនដំណឹង កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅឆ្នាំនេះហើយ សម្តេច ហ៊ុន សែន នឹងឆ្លៀតយកឱកាស វេទិកា នេះ ដើម្បីបង្ហាញពីអាស៊ាននិងផ្សព្វផ្សាយ ពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយ ដែលមានចំណងជើងថា “កម្ពុជា ផ្កាយកំពុងរះរបស់អាស៊ាន“ ។
ទន្ទឹមនឹងនេះដែរសម្តេច ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកសាស្ដ្រាចារ្យ ក្លូស ស្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកា សេដ្ឋកិច្ចពិភពលោក ព្រមទាំងជាមួយ ថ្នាក់ដឹកនាំ នៃប្រទេសមួយចំនួន ផងដែរ។
កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ គឺជាការជួបប្រជុំថ្នាក់ដឹកនាំ ពិភពលោកកំរិតខ្ពស់បំផុត ពីរដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រព្រឹត្តទៅនៅរៀងរាល់ដើមឆ្នាំ ដើម្បីកំណត់របៀបវារៈ ពិភពលោក តំបន់ និងឧស្សាហកម្ម៕