ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម«កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM)លើកទី១២ នៅចុងសប្តាហ៍នេះ នៅប្រទេសប៊ែលហ្ស៊ិក»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី ១៤ តុលានេះ បញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងទៅចូលរួម«កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM)លើកទី១២នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក។
សម្តេច ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបប្រព្រឹត្តទៅក្រោមមូលបទ«អឺរ៉ុប និងអាស៊ីជាដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ដោយរួមគ្នាបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការបំរែបំរួលអាកាសធាតុ។
ក្នុងកិច្ចកំពូលអាស៊ី-អឺរ៉ុប សម្តេច ហ៊ុន សែន នឹងថ្លែងបទអន្តរាគមន៍ផ្តោតលើប្រធានបទ៖«របបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន»៕