ភ្នំពេញ ៖ ស្របពេលគ្រោះរាំងស្ងួត កំពុងកើតមានខ្លាំងនៅកម្ពុជាដែលបណ្ដាលឱ្យពលរដ្ឋ មួយចំនួននៅជនបទ ពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មីទៀតថា នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយអត់ទឹក។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ ៖
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាឥលូវនេះកម្ពុជា បានធ្លាក់ដល់ដំណាក់កាលខ្វះទឹកប្រើប្រាស់ ដែលបញ្ហានេះសម្ដេចនឹងមិនទុកឱ្យប្រជាពលរដ្ឋស្លាប់ដោយអត់ទឹកទទួលទាននោះទេ។
សម្ដេចថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៦នេះ។ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះបញ្ហារីងស្ងួត គ្មានទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ លោកថារដ្ឋាភិបាលកំពុងបន្តជីកអណ្តូងទឹក ស្រះទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួន«ហើយសូមប្រុងប្រយ័ត្ន អំពាវនាវចំពោះប្រជាពលរដ្ឋ រលកកំដៅឆ្នាំនេះ កើនខ្លាំងណាស់ យើង៤០ មានតំបន់មួយចំនួន៤១, ៤២។ នៅប្រទេសឥណ្ឌាឡើងដល់៤៥..»។
សម្ដេចថ្លែងបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩មក នេះជាលើកទី១ហើយ ដែលកម្ពុជាមានយុទ្ធនាការចែកទឹកដល់ប្រជាពលរដ្ឋតាមផ្ទះ ជាលក្ខណៈទ្រង់ទ្រាយធំ។ សម្ដេចបន្តថា រដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប និងវិធានការសរុប ដើម្បីធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ដោយអត់ទឹកទទួលទាន។
សម្តេច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលអត់ទឹកប្រើប្រាស់ ត្រូវតែប្រាប់ទៅដល់អាជ្ញាធរ ឬ កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ទឹកជូន។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលជាខេត្តមួយ ពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ជាច្រើនថៃ្ងមកនេះ បានប្រាប់វិទ្យុស្ត្រីថា នៅថ្ងៃនេះលោកនៅតែបន្តរៀបចំចែកទឹកទៅដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់នៅតាមស្រុកមួយចំនួនទៀត។ លោកបានឱ្យដឹងបន្ថែមថា បើទោះបីជាខេត្តបានខិតខំចែកទឹកឱ្យប្រជាពលរដ្ឋក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែប្រើប្រាស់ទឹកមិនបានគ្រប់គ្រាន់ដែរ ដោយសារតែប្រភពទឹកដែលដឹកយកមកចែកប្រជាពលរដ្ឋ នៅឆ្ងាយ ផ្លូវពិបាក ហើយត្រូវដឹកឡើងភ្នំ។ យ៉ាងណាមិញលោកថា អាជ្ញាធរកំពុងខិតខំជីកអណ្តូងបន្ថែមទៀត និងស្វែងរកប្រភពទឹក ដើម្បីយកមក ចែកជូនប្រជាពលរដ្ឋ។
ចំណែកលោក សម ពិទូ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់សេដាក មានប្រសាសន៍ថា ដើម្បីកុំឱ្យឆ្នាំក្រោយជួបបញ្ហាខ្វះទឹកប្រើប្រាស់ដូចឆ្នាំនេះ រដ្ឋាភិបាលគួរតែជំរុញ ឱ្យមានការធ្វើជាស្រះសហគមន៍ សម្រាប់ផ្ទុកទឹកសម្រាប់ប្រជាពលរដ្ឋបរិភោគនៅរដូវប្រាំង និងគួតែជំរុញប្រជាពលរដ្ឋធ្វើអាងស្តុកទឹក ដើម្បីរក្សាទឹកភ្លៀងទុកប្រើប្រាស់នៅពេលគ្មានភ្លៀង។ ម្យ៉ាងទៀត ពាក់ព័ន្ធប្រព័ន្ធធារាស្ត្រលោកថា រដ្ឋាភិបាលគួរតែ ឱ្យមានទឹកប្រើប្រាស់គ្រប់រដូវ ព្រោះប្រព័ន្ធធារាសាស្ត្របច្ចុប្បន្ននេះ ប្រើប្រាស់បានតែនៅរដូវវស្សារតែប៉ុណ្ណោះ។
ថ្លែងនាឱកាសនេះដែរ សម្តេច ហ៊ុន សែន បានថ្លែងទៀតថា ការបង្កើតភ្លៀងសុប្បនិមិត្ត មិនអាចធ្វើទៅបានទេ ព្រោះគ្មានពពក។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារទៅគណបក្សនយោបាយផ្សេងៗទៀតផងដែរ កុំកេងចំណេញនយោបាយពីបញ្ហាគ្រោះរាំងស្ញួតនេះ។
សូមជម្រាបថា កាលពីរដូវវស្សាឆ្នាំទៅមិញភ្លៀងធ្លាក់ មានកម្រិតតិចនៅតំបន់ខ្លះ ដែលជាការបង្កងាយរីកស្ងួតនៅរដូវប្រាំង ហើយសូម្បីទឹកទន្លេមេគង្គ ក៏ទឹករាក់ដែរ ជាហេតុធ្វើឱ្យរដ្ឋាភិបាលសម្រេច ផ្អាក ពិធីបុណ្យ អុំទូក ៕