en     km
en     km

សម្ដេច ហ៊ុន ម៉ាណែត៖ ការដោះលែងលោក ម៉ិច ដារ៉ា នៅក្រៅឃុំដោយសារចេះទទួលខុសលើការផ្សាយព័ត៌មាន

Share

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ករណីលោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដ្បិតលោកម៉ិច ដារ៉ា ទទួលស្គាល់កំហុស និងបានសុំទោសចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដែលវាយប្រហារមកកាន់រដ្ឋាភិបាល។ យ៉ាងណាអ្នកធ្វើការលើកកម្ពស់វិស័យសារព័ត៌មាន ចង់ឃើញរដ្ឋាភិបាលអនុវត្តវិធានការឱ្យអ្នកសារព័ត៌មានដែលផ្សាយខុស កែតម្រូវមុនឈានដល់ការចាប់ខ្លួន និងឃុំខ្លួន។

(កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍)

 

សម្ដេច ហ៊ុន ម៉ាណែត នាយកមន្ត្រីកម្ពុជា ថ្លែងថា ការផ្សព្វផ្សាយរបស់លោក ម៉ិច ដារ៉ា កន្លងមក គឺវាយប្រហារទាំងស្រុងមកលើរដ្ឋាភិបាល ប៉ុន្តែលោកនៅតែលើកលែងឱ្យលោក ម៉ិច ដារ៉ា រួចខ្លួន ក្នុងពេលដែលលោក ដារ៉ា ផ្សព្វផ្សាយថា រដ្ឋាភិបាលបានឱ្យក្រុមហ៊ុន ធ្វើអាជីវកម្មថ្មនៅភ្នំឈើកាច់នេះអស់គ្មានសល់។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤​។

សម្ដេចបន្តថា ការពិតភ្នំនេះ រដ្ឋាភិបាលបានដាក់ជាតំបន់បេតិកភណ្ឌ ស្ថិតក្រោមការអភិរក្ស និងការការពារដោយគ្មានក្រុមហ៊ុនណាមកធ្វើអាជីវកម្មបានឡើយ។ តែយ៉ាងណាលោក ម៉ិច ដារ៉ា បែរជាផ្សព្វផ្សាយធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ទោះបីដឹងថាខុសទៅហើយក្តី ហើយនៅតែគឃ្លើនមិនចេញបំភ្លឺចំពោះការភាន់ច្រឡំនេះ។ យ៉ាងណា សម្ដេចថា រដ្ឋាភិបាលមានតែប្រើផ្លូវច្បាប់ ដើម្បីប្ដឹងលោក ម៉ិច ដារ៉ា ដើម្បីឱ្យលោក ដារ៉ា កែខ្លួន បើមិនដូច្នេះទេ ប្រជាពលរដ្ឋនឹងបន្តភាន់ច្រឡំ និងគិតថា ការផ្សព្វផ្សាយរបស់លោក ម៉ិច ដារ៉ា ជាការពិត ខណៈការបង្ហាញព័ត៌មាននេះ មិនមែនជាការពិត ដែលបណ្ដាល​ឱ្យប្រជាពលរដ្ឋបន្ទោសមកកាន់រដ្ឋាភិបាល។

សម្ដេច ហ៊ុន ម៉ាណែត៖ «អ៊‌ីចឹងគាត់បានសុំទោសទៅ យើងក៏បានឱ្យចេញ យើងអត់មានហាមអីទេ មិនមែនយើងជារដ្ឋាភិបាលជាតុលាការទេ ទាំងមេធាវី ទាំងខាងអី បានចរចាឱ្យនៅក្រៅឃុំ ហើយរដ្ឋាភិបាលក៏គ្មានអីជំទាស់ ឬមួយខឹងនោះទេ។ អ៊‌ីចឹងមេធាវីគេធ្វើការទៅ យើងក៏គ្មានកំហុស ខ្ញុំប្រាប់មិត្តបរទេសប្រាប់ថារដ្ឋាភិបាលសុំឱ្យម៉ិច ដារ៉ាជួយបញ្ជាក់ថាខ្លួនបានទទួលខុស ធ្វើឱ្យប្រជាជនមានការយល់ច្រឡំ សុំឱ្យជួយប៉ុណ្ណឹងដើម្បីបញ្ជូនទៅវិញទេ អ៊‌ីចឹងតាមរយៈមេធាវី តាមរយៈយន្តការរដ្ឋាភិបាលគ្មានទៅចងកំហឹង ចងអីទេ រឿងនីតិវិធីច្បាប់ទៅតាមហ្នឹងទៅ ប៉ុន្តែគាត់ចេញមករឿងតែប៉ុណ្ណឹង»។

វិទ្យុស្រ្តីពុំទាន់អាចសុំការបំភ្លឺពីលោក ម៉ិច ដារ៉ា បានទេនៅថ្ងៃនេះ។

 

លោក ម៉ិច ដារ៉ា រូបភាពពីហ្វេសប៊ុករបស់លោក។

សូមរំលឹកជូនថា លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានមួយរូប ដែលតែងតែសរសេរព័ត៌មានអំពីបញ្ហាសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។ លោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្ហោះព័ត៌មានមិនពិត អំពីការអភិវឌ្ឍនៅរមណីដ្ឋានបាភ្នំ នៅខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួន តុលាការបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

មុនលោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅនេះលោក ដារ៉ា បានចេញវីដេអូមួយ សុំទោសសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួនក្នុងការបង្ហោះព័ត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គម។ នេះបើតាមសារព័ត៌មាន​ Fresh News បានផ្សព្វផ្សាយវីដេអូលោកកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

លោក ម៉ិច ដារ៉ា៖ «រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះកំហុស ដែលខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ»។

ជុំវិញរឿងនេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ប្រាប់វិទ្យុស្ដ្រីថា ការសុំទោស និងការកែលម្អ ចំពោះការសរសេរផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដែលមិនត្រឹមត្រូវ គឺជារឿងមួយដែលអ្នកសារព័ត៌មាន គួរតែធ្វើ ពីព្រោះច្បាប់ស្ដីពីរបបសារព័ត៌មាន ក៏មានចែងឱ្យអ្នកសារព័ត៌មានធ្វើការកែសម្រួលផងដែរ។ សម្រាប់លោក ណុប វី ជម្រើសល្អ និងថែមទាំងមាននៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន គឺជាការសុំទោស និងធ្វើកែតម្រូវ។

លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)

លោក ណុប វី៖ «ការក្រើនរំលឹកយើង គឺថាយើងគប្បីមានការផ្ទៀងផ្ទាត់ព័ត៌មាន យើងគប្បីមានការពិនិត្យមើល ជាពិសេសរឿងប្រភពព័ត៌មានសម្រាប់បងប្អូនអ្នកសារព័ត៌មានយើងសម្រាប់យើងអាចរៀនសូត្របានពីករណីកន្លងមកអ៊‌ីចឹងណា គឺត្រូវមានការផ្ទៀងផ្ទាត់ព័ត៌មាន ប្រភពព័ត៌មានដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្រើនប្រភព ហើយមួយវិញទៀតចំណុចសំខាន់គឺការអនុវត្តទៅតាមខ្លឹមសារនៃច្បាប់ស្ដីពីរបបសារព័ត៌មានហ្នឹង គឺជារឿងមួយដែលយើងតែងតែស្នើទៅដល់រដ្ឋាភិបាល ដល់ភាគីពាក់ព័ន្ធដើម្បីឱ្យអនុវត្តទៅតាមខ្លឹមសារច្បាប់ស្ដីពីរបបសារព័ត៌មានដែលមានអ៊‌ីចឹងណាទៅលើករណីអ្នកសារព័ត៌មានទាំងអស់បាទ!»។

យោងតាមរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បង្ហាញថា ក្នុងរយៈពេល ៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញាកន្លងមកនេះ អ្នកសារព័ត៌មានចំនួន ៤៦នាក់ បានរងការយាយី។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង ៤៦នាក់នេះ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៤៣នាក់ប្រឈមការយាយីតាមផ្លូវតុលាការ ដែលរួមបញ្ចូលការកោះហៅមកសាកសួរ ការកោះហៅមកបង្ហាញខ្លួននៅតុលាការ និងការឃាត់ខ្លួន។ ក្រៅពីនេះ អ្នកសារព័ត៌មានចំនួន ៧នាក់ រងការបៀតបៀនលើរាងកាយ ៥នាក់ ប្រឈមការរឹតត្បិតក្នុងការបំពេញការងាររបស់ខ្លួន និងសារព័ត៌មានចំនួន ៣នាក់ ត្រូវបានដកហូតអាជ្ញាបណ្ណ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង