loader

សម្ដេច ស ខេង បញ្ជាឱ្យបញ្ឈប់ការយកអំណាចទៅអន្តរាគមន៍លើបទល្មើស

ភ្នំពេញ៖ សម្ដេច ស ខេង បានប្រកាសជាបន្ទាន់ទៅដល់បុគ្គលទាំងឡាយណាដែលមានអំណាចទាំងអស់ មិនត្រូវយកអំណាចរបស់ខ្លួនទៅអន្តរាគមន៍លើបទល្មើសនានានោះទេ រួមទាំងបទល្មើសពាក់ព័ន្ធផលិតផលក្លែងក្លាយ ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងមហាផ្ទៃ។ យ៉ាងណា កន្លងមកអ្នកតាមដានបញ្ហាសង្គមឬអ្នកលេងFacebook​ច្រើនតែបញ្ចេញមតិថាលោកធំជាអ្នកជួយអន្តរាគមន៍ដោះស្រាយទំនាស់ក្រៅប្រព័ន្ធ។

លោក សោម លាភ រាយការណ៍៖

 

តាមការចុះផ្សាយនោះបញ្ជាក់ថា ការប្រកាសបែបនេះរបស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងនៅក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ និងខុសច្បាប់ ចំនួនជាង ៧០តោននៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅ ថ្ងៃទី១២ ខែមីនានេះ ។

កម្មវិធីនេះ ធ្វើឡើងគឺរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ។

នាឱកាសនោះ សម្ដេច ស ខេង បានប្រកាសទៅ​ដល់​ឈ្មួញ​ទុច្ចរិតទាំងអស់ ដែលកំពុងប្រើប្រាស់សកម្មភាពល្មើសរបស់ខ្លួនបង្កហានិភ័យ និងប៉ះពាល់​ដល់សុខភាពរបស់ប្រជាជន ហើយក៏សូមបញ្ឈប់ឱ្យមានការយកអំណាចទៅអន្តរាគមន៍បទល្មើសនានា ដែលក្នុងនោះមានទាំងបទល្មើសផលិតផលក្លែងក្លាយនេះផងដែរ ។

សម្តេច ស ខេង ណែនាំដល់គណៈកម្មាធិការនេះ ដោយត្រូវតែបន្ថែមការរួបរួម និងសហប្រតិបត្តិការជាមួយស្ថាប័នជំនាញ​ពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ផលិតផលក្លែងក្លាយឱ្យខានតែបាន ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ទៀតថា ផលិតផលដែលភាគច្រើនប្រឈមបញ្ហាដល់ប្រជាជននោះ គឺជាផលិតផលដែលមនុស្សទទួលទានប្រចាំថ្ងៃដូចជាៈ ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ​នានា និងភេសជ្ជៈជាដើម ដែលបណ្ដាលឱ្យខាតបង់ប្រាក់កាស  រួមទាំងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ឬអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់​អាយុជីវិត ។

ឧបនាយករដ្ឋមន្ត្រីរូបនេះ បានស្នើទៅប្រជាជនទាំងអស់ ​វិស័យ​ឯកជន និងក្រុមហ៊ុនម្ចាស់ដើមនៃផលិតផល  ត្រូវចូលរួមជាមួយនឹងគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីជាការសហការ និងផ្តល់ព័ត៌មានអំពីប្រភពនៃការផលិត ការ​ចរាចរ ការចែកចាយនូវផលិតផលក្លែងក្លាយ ដើម្បីឈានទៅធ្វើការបង្រ្កាបឲ្យបានទាន់ពេលវេលា ។

សម្ដេច ក៏អំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសហការ​គ្នា​ជាមួយគណៈកម្មាធិការក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់ផលិតផល​ក្លែងក្លាយឱ្យបាន ។ ការធ្វើយ៉ាងនេះ ជាការចូលរួមដើម្បីថែរក្សាសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

ការប្រមូលបាននូវទំនិញដែលកំទេចចោលចំនួន ៧០ តោននេះ មិនទាន់មានចាប់បានអ្នកទទួលខុសត្រូវនៅឡើយនោះទេ ពោលគឺមិនទាន់យកនរណាម្នាក់មកផ្ដន្ទាទោសនៅឡើយ ។ ករណីនេះ សម្ដេចស ខេងថាជាបញ្ហា ។ សម្ដេចបញ្ជាឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើការឱ្យបានម៉ត់ចត់ជាងមុន ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ថែមថា ការលុបបំបាត់ការចរាចរ ការលក់ដូរផលិតផលក្លែងក្លាយឱ្យអស់ លុះត្រាតែផ្ដាច់ឬសគល់របស់វា ហើយនេះទើបជាការជោគជ័យ ។

កាលពីឆ្នាំ២០១៨  គណៈកម្មាធិការប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ​ បានចុះចាប់ និងប្រមូលនូវផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែល​ផលិត ស្តុកទុក និងចែកចាយ បានចំនួន ២០ករណី  និងចុះបង្រ្កាបនៅនឹងទីតាំង ផ្ទាល់បាន ៨ករណី ។

ការចុះបង្ក្រាបនោះ មានដូចជាៈ ករណី នាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្មសិទ្ធិបញ្ញា ទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ ទីតាំងចែកចាយជីកសិកម្មក្លែង​ក្លាយ បង្រ្កាបសិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ទីតាំង​សាច់​ប៉ាតេ សិប្បកម្មផលិតម្រេច និងកាហ្វេ ដែលទាំងអស់នេះធ្វើឡើងដោយមិនមានច្បាប់អនុញ្ញាតឡើយ ។

ការចរាចរណ៍ផលិតផលក្លែងក្លាយ និងគ្រឿងញៀនជាដើម ជាបញ្ហាដែលត្រូវដោះស្រាយ ព្រោះប៉ះពាល់ដល់សុខភាព និងធនធានមនុស្ស ។ ករណីគ្រឿងញៀនគេសង្កេតឃើញថា កំពុងតែវាយលុកសង្គមកម្ពុជាយ៉ាងខ្លាំង ហើយសមត្ថកិច្ចហាក់ដូចជាធ្វើសកម្មភាពបង្ក្រាបមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ ។

អ្នកតាមដានសង្គមថា ការលុបបំបាត់ករណីទាំងអស់នេះបានលុះត្រាតែកាត់បន្ថយអំពើពុករលួយនៃមន្ត្រីមួយចំនួន រកឬសគល់ និងអ្នកនៅពីក្រោយដំណើរការសកម្មភាពខុសច្បាប់ទាំងនោះ ។តាមការអង្គេត គឺកន្លងមក ពិតជាមានអ្នកធំ អ្នកមានអំណាច​ធ្វើ​អន្ត​រាគមន៍ដែលគេថា ជាការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ។ តែរឿងនេះ ត្រូវបាន អ្នក​លេងFacebook បានចេញមកវាយប្រហារ ដែលពួកគេភាគច្រើន វាយប្រហារទាំង​អ្នក​អន្តរាគមន៍និងជនប្រព្រឹត្តហើយទីបំផុតស្ថាប័នមានសមត្ថកិច្ចក៏ បានចូលខ្លួន ដើម្បីយ​ក​ករណី​នេះទៅតុលាការ។

កាលពីថ្មីៗនេះ​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱរកមេខ្លោងចែកចាយគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ ដែលសម្ដេចថា ជាកន្លែងចង្រៃ ។ ក្រោយបញ្ជារបស់នាយករដ្ឋមន្ត្រីបន្តិច មានការឃាត់ខ្លួនលោក គិត ធាង ដែលជាម្ចាស់របស់មជ្ឈ​មណ្ឌលកំសាន្តនេះ ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

អូស្រ្តាលីផ្តល់ថវិកាជាង ១០លាន$សម្រាប់សេវាបញ្ចប់អំពើហិង្សាលើស្រ្តី និងគាំពារជនពិការ

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលីផ្តល់មូលនិធិចំនួ[...]

សម្ដេចហ៊ុនសែនបដិសេធថាមិនបានទិញអ្នកនយោបាយបក្សប្រឆាំងទេ

តាមទំលាប់នៃចរន្តនយោបាយខ្មែរ គឺការដើរចេញពីបក្ស[...]

សម្ដេចហ៊ុនសែនសន្យាបង្រ្កាបក្រុមប្រឆាំងងាប់អស់ទើបឈប់ធ្វើនាយករដ្ឋមបន្ត្រីតែអ្នកវិភាគថាមិនអាចជោគជ័យទេ  

សម្ដេចនាយករដ្ឋមន្ដ្រី បានប្រកាសជាថ្មីម្ដងទៀត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត