loader

សម្ដេច ស ខេង ថាកម្ពុជា«ចប់» បើគេចាត់ទុកថាប្រទេសនេះជាប្រទេសពណ៌ខ្មៅរឿងលាងលុយកខ្វក់

ភ្នំពេញ៖ សម្ដេច ស​ ខេង មានប្រសាសន៍ថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសប្រផេះព្រោះករណីលាងលុយ ហើយបើមានការចាត់ទុកកម្ពុជាជាប្រទេសពណ៌ខ្មៅរឿងលាងលុយ នោះនឹងធ្វើឱ្យកម្ពុជាលំបាក ដែលសម្ដេចថា កម្ពុជានឹងចប់ ។

ការថ្លែងបែបនេះរបស់សម្ដេច ស ខេង ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ។

តាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងមហាផ្ទៃ បញ្ជាក់ទៀតថា សមាជិកសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញមួយចំនួន នឹងបន្តបំពេញមុខងាររបស់ខ្លួនដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ជាងនេះ ក៏ត្រូវអនុវត្តទៅតាមក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស គឺអនុវត្តនូវតួនាទីភារកិច្ចស្របតាមច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ និងអនុក្រឹត្យស្ដីពីតួនាទីភារកិច្ចនិងទំនាក់ទំនងការងារ របស់ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ និងក្រុមប្រឹក្សាគណៈអភិបាលខណ្ឌនៃរាជធានីភ្នំពេញ ។ ការណ៍នេះ ដើម្បីឱ្យមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នេះថា កម្ពុជាត្រូវបានចាត់ទុកជាប្រទេសប្រផេះ ដោយសាររឿងលាងលុយ ។ សម្ដេចថា កម្ពុជាកំពុងតែត្រូវគេឃ្លាំមើល ហើយប្រសិនបើគេចាត់ទុកប្រទេសកម្ពុជាជាប្រទេសពណ៌ខ្មៅ រឿងលាងលុយកខ្វក់ នោះកម្ពុជានឹងចប់ ។

 

កាលពីថ្ងៃទី ២២ កុម្ភៈ ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពីភពលោក មានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលមានឈ្មោះថា ក្រុមការងារចំណាត់ការហិរញ្ញវត្ថុ ឬ FATF  បានដាក់បញ្ចូល​កម្ពុជា​ក្នុង​បញ្ជី «ប្រផេះ​» នៃ​ក្រុម​ប្រទេស​ងាយ​រងគ្រោះ​នឹង​អំពើ​លាង​លុយ​កខ្វក់ ។ តែករណីនេះ ធ្វើឱ្យមានការបដិសេធន៍ដោយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ៕

ព័ត៌មានទាក់ទង

 ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទមួយទឹកបង្ហាញបទពិសោធន៍ការងារដោយមិនពឹងកម្លាំងស្វាមីទាំងស្រុង​

ស្ត្រីជាម្ចាស់ហាងលក់ទូរស័ព្ទមួយរូបក្នុងស្រុកម[...]

ស្ត្រីមេផ្ទះឆ្លៀតពេលទំនេរធ្វើការស្ម័គ្រចិត្តជួយសង្គមទោះមិនទទួលបានកម្រៃ

ទំនេរពីកិច្ចការផ្ទះស្ត្រីមេផ្ទះវ័យក្មេងមួយរូប[...]

Facebook សម្ដេច ហ៊ុន សែន៖នាយករដ្ឋមន្ត្រីហុង គ្រី គាំទ្រកម្ពុជាតស៊ូដើម្បីEBA

ទំព័រហ្វេសបុករបស់ សម្ដេចហ៊ុនសែនបានចុះផ្សាយថាល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត