ថ្លែងក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអង្គារទី២សីហា ដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងថា សមិទ្ធិផល ដែលមានជាហូរហែមកនេះ គឺជាសច្ចភាពនៃការដឹកនាំរបស់គណបក្សប្រជាជន និងសម្ដេចផ្ទាល់ ដែលសម្ដេចអះអាងថា មានសម្ដេចនឹងមានការអភិវឌ្ឍ ជាជាងបក្សដទៃទំនងមិនអាចធ្វើបាន។ ជុំវិញការថ្លែងបែបនេះអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ឃើញថា ការអភិវឌ្ឍក្នុងប្រទេសមិនថាប្រទេសណាទេ គឺតួនាទីរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្ដន៍ស្រាប់ដើម្បីភាពរីកចម្រើនប្រទេស។ លោក លៀ ស៊ីណា រាយការណ៍៖
សម្ដេច ហ៊ុន សែន បានថ្លែងថា រាល់សមិទ្ធិផលទាំងអស់ ដែលកើតមាននេះ គឺជាការកើតចេញពីការខិតខំប្រឹងប្រែងរបស់ សម្ដេច និងគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចថា ជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា។
សម្ដេចបញ្ជាក់ថា មានសម្ដេច និងបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍ។
សម្ដេច ហ៊ុន សែន៖«-បានមកពីការខិតខំប្រឹងប្រែងរបស់ជនរួមជាតិកម្ពុជាយើងដែលបានគាំទ្រ បោះឆ្នោតគាំទ្រឱ្យគណបក្សប្រជាជន បោះឆ្នោតគាំទ្រ ឱ្យខ្ញុំ ព្រះករុណាខ្ញុំ ធ្វើជានាយករដ្ឋមន្ត្រីទើបមានសមិទិ្ធផលនេះឡើង។ បើមិនដូច្នេះទេ ទិសនយោបាយនឹងមិនដឹងទៅណាទេ។ វាមិនដូចគ្នាទេ រវាង នាយករដ្ឋមន្ត្រីហ៊ុន សែន ឬរវាងគណបក្សប្រជាជនជាមួយគណបក្សដទៃប៉ុន្តែអ្វីដែលបានកើតឡើង រួចហើយរាប់ទាំងផ្លូវជាតិដែល យើងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធិផលដែលគណបក្ស ប្រជាជនដឹកនាំហើយ ក៏ជាសមិទ្ធិផលដែល ខ្ញុំព្រះករុណា ខ្ញុំ ដឹកនាំដោយផ្ទាល់ លើរឿងនេះ។ សូមអរគុណប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ក៍ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានបោះឆ្នោតម្ដងហើយ ម្ដងទៀតឱ្យគណបក្សប្រជាជន និងឱ្យខ្ញុំព្រះករុណាមានលទ្ធភាពដឹកនាំប្រទេសជារៀងរហូតមក»។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា ការភិវឌ្ឍនានាក្នុងប្រទេសគឺជា កាតព្វកិច្ច និងតួនាទីរបស់រាជរដ្ឋាភិបាលខ្លួនឯងដែលត្រូវតែធ្វើ ដើម្បីធ្វើយ៉ាងណាជួយដល់ពលរដ្ឋឲ្យបាននូវអ្វីដែលពួកគេត្រូវការ។ លោកបន្ថែមទៀតថា ជារឿយៗគណបក្សប្រជាជនកម្ពុជា តែងតែចោទបក្សប្រឆាំងថា បានត្រឹមតែថា តែមិនឃើញធ្វើការអភិវឌ្ឍអ្វីសោះ។ ត្រង់ចំណុចនេះលោកបញ្ជាក់ថា គណបក្សនយោបាយមិនអាចហូតពន្ធពីពលរដ្ឋ ដើម្បីយកទៅធ្វើអ្វីបានទេ គឺមានតែគណបក្សដែលគ្រប់គ្រងអំណាចប៉ុណ្ណោះ។
លោកបណ្ឌិត មាស នី គិតថា ក្រៅតែពីការអភិវឌ្ឍក្នុងប្រទេសបានមួយចំនួន លោកថា មកទល់ពេលនេះមិនទាន់ឃើញរាជរដ្ឋាភិបាលធ្វើអ្វីមួយដែលទាក់ទាញពលរដ្ឋខ្មែរ ឲ្យបញ្ឈប់ការធ្វើចំណាកស្រុកទៅក្រៅប្រទេសនោះទេ គឺមានតែប្រកាសបញ្ជូនបន្ថែមប៉ុណ្ណោះ។
លោកបណ្ឌិត មាស នី ៖«ប៉ុន្ដែក្នុងហ្នឹងយើងក៏មិនមែនសុទិដ្ឋិនិយមថា ឱ! បញ្ជូនពលករទៅក្រៅគេបានលុយយកមកធ្វើផ្ទះគេស្គឹមស្កៃដែរតើ បាទរឿងហ្នឹងវាជារឿងពិតប៉ុន្ដែមានតែមនុស្សមួយចំនួនតូចទេ ដែលបានផលនិងរឿងហ្នឹងហើយហើយសួរថាតើ ពលករខ្មែរយើងទៅស្រុកគេយើងទៅធ្វើអីយើងទៅធ្វើខ្ញុំគេគ្មានជំនាញទេភាគច្រើន ចិតសិបប្លាយភាគរយអត់មានជំនាញទេ ហើយត្រង់ហ្នឹងជារឿងរដ្ឋាភិបាលត្រូវគិតដែរ ថាការអភិវឌ្ឍបែបហ្នឹងវាមាននិរន្ដិរ៍ភាពទេ នៅពេលដែលធ្វើៗទៅមនុស្សរត់ចោលស្រុកអស់»។
ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសថា ការដែលសម្ដេច ចុះដើរសួរសុខទុក្ខពលរដ្ឋ ជាបន្តបន្ទាប់នេះ គឺជាផែនការរបស់សម្ដេចចុះត្រួតពិនិត្យ សមិទ្ធិផលពាក់កណ្ដាលអាណ្ណត្តិ មិនមែនជាការឃោសនាមុនការបោះឆ្នោតនោះទេ៕