ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាដែលស្ងប់ស្ងាត់នៅរយៈពេលចុងក្រោយនេះ បានផ្ទុះប្រតិកម្មឡើងវិញ ឆ្លើយតបនឹងគណបក្សសង្គ្រោះជាតិ ដែលគំរាមធ្វើមហាបាតុកម្ម និង ប្រតិកម្មទៅលើសហគមន៍អន្ដរជាតិ ដោយសម្ដេចបានហៅផែនការណ៍របស់គណបក្សសង្គ្រោះជាតិធ្វើបាតុកម្មថា ជាការដាក់សម្ពាធមករដ្ឋាភិបាលចូលតុចរចារំលោភលើដែនយុត្ដាធិការរបស់តុលា ដែលសម្ដេចប្រើពាក្យថា «បើអញចរចាជាមួយឯង (CNRP) ឆ្កែសុទ្ធ អាពៅគ្មានផ្លូវទេជាមួយយើង»។
ប្រមុខរដ្ឋាភិបាលបានថ្លែងដូចនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យ បញ្ញជាតិ នៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងពិធីនេះសម្ដេចនាយករដ្ឋមន្ដ្រីដោយមានកំហឹងបានប្រតិកម្មថា រឿងរបស់បុគ្គល គឺជារឿងរបស់បុគ្គលនឹងតុលាការ មិនមែនជារឿងបក្សនយោបាយដែលត្រូវចរចាគ្នានោះទេ ។ សម្ដេចថា មនុស្សមួយនគរ ហើយមនុស្សណាដែលមានទោសគឺត្រូវតែទទួលទោស មិនអាចប្រមូលផ្ដុំមនុស្សផ្សេងទៀតមកការពារកំហុសរបស់ខ្លួនឯងបានទេ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានប្រតិកម្មតបទៅនឹងសហគមន៍អន្ដរជាតិ រឿងថ្កោលទោសកម្ពុជារំលោភសិទ្ធិមនុស្ស ប៉ុន្ដែសម្ដេចនាយកមិនបានប្រតិកម្មធ្ងន់ៗចំពោះប្រទេសទាំងនោះទេ ខណៈសម្ដេចវាយប្រហារលើគណបក្សប្រឆាំងដោយការគំរាមកំហែងធ្ងន់ធ្ងរ។ សម្ដេចព្រមានថា៖«បើអ្នកឯងហ៊ានធ្វើយើងហ៊ានកំទេចនៅនឹងកន្លែង»។
យ៉ាងណាក៏ដោយសម្ដេចបានសន្យាកាត់ដៃស្ដាំលោកក្រវែងចោល បើលោកធ្វើលិខិតទៅព្រះមហាក្សត្រ លើកលែងទោស លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលគេចខ្លួននៅក្រៅប្រទេសដោយ សារតុលាការចេញដីកាចាប់ខ្លួនករណីបរិហារកេរ្តិ៍លោក ហោ ណាំហុង អតីត រដ្ឋមន្ត្រីការបរទេស ថាជាអតីតមេគុកទួលស្លែងនៃរបបខ្មែរក្រហម។ សម្ដេច ហ៊ុន សែន ក៏ធ្លាប់សន្យាកាត់កលោកចោលដែរ បើ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបាននោះ៕