ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានឆាប់ចែកអត្ដសញ្ញណប័ណ្ណដល់ប្រជាពលរដ្ឋ នៅតាមភូមិឃុំរបស់ខ្លួន ជៀសវាងការយកមុខមាត់ណាមួយ ដែលធ្វើអោយពលរដ្ឋលំបាកនិងខាតពេលវេលា។ សម្ដេចព្រមានថានឹងដាក់ទណ្ឌ កម្ម បើមន្ត្រីណាធ្វើឱ្យពលរដ្ឋលំបាក ។ អ្នកឃ្លាំមើលការបោះឆ្នោតសាទរបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៤៤ នៅខេត្តកំពង់ស្ពឺនៅថ្ងៃទី០២ សីហានេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានទទូចឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវស្ដាប់ការណែរបស់សម្ដេច គឺមិនត្រូវឱ្យពលរដ្ឋលំបាកត្រូវទទួលអត្តសញ្ញាណប័ណ្ណនោះទេ។ សម្ដេច ហ៊ុន សែន៖«អ្នកខ្លះនែ អត្ដសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ពេលដែលទៅដល់គាត់អត់ទាន់ចែកទេ ចាំបានពីរបីរយនាក់បានគាត់ចែក ហើយគាត់ហៅប្រជាពលរដ្ឋមកជុំគ្នា រួចហើយថតដាក់តាមទូរទស្សន៍ គិតស្មានថាចង់អោយលោកហ៊ុនសែននែសរសើរ តែចាំហ៊ុនសែនសរសើរ ជេរតែហ្មង…»។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា កន្លងមកអាជ្ញាធរដែនដីមួយចំនួនទទួលបានអត្ដសញ្ញាប័ណ្ណរបស់ពលរដ្ឋហើយ តែមិនព្រមចែកអោយប្រជាពលរដ្ឋនោះទេ គឺចាំទាល់តែមានពិធីបង្ហាញមុខនៅលើកញ្ជក់ទូរទស្សន៍ទើបហៅប្រជាពលរដ្ឋឲ្យទៅយក។ សម្ដេច ហ៊ុន សែន ចាក់ទុកទង្វើបែបនេះថា ធ្វើឲ្យបង់ខាតពេលវេលារបស់ពលរដ្ឋ។សម្ដេចហ៊ុន សែន៖«ចឹងអ្នកដែលធ្វើអត្ដសញ្ញណប័ណ្ណរួចហើយអត់បានទទួល ចឹងបានគាត់ចេះថា ខ្ញុំធ្វើយូរហើយម៉េចក៏មិនបានទទួល មានពេលខ្លះមកពីអាចរិកនៀក ។ ចឹងសូមអស់លោកមេឃុំ អស់លោក ជំទប់ អស់លោកសមាជិកក្រុមប្រឹក្សា អស់លោកមេប៉ុស្ដិ៍ មេប៉ូលីសទាំងឡាយ បើបានហើយយកទៅចែកប្រជានដល់ផ្ទះទៅ…»។
ជុំវិញរឿងនេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក សាទរចំពោះការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី ចំពោះចំនុចនេះ តែលោកក៏អំពាវនាវអោយមន្ដ្រីនគរបាលអត្ដ សញ្ញាណប័ណ្ណ រួសរាន់ទម្លាក់អត្ដសញ្ញាណប័ណ្ណអោយបានលឿន នៅតាមប៉ុស្ដិ៍នគរបាលឃុំសង្កាត់របស់ខ្លួន ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ អាចចុះឈ្មោះបោះឆ្នោតដោយងាយស្រួលនៅពេលខាងមុខផងដែរ ។ លោក សំ គន្ធាមី ៖ «ចឹង ខ្ញុំក៏អំពាវនាវអោយ នគរបាលអត្ដសញ្ញាណប័ណ្ណហ្នឹងឆាប់ផ្ដល់អោយបានលឿនតែម្ដង ហើយអ្នកដែលមិនទាន់ធ្វើម៉េច កោះហៅតាមរយៈប៉ុស្ដិ៍នគរបាលឃុំសង្កាត់ ក៏ដោយ ឲ្យគាត់អញ្ជើញទៅបានធ្វើអត្ដសញ្ញាណប័ណ្ណគ្រប់ៗគ្នា ព្រោះដើម្បីអោយងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោត…»។
លោក សំ គន្ធាមី បញ្ជាក់ថា កាលណាប្រជាពលរដ្ឋ មិនទទួលបានអត្ដសញ្ញាណប័ណ្ណបានទាន់ពេលវេលា ការលំបាកដែលអាចកើតមានដល់ពួកគាត់គឺមានច្រើននៅពេលចុះឈ្មោះបោះឆ្នោត។«ជួបការលំបាកច្រើន នៅពេលចុះឈ្មោះការបោះឆ្នោត គាត់ត្រូវនាំសាក្សីពីនាក់ យករូបថតបីសន្លឹក ហើយយកសំបុត្រកំណើត បញ្ជីជាតិ ឬក៏យកសៀវភៅគ្រួសារ ទៅជួបមេឃុំ ឬចៅសង្កាត់ ដើម្បីដុំលិខិតបញ្ជាក់អត្ដសញ្ញាណចុះឈ្មោះបោះឆ្នោត គឺ ស្មុគស្មាញ និងជួបការលំបាកច្រើនចឹង…»។
បើតាមលោក សំ គន្ធាមី ចំនួនពលរដ្ឋមិនទាន់ទទួលបានអត្ដសញ្ញាណប័ណ្ណមានជាង ២ លាននាក់ ហើយ៦ ទៅ៧លាននាក់ បានទទួលអត្ដសញ្ញាណប័ណ្ណហើយ។
តាមក្រសួងមហាផ្ទៃ ដែលមើលការខុសត្រូវផ្ទាល់លើការធ្វើអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ពួកគេមានចំនួនជិត ១០ លាននាក់ ។ សម្រាប់ការចុះបោះឆ្នោតត្រូវយកអត្តសញ្ញាណប័ណ្ណជាគោល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០១៦នេះ។
ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួន ២ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសភាអាណត្តិទី ៦ នៅឆ្នាំ ២០១៨៕