ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានក្រើនរម្លឹកដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែរក្សាសណ្ដាប់ធ្នាក់អោយបានល្អ ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរណ៍បរទេស បានសប្បាយរីករាយក្នុងពិធីបុណ្យអុំទូក អក អំបុក បណ្តែតប្រទីប និងសំពះព្រះខែ។

តាមហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន បានប្រកាសដូចនេះ ៖ «អាជ្ញាធរនិងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេស បានសប្បាយរីករាយនៅក្នុងពិធីបុណ្យ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា»។
តាមហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ដ្រីដដែល ក្រៅពីការក្រើនរម្លឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យការពារសុវត្ថិភាពដល់ពលរដ្ឋខ្មែរ និងភ្ញៀវបរ ទេសដែលមកលេងកំសាន្ដ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ហើយនោះ លោកនាយករដ្ឋមន្ត្រីក៏បានសូមឱ្យពលរដ្ឋខ្មែរ សាធារណជន ឬ ក្រុមហ៊ុរថយន្តក្រុង និងរថយន្តរត់តាក់ស៊ីទាំងអស់ ត្រូវបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ ២០១៦ នេះ នឹងប្រារព្ធធ្វើរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែវិច្ឆិកា បន្ទាប់ពីខកខានអស់រយៈពេលច្រើនឆ្នាំ។
ជាការកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៦ នេះ ព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជា ពុំបានរៀបចំឱ្យជាប់លាប់រាល់ឆ្នាំឡើយ ពោលទើបនឹងប្រារព្ធបានម្តងនៅ ឆ្នាំ ២០១៤ ប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឱ្យកម្ពុជាមិនអាចប្រារព្ធពិធីបុណុ្យអុំទូក ដ៏សប្បាយរីករាយនេះបានកន្លងមក ដោយសារតែការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
គួរបញ្ជាក់ដែរថា នៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានឹងយាងទតពិធីនេះ៕