ក្រោយពីត្រឡប់មកកម្ពុជាវិញបានប្រហែលមួយថ្ងៃ សម្ដេចនាយករដ្ឋមន្ត្រីត្រូវចេញទៅប្រទេសសិង្ហបុរីដើម្បីព្យាបាល តាមទំលាប់ការណាត់របស់គ្រូពេទ្យ។ តែពេលនេះ ខុសមុនបន្តិចដោយសម្ដេច បានប្រាប់ជនរួមជាតិថា ការព្យាបាលលើកនេះ គឺដោយសារសម្ដេចគ្រេចស្មាខាងស្ដាំ។ នៅពេលនេះ គឺតាមហ្វេសប៊ុករបស់សម្ដេចគឺជំងឺគ្រេចស្មា បានធូរស្បើយហើយ។ តែយ៉ាងណា ការចេញទៅព្យាបាលលើកនេះ មើលទៅក៏ដូចលើកមុនដែរ ក្រុមអ្នកតាមដាន និងក្រុមប្រឆាំង ចាត់ទុកថា ស្ថានភាពជំងឺរបស់សម្ដេចមិនមានតែករណីគ្រេចស្មាមួយនោះទេ។ ករណីនេះ នាំអោយ មានការឆ្លើយតបពីសម្ដេចវិញ ដោយ ប្រឆាំងនឹងក្រុមមនុស្សដែល ប្រមាថអាយុជីវិតរបស់សម្ដេច។
សម្តេច នាយករដ្ឋមន្រ្តី បានផ្តាំទៅក្រុមអ្នកនយោបាយប្រឆាំង ដែលបានបន់ឱ្យសម្តេចស្លាប់ដោយសរសេររៀបរាប់ថា «យមរាជមិនត្រូវការជីវិតខ្ញុំទេ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ » ។
សាររបស់នាយករដ្ឋមន្ត្រី បានបង្ហោះពីប្រទេសសិង្ហបុរី កាលពីថ្ងៃទី០៧ ខែកក្កដា ទីដែលសម្ដេចខ ស្ថិតនៅទីនោះ ដើម្បីសម្រាកព្យាបាល។ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជនរួមជាតិដែល ជូនពរដល់សម្តេច និងបារម្ភអំពីសុខភាពរបស់សម្តេច។ សម្តេចបានប្រាប់ ថា អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យ សម្តេចផ្អាកវាយកូនគោលមួយរយ:សិន។
សម្តេច បានសរសេររៀបរាប់ទៀតដោយវាយប្រហារទៅលើក្រុមប្រឆាំង ថា៖ «ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមក comment ឬបង្ហោះតាមFacebook បន់ឱ្យខ្ញុំឆាប់ស្លាប់ឬបង្កើតព័ត៌មានក្លែងក្លាយ អំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា ឈប់បានឈប់ទៅ ព្រោះការធ្វើនយោបាយ រង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចគឺសូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត»។
មុនឡើងយន្តហោះទៅសិង្ហបុរី ថា សម្តេច ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបនៅសប្តាហ៍ក្រោយ ។សម្តេច បានសរសេររៀបរាប់ ថា «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យ តម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបូរី ពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្រ័ ទាំងបរទេសទាំងខ្មែរ ដែលត្រូវជួបខ្ញុំនៅសប្តាហ៍ក្រោយនេះ ដែលខ្ញុំត្រូវលប់ចោលនូវជំនួបនោះ»។
យ៉ាងណាក៏ដោយអ្នកធ្វើអត្ថាធិប្បាយដ៏ល្បីម្នាក់នៃក្រុមប្រឆាំង គឺលោកស៊ន ដារា ដែលកំពុងជ្រកកោននយោបាយនៅប្រទេសបារាំង បានធ្វើការព្យាករណ៍ថា ជំងឺរបស់សម្ដេច នាយករដ្ឋមន្ត្រី មានច្រើន ក្នុងនោះមានទាំងបញ្ហាស្មុកស្មាញផ្លូវនយោបាយផងដែរ។
សម្ដេចបនាយករដ្ឋមន្ត្រី ហ៊ុនសែន នៅឆ្នាំនេះ មានអាយុ៦៨ ឆ្នាំ បើ សម្ដេច បន្តរស់រៀន ៤០ឆ្នាំ ដូចសម្ដេចថាយមរាជ បន្តជីវិតអោយ៤០ឆ្នាំទៀត គឺសម្ដេច នឹងមានអាយយុដល់ទៅ១០៨ឆ្នាំ ។ បើដូចនេះមែន មើលទៅមានតែសម្ដេចហ៊ុនសែនមួយគត់ ជាមេដឹកនាំ កម្ពុជា បានកាន់អំណាចយូរជាងគេបំផុត ហើយមានអាយុក៏ច្រើនជាងគេផងដែរ ហើយ បើរាប់ចាប់ពី សម្ដេច សឺនសាន សម្ដេច ព្រះនរោត្តមសីហនុ សម្ដេចចក្រីញឹកជូឡុង សម្ដេចចៅសែនកុសល សម្ដេចជាស៊ីម លោកប៉ែនសុវណ្ណ បានស្លាប់និងសុគត់ មានអាយុមិនដល់មួយរយឆ្នាំនោះទេ៕