WMC

សម្ដេចហ៊ុនសែនច្រានចោលពាក្យចចាមអារា៉មថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង

បើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន​ បានលើកឡើងថា នាពេលថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារា៉មថារាជរដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលសម្ដេចសូម បញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺ កូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សូមជម្រាបថា កាលពីថ្ងៃ១១ ខែវិច្ឆិកា  រដ្ឋាភិបាលបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។ រដ្ឋាភិបាលបានបន្ដអំពាវនាវពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកាឱ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ ៣វិច្ឆិកា ២០២០ វិញ។

សម្ដេចបានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ នឹងសូមអោយអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនិងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេលធ្វើចត្តាឡីស័ក៕

Exit mobile version