loader

សម្ដេចសខេងថាការប្ដឹងលោក សម រង្ស៊ី ជាការគម្រាមអ្នកនយោបាយផ្សេងទៀត

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ការដែលសម្ដេច ប្ដឹងលោក សម រង្ស៊ី ដើម្បីឱ្យអ្នកនយោបាយដទៃទៀត ប្រកាន់នូវឥរិយាបថនយោបាយឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប្រឌិតរឿងដោយមានចេតនាទុច្ចរិតក្នុងការញុះញង់ ដើម្បីជាការបំបែកបំបាក់អ្នកដទៃ ។ យ៉ាងណា ការធ្វើបណ្ដឹងពីសម្ដេច ស ខេង ធ្វើឡើងនេះ ខណៈដែលសម្ដេច ហ៊ុន សែន មិនទាន់ប្ដឹងនៅឡើយលើករណីតែមួយ ។ ថ្មីៗនេះ លោក សម រង្ស៊ីថា សម្ដេចហ៊ុនសែនមានចំណែកសម្លាប់លោក ហុក ឡង់ឌី ហើយសម្ដេច ស ខេង កំពុងរៀបចំផែនការជាមួយកូនប្រុសលោក ហុក ឡង់ឌី ដើម្បីសងសឹកលើសម្ដេច ហ៊ុន សែន ។

លំអិតព័ត៌មាននេះដោយ លោក សោម លាភ

នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺសម្ដេច ស ខេង បាននឹងកំពុងសិក្សាលើលទ្ធភាពនៃការប្ដឹងលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ទៅតុលាការបារាំង ករណីការស្លាប់របស់លោក ហុក ឡងឌី អតីតស្នងការនគរបាលជាតិ ។

មិនទាន់នឹងប្ដឹងទៅតុលាការបារាំងផង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យប្ដឹងទៅលោក សម រង្ស៊ី នៅតុលាការកម្ពុជា ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ។ ក្នុងពាក្យបណ្ដឹងដែលចុះនៅថ្ងៃទី ១ កក្កដានោះ គឺទាមទារឱ្យតុលាការដាក់ទោសលោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរ និងទាមទារសំណងប្រមាណ ៤ពាន់លានរៀល ឬស្មើនឹង ១០០ លានដុល្លារសហរដ្ឋអាមេរិក ។

សម្ដេច ស ខេង បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃទី ៨ កក្កដានេះថា បណ្ដឹងប្រឆាំងនឹងលោក សម រង្ស៊ីនេះ គឺជាបណ្ដឹងទី១ ក្នុងមួយជីវិតរបស់ខ្លួន ខណៈដែលកន្លងមកសម្ដេចមិនដែលជាប់ពាក់ព័ន្ធនឹងការប្ដឹងផ្ដល់ ឬមានក្ដីក្ដាំជាមួយបុគ្គលណាឡើយ ។

សម្ដេចបន្ថែមថា ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះក៏បន្ថែមទៀតថា ការប្ដឹងនេះ គឺដើម្បីជាការរកយុត្តិធម៌ឱ្យខ្លួនផង និងយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់ ដែលត្រូវបានលោក សម រង្ស៊ី​លាបពណ៌ និងចោទប្រកាន់ខុសពីការពិត ។

យ៉ាងណា សម្ដេច ស ខេង អំពាវនាវដល់អ្នកនយោបាយទាំងអស់ គួរប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាព របស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឲ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

ខណៈដែលប្រមុខដឹកនាំកម្ពុជាកំពូលទាំងពីរ មិនទាន់ប្ដឹងលោក សម រង្ស៊ី ទៅតុលាការនៅប្រទេសបារាំង លោក សម រង្ស៊ីបានទទួចឱ្យពន្លឿនការបឹ្តង ខណៈដែលលោកថា បើមិនប្ដឹងបានន័យថា សម្ដេច ហ៊ុន សែន ទទួលស្គាល់ថាខ្លួនសម្លាប់លោក ហុក ឡង់ឌី ។

លោក សម រង្ស៊ីថា តុលាការបារាំងជាតុលាការឯករាជ្យ មិនដូចតុលាការកម្ពុជា ដែលលោកថា ជាតុលាការអាយ៉ង ។

យ៉ាងណា លោក សម រង្ស៊ី ដែលទទួលរងនូវការសម្រេចសេចក្ដីឱ្យមានទោស និងកំពុងជាប់បណ្ដឹងយ៉ាងច្រើនស្កឹះស្កះនោះ លោកធ្លាប់បានមានប្រសាសន៍ថា តុលាការកម្ពុជាកាន់តែកាត់សេចក្ដីលើសំណុំរឿងរបស់លោក ជាការកាន់តែផ្ដល់កិត្តិយសឱ្យរូបលោកកាន់តែខ្លាំង ។

យ៉ាងណា អ្នកវិភាគនយោបាយថា ការបន្តដាក់ពាក្យប្ដឹងលោក សម រង្ស៊ី បែបនេះ និងមានវិធានការមួយចំនួនទៀតតាមរយៈការចេញសេចក្ដីថ្លែងការ និងប្រកាសគម្រាមផ្សេងៗ ជាការរារាំងកុំឱ្យលោក វិលចូលកម្ពុជាវិញ ។

ទោះបីជាជាប់បណ្ដឹងជាច្រើនបែបណាក្ដី ចំពោះលោក សម រង្ស៊ី មិនដែលធ្លាប់បានជាប់ពន្ធនាគារម្ដងណាឡើយ ។

យ៉ាងណា មានការប្រកាសថាបើមានវត្តមានលោក សម រង្ស៊ី នៅកម្ពុជា អាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការទៅតាមផ្លូវច្បាប់ ប៉ុន្តែលោក សម រង្ស៊ី នៅតែប្ដេជ្ញាថា នឹងវិលចូលកម្ពុជាឱ្យខានតែបានក្នុងឆ្នាំ ២០១៩ នេះ ខណៈមានដំណឹងថានឹងមានអ្នកនយោបាយអន្តរជាតិហែហមមកជាមួយលោក ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

កម្ពុជានឹងធ្វើសមយុទ្ធបាញ់ទ្រង់ទ្រាយធំមុនមួយថ្ងៃនៃការមកដល់របស់លោក សម រង្សី

ក្រុងភ្នំពេញ៖ កម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់[...]

ផ្សាទំនើបសូរិយាអំពាវនាវឲ្យសារធារណៈជនចូលរួមការសម្តែងសិល្បៈវង់ភ្លេងអារក្សដោយសេរី

ក្រុងភ្នំពេញ៖ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត