ភ្នំពេញ ៖ សមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា ការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើបុគ្គលិកអាដហុក គឺមិនត្រឹមត្រូវទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ ។ អ្វីដែលនាំឱ្យអាដហុកប្រតិកម្ម គឺកាលពីថ្ងៃទី ២៥មេសា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតកោះហៅមន្ត្រីជាន់ខ្ពស់សមាគមនេះ ចំនួន ០៥ រូបឱ្យចូលបំភ្លឺការចោទមួយថា បានណែនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ កុំប្រាប់ពីការពិតទៅស្ថាប័នសមត្ថកិច្ច ករណីសំឡេងខ្សែអាត់ស្នេហាជាមួយសំឡេងមនុស្សប្រុសម្នាក់សង្ស័យថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
ការកោះហៅនេះ បណ្ដាលឱ្យមានការចោទសួរអំពីតួនាទីរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ចំពោះការអនុវត្តច្បាប់។
ប្រធានអង្គកាសមាគមសិទ្ធិមនុស្ស អាដហុក លោក ធន សារ៉ាយ បានថ្លែងថា អង្គការអាដហុកធ្វើការងារដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងជួយពលរដ្ឋទាំងឡាយណាដែលត្រូវបានរំលោភបំពានធ្វើឱ្យមានការភិតភ័យខ្លាចតែប៉ុណ្ណោះ។ លោកបានបន្តថា ករណីស្រីមុំនេះ កាលពីដំបូងនាងបានមកពឹងពាក់ឱ្យអង្គការអាដហុកជួយនាង ដោយលើឡើងថាមិនបានស្គាល់លោក កឹម សុខា ហើយក៏មិនធ្លាប់មានទំនាក់ទំនងជាមួយគ្នាឡើយ។
នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារ៍ លោក ធន សារ៉ាយ បានបង្ហាញវីឌីអូឃ្លឹបជាង ១៥នាទី និយាយអំពីកញ្ញាស្រីមុំ មកសុំអន្តរាគមន៍ពីសមាគមអាដហុក។
ប្រធានអង្គការសិទ្ធិមនុស្សអង្គការអាដហុក បានបន្ថែមថា លោកហាក់ដូចជាមិនយល់អំពីអង្គភាពប្រឆាំងអំពើពុករលួយដែលកោះហៅបុគ្គលិករបស់លោកទៅសួរនាំ ព្រោះបុគ្គលិករបស់លោកមិនបានប្រព្រឹត្តិអំពើពុករលួយកឹបកេងបំផ្លាញលុយជាតិនោះដែរ ។
លោកបានឱ្យដឹងទៀតថាអង្គការសិទ្ធិមនុស្សអាដហុក មិនដែលបង្គាប់ឱ្យស្រីមុំនិយាយអ្វីដែលមិនពិតឡើយ គឺនិយាយអ្វីពីដែលជាការពិតដែលនាងជួប។
តែនៅពេលជាមួយគ្នានេះ លោកធន់សារាយព្យាយាម បំភ្លឺមួយករណីទៀត ដែលកញ្ញស្រីមុំ និងម្ដាយមកពឹងពាក់អាដហុក ជួយ ការពារក្ដី ហើយបានស្នើសុំជំនួយហិរញ្ញវត្ថុ ឱ្យ ជួយ គ្រួសារនាង ព្រោះតាំងពីមានរឿងមកជីវភាពគ្រួសារមានលំបាក ព្រោះមិនបានទៅធ្វើការ ដូចសព្វដង។ លោកបញ្ជាក់ថា អាដហុកបានជូនប្រាក់២០៤ ដុល្លារទៅនាង តែក្នុងក្របខណ្ឌ មនុស្សធម៌ និងស្របតាមគម្រោងរបស់អង្គការ ដោយលោកបានបង្ហាញ ឯកសារកញ្ញាស្រីមុំ សុំជំនួយទៀតផង។
ទាក់ទិននឹងបញ្ហានេះ លោកមេធាវី ជួង ជូងី មានប្រសាសន៏ថាការអះអាងរបស់សមាគមនអាដហុកនេះជាការត្រឹមត្រូវ ព្រោះគ្មានច្បាប់ណា ចោទប្រកាន់ប្រឆាំង ការសុំអន្តរាគមន៍ ខាងផ្លូវច្បាប់ឡើយ ។
ចំនែក អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កត នៃអង្គការលីកាដូលោក អំ សំអាត ដែលបានចូលរួមស្ដាប់ក្នុងសន្និសីទនេះដែរ បានសម្ដែងការសោកស្តាយ ចំពោះការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ លោកបានបន្តថា បើគ្រាន់តែសង្គមស៊ីវិលបំពេញភារៈកិច្ចរបស់ខ្លូនក្នុងការការពារសិទ្ធិមនុស្សដោយផ្តល់យោបល់ពិគ្រោះជាមូយជនរងគ្រោះអំពីសិទ្ធិសេរីភាពរបស់បុគ្គលនីមួយៗ បែរជាមានការប្តឹងប្តល់ទៅវិញនោះ តើអង្គការសង្គមស៊ីវិលអាចជួយពន្យល់ប្រជាពលរដ្ឋពីសិទ្ធិសេរីភាព និងវិធីដោះស្រាយទំនាស់បានដោយរបៀបណា ។
តាមប្រធានសមាគមអាដហុក កញ្ញាស្រីមុំ មានរូបភាព២ គឺនិយាយថា ប្រាប់ សមាគមដែលនាងបដិសេធ សំឡេងខ្សែអាត់ សាសងជាមួយបុរសម្នាក់ដែលគេថាលោកកឹមសុខា គឺជាការពិតមួយ ហើយនាងទៅបំភ្លឺ នៅតុលាការគឺជាការពិតមួយ។ ត្រង់ចំនុចនេះ លោកមានភាពងើងឆ្ងល់ ថាមួយណាពិត មួយណាកុហក។
កាលពីថ្ងៃម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក ឱម យីនទៀង បាន ចេញលិខិត កោះ ហៅ មនុស្ស៨នាក់ ក្នុងនោះមាន បុគ្គលឹក សមាគមអាដហុក ចំនួន ៥នាក់ និង មនុស្ស ៣នាក់ទៀត គឺលោក នី ចរិយា អគ្គលេខាធិការរង គជប លោកស្រីធិតាឃឹះ នាយិការអង្គការសីលកា និងលោក ស៊ឺន សាលី មន្ត្រីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅកម្ពុជាឱ្យពួកគេចូលខ្លួនកក្រោមបទចោទថា បានណែនាំកញ្ញាស្រីមុំ និយាយកុហកតុលាការ ។ ពួកគេនឹងចូលខ្លួន ទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃ ទី២៧ -២៨ មេសានេះ ៕