ភ្នំពេញ ៖ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនព្រមដំឡើងប្រាក់ខែគ្រូ ដល់២លានរៀលតាមការទាមទាររបស់សមាគម គឺបង្ហាញថា រដ្ឋមិនយកចិត្ដទុកដាក់ចំពោះគ្រូបង្រៀន។ ការលើកឡើងនេះ បន្ទាប់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ការទាមទារប្រាក់ខែ ២លានរៀលនេះ បើរដ្ឋគ្មានលទ្ធភាព គឺរដ្ឋមិនអាចដោះស្រាយបានទេ។
លោក លៀ ស៊ីណា រាយការណ៍ ៖
នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រមូលផ្ដុំគ្នាដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក បំណងដាក់ញ្ញត្ដិទៅក្រសួងអប់រំ និងខុទ្ទកាល័យសម្ដេច ហ៊ុន សែន ដើម្បីទាមទារ នូវលក្ខខណ្ឌមួយចំនួនសម្រាប់គ្រូបង្រៀន។ តាមលិខិតចំហរបស់សមាគម លក្ខខណ្ឌទាំងនោះមាន ៩ចំណុច ហើយក្នុងនោះលក្ខខណ្ឌទី១ គឺទាមទារឲ្យដំឡើងប្រាក់ខែគ្រូបង្រៀនចាប់ពីកម្រិតទាបបំផុត ២លានរៀលក្នុងមួយខែ។
ទាក់ទិនរឿងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លៃងនៅវិទ្យាស្ថានជាតិអប់រំថា ប្រសិនបើរដ្ឋគ្មានលទ្ធភាព រដ្ឋក៏មិនអាចដោះស្រាយអ្វីបានដែរ ៖«ហើយថ្ងៃនេះគេកំពុងជុំគ្នាដែរ ដើម្បីទាមទារប្រាក់ខែគ្រូបង្រៀន។ ត្រូវហើយអ្នកដែលចង់បានប្រាក់ ប៉ុន្ដែប្រាក់ដែលយើងមិនមានលទ្ធភាពយើងក៏មិនអាចដោះស្រាយបានដែរ»។
ជុំវិញការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ដ្រីដូចនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញថា ចេតនារបស់សម្ដេច គឺមិនមានការយកចិត្ដទុកដាក់ចំពោះគ្រូបង្រៀនទេ ហើយអ្វីដែលសម្ដេចធ្លាប់អះអាងថា លោកកំពុងតែយកចិត្ដទុកដាក់លើលោកគ្រូ អ្នកគ្រូ គឺមិនមែនជាការពិត ៖«ចាស បើនាយករដ្ឋមន្ដ្រីឆ្លើយបែបនេះបានន័យថា នាយករដ្ឋមន្ដ្រីមិនទាន់បានលើកកម្ពស់គ្រូបង្រៀនទេ។ នាយករដ្ឋមន្ដ្រីតែងតែមានប្រសាសន៍ថា នាយករដ្ឋមន្ដ្រីកំពុងតែយកចិត្ដទុកដាក់ចំពោះលោកគ្រូអ្នកគ្រូ។ អញ្ចឹងបានន័យថា មិនមែនទេ គ្រាន់តែទាមទាររកសន្លឹកឆ្នោត តែមួយបណ្ដោះអាសន្ននាពេលបោះឆ្នោតតែប៉ុណ្ណឹង»។
បន្ថែមលើនេះលោកស្រី បញ្ជាក់ថា ការទាមទារនេះគឺដើម្បីផលប្រយោជន៍លោកគ្រូ អ្នកគ្រូ គ្រប់រូប មិនមែនជាការទាមទារដើម្បីតែក្រុមលោកស្រីប៉ុន្មាននាក់នោះទេ។ លោកស្រី ចង់ឲ្យរដ្ឋាភិបាលបង្ហាញការយកចិត្ដទុកដាក់ឲ្យបានខ្ពស់ជាងនេះ ចំពោះវិស័យអប់រំ។ ទន្ទឹមនឹងនេះ ដើម្បីបង្ហាញពីចេតនាក្នុងការលើកកម្ពស់វិស័យអប់រំ លុះត្រាតែមានការដំឡើងប្រាក់ខែលោកគ្រូ អ្នកគ្រូ ឲ្យបានសមរម្យ យ៉ាងហោចណាស់ ២លានរៀល ក្នុងមួយខែ និងលក្ខខណ្ឌមួយចំនួនទៀត។
យ៉ាងណាជុំវិញការដំឡើងប្រាក់ខែសម្រាប់គ្រូបង្រៀនេះ កាលពីចុងខែមីនា ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែនធ្លាប់អះអាងថា បច្ចុប្បន្នប្រាក់ខែគ្រូបង្រៀនមិនតិចជាង ១លានរៀលនោះទេ ហើយរដ្ឋាភិបាលនឹងដំឡើងប្រាក់ខែជូនលោកគ្រូ អ្នកគ្រូបន្ដទៀតនៅឆ្នាំក្រោយៗ៕