en     km
en     km

សមាគមគ្រូបង្រៀន ស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិរាករណ៍ប្រាក់ពិន័យជាង ១៨លានរៀល

Share

លោក រ៉ុង ឈុន និងលោកស្រី អ៊ុក ឆាយ៉ាវី ធ្វើធម្មយាត្រាតវ៉ាប្រាក់ខែគ្រូបង្រៀនកន្លងមក។ រូបភាពពីហ្វេសប៊ុកលោក រ៉ុង ឈុន។ 

ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និរាករណ៍សេចក្ដីសម្រេចរបស់ក្រសួងកន្លងមក ដែលពិន័យសមាគមឱ្យបង់ប្រាក់ជាង ១៨លានរៀល ដោយសារសមាគមល្មើសច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម។​ ការស្នើឱ្យនិរាករណ៍ប្រាក់ពិន័យ ដោយសមាគមថា ខ្លួនមិនបានស្ថិតក្នុងលក្ខណវិនិច្ឆ័យចំនួនពីរចំណុច ដែលត្រូវរងកាតព្វកិច្ចរាយការណ៍របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឱ្យទៅនិយ័តករគណនេយ្យ និងសវនកម្ម។

(កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍)

 

 

ក្នុងលិខិតដែលចុះហត្ថលេខាដោយលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ គឺស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្វើការនិរាករណ៍សម្រេចពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១៨,៨០០,០០០លានរៀល មកលើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។

លិខិតដដែលរបស់សមាគម បញ្ជាក់ថា តាមប្រកាសលេខ ៥៦៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ដីពី កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ក្នុងប្រកាស ៦ ចែងថា អង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវដាក់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យ ប្រសិនបើអង្គភាពមិនស្វែងរកប្រាក់ចំណេញស្ថិតក្នុងលក្ខណវិនិច្ឆ័យទាំងពីរ គឺចំណាយសរុបប្រចាំលើសពី ២,០០០,០០០,០០០ (ពីរប៊ីនលាន) រៀល និងមានកម្មករនិយោជិតចាប់ពី ២០នាក់ឡើងទៅ។

ប្រសិនបើអង្គការមិនរកប្រាក់ចំណេញ មិនស្ថិតក្នុងលក្ខណវិនិច្ឆ័យទាំងពីរខាងលើទេ គឺអាចដាក់របាយការណ៍ហិរញ្ញវត្ថប្រចាំឆ្នាំឱ្យរងសវនកម្មឯករាជ្យ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ដូច្នេះសមាគមគ្រូបង្រៀនថា យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច សមាគមមិនជាប់ក្នុងលក្ខណវិនិច្ឆ័យទាំងពីរ និងមិនជាប់កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យឡើយ។

សមាគមគ្រូបង្រៀន បានបន្ថែមទៀតថា ចំពោះនិយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម អះអាងថារកឃើញសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបំពេញកាតព្វកិច្ច ដោយល្មើសនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្មនោះ គឺផ្ទុយនឹងប្រកាស៦ នៃប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង។

លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៤ ខែវិច្ឆិកានេះថា សមាគមគ្រូបង្រៀន គឺមិនជាប់កាតព្វកិច្ចបង់ប្រាក់ពិន័យដែលនិយ័តករ​គណនេយ្យ​ និង​សវន​កម្ម បានប្រកាសកន្លងមកឡើយ ពីព្រោះតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ស្ដីពី កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ គឺសមាគមមិនមានជំនួយថវិកាពីស្ថាប័នណា និងមិនមានបុគ្គលិកបំពេញការងារនោះដែរ។ លោកបន្តទៀតថា ក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បញ្ជាក់យ៉ាងច្បាស់ថា អង្គការមិនរកប្រាក់ចំណេញ ដែលមានកាតព្វកិច្ច ដាក់របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននីមួយៗ គឺត្រូវមានបុគ្គលិកបំពេញការងារចាប់ពី ២០នាក់ឡើង និងមានការចំណាយសរុបប្រចាំឆ្នាំ ២ពាន់លានរៀល ប៉ុន្តែបើគ្មានចំណុចទាំងពីរនេះនោះទេ អង្គការមិនរកប្រាក់ចំណេញទាំងនោះ គឺដាក់របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនតាមគោលការណ៍ស្ម័គ្រចិត្ត។

លោក រ៉ុង ឈុន បានចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកន្លងមក។ WMC/Chea sokny

លោក រ៉ុង ឈុន៖​ «អ៊‌ីចឹងបើយោងតាមសេចក្ដីប្រកាសហ្នឹង សមាគមគ្រូបង្រៀនអត់ជាប់កាតព្វកិច្ចហ្នឹងទេ ព្រោះសមាគមអត់មានប្រាក់ កញ្ចក់ថវិកា ឬគម្រោងដែលទទួលបានពីខាងអង្គការ ខាងទូតណាទេ ដូច្នេះដល់តែមានលុយជាង ១០ម៉ឺនដុល្លារ ហើយនិងមានបុគ្គលិក ឬកម្មករនិយោជិតចាប់ពី ២០នាក់ឡើងទៅ អាហ្នឹងបានជាប់របាយការណ៍ជាប់កាតព្វកិច្ច ឬលក្ខណវិនិច្ឆ័យ ប៉ុន្តែបើស្ថិតនៅក្រោមហ្នឹង គឺដាក់តាមគោលការណ៍ស្ម័គ្រចិត្ត ក្នុងការដាក់របាយការណ៍»។

យ៉ាងណាក្នុងលិខិតដែលសមាគមបានដាក់ទៅក្រសួងសេដ្ឋកិច្ចនេះ លោកថា មិនទាន់ដឹងលទ្ធផលអ្វីនៅឡើយទេ គឺត្រូវរង់ចាំការឆ្លើយតបពីក្រសួងសិន តើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អាចនិរាករណ៍សេចក្ដីសម្រេចផាកពិន័យមកលើសមាគមបានដែរទេ? ទើបអាចមាននីតិវិធីអ្វីបន្តទៀត។ មកដល់ពេលនេះ លោកអះអាងថា សមាគមគ្រូបង្រៀន គឺលែងខ្វល់ខ្វាយពេលវេលាដែលនិយ័តករកំណត់ពេលឱ្យបង់ប្រាក់ពិន័យនេះទៀតហើយ ពីព្រោះសមាគមគ្មានកាតព្វកិច្ចអ្វីដែលត្រូវបង់ប្រាក់ពិន័យ ហើយសមាគ ក៏មិនដែលទទួលបានការអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលការដាក់របាយការណ៍ហិរញ្ញវត្ថុរបស់និយ័តករគណនេយ្យ និងសវនកម្មដែរ។

លោក រ៉ុង ឈុន៖ «ចូលរួមចំណែកជួយដល់សង្គម ប៉ុន្តែបែរជាទទួលរងគ្រោះបែបហ្នឹង អាហ្នឹងវាជារឿងមួយអយុត្តិធម៌ចំពោះសមាគមដូចខ្ញុំបានជំរាបខាងដើមអ៊‌ីចឹងរាល់អ្វីៗមិនមែនដាក់កំហិតពិតឱ្យវាចប់តែម្ដងនោះទេ វាត្រូវតែមានការណែនាំម្ដងជាពីរម្ដងមុននឹងចាប់ឱ្យបង់ពិន័យ ពីព្រោះកាលដែលសេចក្ដីប្រកាសរបស់ក្រសួងចេញក៏មិនបានទូលំទូលាយអ្វីផងដែរ ពីព្រោះសមាគមមិនដែលបានទទួលការដឹងអំពីការប្រកាសពន្ធ ក៏ដូចជាការដាក់របាយការណ៍ហិរញ្ញវត្ថុ។ យើងដឹងតែការដាក់របាយការណ៍ទៅក្រសួងមហាផ្ទៃតែប៉ុណ្ណឹង ដែលជាក្រសួងពិន័យក្នុងការផ្ដល់បញ្ជិកាឱ្យសមាគមតែប៉ុណ្ណឹង»។

វិទ្យុស្ដ្រីបានព្យាយាមទាក់ទងទៅអ្នក​នាំពាក្យ​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ លោក ​មាស ​សុខសេនសាន មកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីលោកឡើយ។

សូមបញ្ជាក់ថា តាមលិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី ​១៣​ ខែ​កញ្ញា ​ឆ្នាំ២០២៤ ដែលជាលិខិតមានចុះហត្ថលេខាដោយលោក ប៊ូ ថារិន អគ្គនាយកនិយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម ដែលជាសេនាធិការឱ្យអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សមាគមគ្រូបង្រៀនទាក់ទងនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចរក្សាពិន័យលើសមាគមឱ្យបង់ប្រាក់ចំនួន ១៨,៨០០,០០០រៀល។ ការពិន័យទឹកប្រាក់នេះ ដោយសារសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំបានបំពេញកាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដង់ដាគណនេយ្យ និងមិនបានដាក់បញ្ជូនរបាយការណ៍គណនេយ្យរបស់ខ្លួនមកនិយ័តករជាដើម៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង