en     km
en     km

សមាគមគ្រូបង្រៀន នៅតែត្រូវពិន័យជាង១៨លានរៀល ទោះពន្ធដារមិនបង្គាប់ឱ្យបង់ក្ដី

Share

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ រូបភាពពីគណនីហ្វេសប៊ុកលោក រ៉ុង ឈុន។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថា ខ្លួនរងពិន័យពីនិយ័តករ​គណនេយ្យ​ និង​សវន​កម្ម ដែលបង្ខំឱ្យបង់ប្រាក់ពិន័យជាង ១៨លានរៀល ដោយសារល្មើសនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម ប៉ុន្តែនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ថា សមាគមគ្រូបង្រៀនមិនទាន់ចុះបញ្ជីជាមួយស្ថាប័នខ្លួន និងមិនមានការបង្គាប់ឱ្យបង់ពន្ធជាង ១៨លានរៀលនេះឡើយ។ កញ្ញា ជា សុខនី រាយការណ៍

 

 

តាមលិខិតបំភ្លឺមួយច្បាប់របស់ អគ្គនាយកដ្ឋានពន្ធដារ បានសរសេរដកស្រង់ការលើកឡើងរបស់លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ ខ្លឹមសារបទសម្ភាសដដែល បានលើកឡើងទៀតថា ក្រសួងសេដ្ឋកិច្ច បានបង្គាប់ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត ៥ពាន់ដុល្លារ»។

លោក ប៊ូ ថារិន អគ្គនាយកនិយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម។

អគ្គនាយកដ្ឋានពន្ធដារ បានឆ្លើយតបនឹងការលើកឡើងនេះថា៖ «សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនេះ ដែលជាការអះអាង ពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវលើអគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨ លានរៀលនោះទេ»។

ការឆ្លើយតបនេះ បានធ្វើឱ្យមានចម្ងល់ពីប្រិយមិត្ត ដែលបានស្នើឱ្យក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី ផ្ទៀងផ្ទាត់ករណីនេះ ដ្បិតថា លោកស្រី អ៊ុក ឆាយ៉ាវី ថា ក្រសួងសេដ្ឋកិច្ចបង្គាប់ឱ្យសមាគមគ្រូបង្រៀនបង់ពន្ធជាង១៨លានរៀល តែ អគ្គនាយកដ្ឋានពន្ធដាបំភ្លឺថា  គេមិនបានបង្គាប់ឱ្យសមគមគ្រូបង្រៀនបង់ពន្ធ ជាង១៨លានរៀលនោះទេ។ បើអញ្ចឹងមែនតើ សមាគមគ្រូបង្រៀន មិនជាប់កាតព្វកិច្ចបង់ពន្ធនេះទេ មែនទេ?

ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី បានទាក់ទងសម្ភាសន៍អ្នកស្រី អ៊ុក ឆាយ៉ាវី ដោយលោកស្រី  បញ្ជាក់នៅថ្ងៃទី៣១ ខែតុលានេះថា អ្វីដែលអគ្គនាយកដ្ឋានពន្ធដារបានច្រានចោលការបង់ពិន័យនេះ លោកស្រីមិនទាន់ដឹងទេ ប៉ុន្តែសមាគមគ្រូបង្រៀន គឺពិតជាទទួលបានពីក្រសួងសេដ្ឋកិច្ច ឱ្យបង់ពិន័យជាទឹកប្រាក់ជាង ១៨លានរៀល ឬគិតជាដុល្លារជិត ៥ពាន់ដុល្លារ។ យ៉ាងណាចំនួនទឹកប្រាក់ពិនិយនេះ លោកស្រីថា សមាគមគ្រូបង្រៀន មិនមានលទ្ធភាពបង់បានឡើយ ពីព្រោះសមាគមគ្រូបង្រៀន មិនបានទទួលជំនួយពីស្ថាប័នណា និងមិនមានបុគ្គលិកបំពេញការងារដែរ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែលើកលែងឱ្យសមាគម។

លោកស្រី អ៊ុក ឆាយ៉ាវី៖ «មានការផាកពិន័យ ហើយចេញទៅដោយនិយ័តករមែន ក្នុងហ្នឹងគេចង្អុលបង្ហាញសុទ្ធតែឧបនាយកអ៊ីចឹងទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីចឹងទៅបានច្រានចោលសំណើសុំលើកលែងករណីហ្នឹង។ ខ្ញុំនៅតែឆ្ងល់ដែរថាមានក្រសួងអីច្រើនម៉េះ ហើយប្រសិនជាមានក្រសួងហ្នឹងហើយនៅរក្សាពិន័យ ប៉ុន្តែមានក្រសួងហិរញ្ញវត្ថុខាងពន្ធដារនេះ បានច្រានចោលទៀត ហើយក្រសួងហ្នឹងបង្កើតប៉ុន្មានក្រសួង ហើយក្រសួងហ្នឹងមានភារកិច្ចស្អីខ្លះ ហើយខ្ញុំមិនមែនអ្នកធំរៀនចេះដឹងខ្ពង់ខ្ពស់ ប៉ុន្តែខ្ញុំអត់យល់អ្វីទាំងអស់នេះទេ»

ក្នុងលិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី ​១៣​ ខែ​កញ្ញា ​ឆ្នាំ ​២០២៤​ ​ដែលវិទ្យុស្ដ្រីទទួលបានពីលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូមបង្រៀនកម្ពុជាឯករាជ្យ ដែលជាលិខិតមានចុះហត្ថលេខាដោយលោក ប៊ូ ថារិន អគ្គនាយកនិយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម ដែលជាសេនាធិការឱ្យអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សមាគមគ្រូបង្រៀនទាក់ទងនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចរក្សាពិន័យលើសមាគមឱ្យបង់ប្រាក់ចំនួន ១៨,៨០០,០០០រៀល។ ការពិន័យទឹកប្រាក់នេះ ដោយសារសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំបានបំពេញកាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដង់ដាគណនេយ្យ និងមិនបានដាក់បញ្ជូនរបាយការណ៍គណនេយ្យរបស់ខ្លួនមកនិយ័តករជាដើម។

នៅថ្ងៃទី៣០ ខែតុលា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកការផាកពិន័យជាទឹកប្រាក់ជាង ១៨លានរៀលនេះ ជាការ​ចាប់​បង្ខំ​សមាគម​ ក្នុង​បំណង​បំបិទ​សំឡេង​អង្គការ​វិជ្ជាជីវៈ​។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា សមាគម​ជា​អង្គភាព​មិន​ស្វែង​រក​ប្រាក់​ចំណេញ ​ដែល​ធ្វើ​ការងារ​លើក​កម្ពស់​លក្ខ​ខណ្ឌ​ការងារ​គ្រូ​បង្រៀន ​និង​ការ​អប់រំ​តែ​ប៉ុណ្ណោះ​ គួរ​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ លើក​លែង​ការបង់ពិន័យនេះ។

ក្រុមការងារផ្ទៀងផ្ទាត់បានព្យាយាមទាក់ទងទៅអ្នក​នាំពាក្យ​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ លោក ​មាស ​សុខសេនសាន ប៉ុន្តែលោកបដិសេធក្នុងការធ្វើសេចក្ដីអត្ថាធិប្បាយ។ យ៉ាងណាលោកបានផ្ញើលិខិតបំភ្លឺរបស់អគ្គនាយកនិយ័ត​ករ​គណនេយ្យ​ និង​សវន​កម្ម ថា និយ័តករ រកឃើញសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបំពេញកាតព្វកិច្ច ដោយល្មើសនឹងច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម។ ដូច្នេះសមាគម នឹងទទួលរងការ​ពិន័យ​អន្តរ​ការណ៍​ចំពោះ​បទ​ល្មើស​នឹង​ច្បាប់​ស្តីពី​គណនេយ្យ​ និង​សវនកម្ម៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង