ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៦ កក្តដានេះថា យ៉ាងហោចណាស់ថ្នាំញៀនទម្ងន់ជាង១០០ក្រាម ត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងទីតាំងការ៉ាអូខេឈ្មោះថា«អូបាម៉ា»កាលពីថ្ងៃម្សិលមិញ។
តាមការបញ្ជាក់ពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុប្រាប់ថា ថ្នាំញៀនដែលរឹបអូសបានមានប្រភេទ កេតាមីន មានទម្ងង់៤៤,៩០ក្រាម និងអេចតាសិន ៥៤,២១ក្រាម។
លោក ជួន ណារិន្ទ បញ្ជាក់ថា សមត្ថកិច្ចកំពុងតាមប្រមាញ់ថៅកែហាងការ៉ាអូខេ«អូបាម៉ាKTV»ដែលពាក់ព័ន្ធករណីគ្រឿងញៀននេះ។ ដោយឡែកលោកមិនទាន់អាចបញ្ជាក់ពីការបែងចែក និងបញ្ជូនអ្នកពាក់ព័ន្ធគ្រឿងញៀនដែលឃាត់ខ្លួនបាននៅឡើយទេ ដោយសមត្ថកិច្ចកំពុងចាត់ចែង។ លោកឱ្យដឹងថា សមត្ថកិច្ចកំពុងពិសោធន៍បឋមចុងក្រោយលើអ្នកឃាត់ខ្លួនទាំងអស់ ដើម្បីស្វែងរកសារធាតុញៀន។
សូមជម្រាបជូនថា កាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៥ ខែកក្តដា សមត្ថកិច្ចខេត្តព្រះសីហនុក្នុងនោះរួមមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុទើបមកកាន់តំណែងថ្មី បានឆ្មក់ចូលបង្រ្កាបហាងការ៉ាអូខេ«អូបាម៉ា KTV»មួយកន្លែង ដោយរឹបអូសបានគ្រឿងញៀន និងឃាត់ខ្លួនមនុស្សចំនួន ១៥០នាក់ ដែលភាគច្រើនជាជនជាតិចិន។ហាងការ៉ាអូខេ«អូបាម៉ា KTV»នេះស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីដើមខែកក្កដាបានឲ្យដឹងថា នៅទូទាំងក្រុងព្រះសីហនុ មានក្លិបកម្សាន្តខារ៉ាអូខេចំនួន ៤១ កន្លែង ដោយក្នុងនោះ ស្ថិតក្រោមការគ្រប់គ្រងដោយជនជាតិចិន។ របាយការណ៍ដដែលបានបង្ហាញថា អាជីវកម្មជាង ៩០ ភាគរយ នៅខេត្តនាពេលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយជនជាតិចិន រាប់ចាប់តាំងពីសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រហូតដល់ហាងម៉ាស្សា៕
អត្ថបទ៖ លោក កែវ សុខា, កញ្ញា ច័ន្ទ លក្ខ័ណា