ស្នងការនគរបាលខេត្តព្រះសីហនុអះអាងថា ស្ដ្រីជនជាតិឡាវដែលព្យាយាមរត់ចេញតាមបង្អួចសណ្ឋានគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ពុំមែនរត់គេចចេញពីករណីបង្ខាំងមនុស្សនោះទេ ប៉ុន្តែអាចមកពីឥទ្ធិពលនៃថ្នាំញៀនទើបធ្វើឱ្យស្រ្តីរូបនោះសម្រេចធ្វើបែបនេះ។ កញ្ញា ជា សុខនី រាយការណ៍
លោក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៩ ខែកក្កដានេះថា ស្ដ្រីម្នាក់ដែលបានរត់ចេញតាមបង្អួចសណ្ឋាគារមួយកន្លែងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុនេះ គឺមិនមែនជាករណីចាប់បង្ខាំងមនុស្សនោះទេ។ បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលបានជួយសង្គ្រោះ បញ្ជាក់ថា ស្ដ្រីរូបនោះជាជនជាតិឡាវដែលមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ រីឯមូលហេតុដែលនាំឱ្យស្ដ្រីជនជាតិឡាវលួចចេញតាមបង្អួចសណ្ឋានគារបែបនេះ គឺដោយសារតែស្ដ្រីនោះរងឥទ្ធិពលគ្រឿងញៀនដែលបានប្រើប្រាស់។
លោក ស រដ្ឋា ៖ «ករណីហ្នឹងអត់មានបង្ខាំងស្អីនោះទេ ហើយយើងតេស្ដសារធាតុញៀនទៅ គឺគាត់មានថ្នាំញៀនមានគ្រឿងញៀនបាទ ហើយកន្លែងនោះជាសណ្ឋានគារស្នាក់នៅធម្មតាទេអត់មានអីទេ»។
មកដល់ពេលនេះ ក្រោយពីតេស្ដរកឃើញថាលើស្ដ្រីជនជាតិបរទេសនោះមានសារធាតុញៀន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជូនស្ដ្រីនោះទៅប្រទេសកំណើតរបស់ខ្លួនវិញ ទោះបីស្ដ្រីនោះមកប្រទេសកម្ពុជាក្នុងនាមជាអ្នកទេសចរក៏ដោយ។
លោក ស រដ្ឋា ៖ «ដោយសារគាត់តេស្តទៅវាមានសារធាតុញៀន អញ្ចឹងយើងអនុវត្តដោយបណ្ដាញគាត់ចេញទៅតាមនីតិវិធីច្បាប់»។
ទាក់ទងនឹងរឿងនេះ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ និយាយថា អ្នកស្រីមិនទាន់បានឃ្លាំមើលករណីនេះនូវឡើយទេ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាជាករណីបង្ខាំងមនុស្ស ឬជាករណីគ្រឿងញៀននោះទេ។
អ្នកស្រី ជៀប សុធាវី ៖ «ខ្ញុំអត់ទាន់បានទៅធ្វើអីរឿងហ្នឹងទេ ចង់និយាយអញ្ចឹងគ្រាន់តែឃើញគេដាក់មកគ្រុប(ក្រុម)ស្ដ្រីហ្នឹងទេ។ ហើយយើងខាងខ្ញុំពិបាកធ្វើការណាស់ឥលូវនេះ ខាងស្នងការស្នងអីមិនសូវសហការឱ្យព័ត៌មានយើងទេ ឥលូវខ្ញុំក៏អត់ដឹងថាជនរងគ្រោះជាស្ដ្រីហ្នឹងគាត់ទៅដល់ណាដល់ណីយ៉ាងមិចទេ»។
បើតាមលោក អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលបានជួយសង្គ្រោះស្ដ្រីដែលជាជនជាតិបរទេសនេះ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលស្ដ្រីនេះព្យាយាមរត់ចេញតាមបង្អួចសណ្ឋានគារជាន់ទី៧មួយកន្លែងស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ៕