សារព័ត៌មាន នៃប្រទេសម៉ាឡេស៊ីបានចុះផ្សាយថា សភាម៉ាឡេស៊ី នឹងត្រូវបានរំលាយ នៅថ្ងៃទី២៩ ខែមីនានេះ ដែលជាដំណើរការត្រៀមរៀបចំការបោះឆ្នោតសភានីតិកាលទី១៤ ក្រោមក្រសែភ្នែក របស់សហគមន៍អន្តរជាតិ ខណៈគណបក្សប្រឆាំងរួបរួម ស្ថិតក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី មហាធា មហាមាដ។
សារព័ត៌មាន ម៉ាឡេស៊ី The Star Daily បានចុះផ្សាយនៅថ្ងៃនេះថា អាណត្តិរបស់រដ្ឋាភិបាល ក៏នឹងត្រូវអស់នៅថ្ងៃទី២៤ ខែមីថុនា ឆ្នាំ២០១៨នេះ។ តែមានសមត្ថភាព ត្រឹមតែជារដ្ឋាភិបាលចាំផ្ទះតែប៉ុណ្ណោះ។ ក្រុមអ្នកវិភាគ ចាត់ទុកការបោះឆ្នោតលើកនេះ ថា មានរូបភាពប្លែងជាងកាលអាណត្តិមុន ដោយសារតែអ្នកនយោបាយ ដ៏មានប្រជាប្រិយភាព គឺអតីតនាយករដ្ឋមន្ត្រី មហាធា មហាមាដ បានចាប់ដៃ ជាមួយ មេបក្សប្រប្រឆាំង អាន់វ៉ាអ៊ីប្រាហ៊ិម ដឹកនាំបក្សប្រឆាំងរួបរូម ប្រកួតការបោះឆ្នោតនេះ។
តែបើទោះជាបែបនេះក្ដី គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ណាជីពរ៉ាហ្សាក់ នៅតែសង្ឃឺមថា បក្ស UMNO របស់លោក នឹងបន្ដឈ្នះឆ្នោត មួយអាណត្តិទៀត ទោះបីជារូបលោក កំពុងជាប់វគ្គវិន នឹងរឿងអាស្រូវពុករលួយក៏ដោយ។
គួរជម្រាប បើសភាត្រូវបានរំលាយនៅចុងខែមីនា មែន គឺការបោះឆ្នោត អាចចាប់ផ្ដើមនៅមុនខែសីហាឆ្នាំនេះ។ យ៉ាងណាសូមរំឮកថា នៅក្នុងការបោះឆ្នោត កាលពីអាណត្តិមុន គណបក្ស UMNO បានរបូតអាសនៈជាច្រើន ទៅគណបក្សប្រឆាំង ដែលនាំឱ្យមានការព្រមានថា ការបោះឆ្នោតខាងមុខនេះ ទំនងជា ដំណាក់កាលចុងក្រោយ របស់គណបក្ស UMNO ដែលបានការពារ តំណែងជាក្បាលម៉ាស៊ិន ដឹកនាំប្រទេស តាំងតែពីប្រទេសនេះ បានចាប់ផ្ដើមរៀបចំព្រឹត្ដិការណ៍ បោះឆ្នោតលើកដំបូង ក្រោយទទួលបានឯករាជ្យ ពីអាណានិគមអង់គ្លេស៕