ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានផ្ដល់បទសម្ភាសខ្លី វិទ្យុស្ដ្រី FM102 នៅថ្ងៃអាទិត្យទី ១៣ វិច្ឆិកានេះថា សពកីឡាករទូកងពីរនាក់ ដែលម្នាក់មានឈ្មោះ សុខ ចាន់ជេស្ដា អាយុ ៣៦ ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈឺន ចន អាយុ ១៨ ឆ្នាំ ត្រូវសមត្ថកិច្ចរកឃើញហើយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។

តាមការអះអាងរបស់អភិបាលខណ្ឌដូនពេញដដែល កីឡាករទូកង ដែលបានបាត់ខ្លួនទាំងពីរនាក់នេះ គឺម្នាក់រកឃើញនៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ហើយម្នាក់ទៀតត្រូវបានរកឃើញនៅចំណុចកំពុងដរ កំពង់ព្រីង ភូមិកំពង់ព្រីង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។
លោក គួច ចំរើន បានបញ្ជាក់លើចំនុចនេះថា ៖ «ខ្ញុំមិនបាននៅក្នុងប្រតិបត្តិការផ្ទាល់ ប៉ុន្ដែជារបាយការណ៍ដែលខ្ញុំទទួលបានថាមួយ គឺ ឃើញនៅកោះរះ ខាងស្រុកកៀនស្វាយ មានន័យថា នៅទន្លេមេគង្គក្រោម មួយទៀត គឺ យើងរកឃើញនៅខ្សាច់ត្បូង ខាងទឹកដីខេត្តកណ្ដាលដែរ ប៉ុន្ដែនៅខាងដងទន្លេបាសាក់» ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានឱ្យដឹងទៀតថា ក្រោយពីបានរកឃើញសាកសពរបស់កីឡាករទូងទាំងពីរហើយនោះ សមត្ថកិច្ចក៏បានបញ្ចូនសពជនរងគ្រោះ ទៅឱ្យគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ផងដែរ។
ដោយឡែកទាក់ទងនឹងបញ្ហាសំណងដែលក្រុមហ៊ុនទូកទេសចរណ៍វៀតណាម ត្រូវទទួលខុសលើហេតុការណ៍នេះ។ តែលោកថា ករណីនេះ មិនទាន់ទទួលបានលទ្ធផលយ៉ាងណាទេ ដោយសារតែមិនទាន់បានការឯកភាពគ្នាចុងក្រោយនៅឡើយ។
លោក គួច ចំរើន បញ្ជាក់លើចំនុចនេះបន្ថែមថា ៖ «ទាក់ទងនឹងបញ្ហានេះ នៅមិនទាន់បានជជែកគ្នាចង់សព្វគ្រប់នៅឡើយទេ ប៉ុន្ដែមានក្រុមការ ងារដែលបានធ្វើការដោះស្រាយក្នុងរឿងនេះ មានទាំងព្រះរាជអាជ្ញា សមត្ថកិច្ច នគរបាលជើងគោក ជើងទឹក កំពង់ផែកាន់សាប ដែលមានការពាក់ព័ន្ធជាមួយនឹងករណីនេះ គឺ យើងបានរួមគ្នាដើម្បីធ្វើការដោះ ស្រាយ ប៉ុន្ដែមិនទាន់បានការឯកភាពគ្នាចុងក្រោយនៅឡើយ ព្រោះដោយសារថា កីឡាករដែលបាត់ខ្លួន យើងទើបតែរកឃើញថ្ងៃហ្នឹង»។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់សមត្ថកិច្ច ហេតុការណ៍ដែលនាំអោយមានការបាត់ខ្លួនកីឡាករអុំទូកងទាំងពីររូបខាងលើនេះ គឺ ដោយ សារមានទូកទេសចរណ៍មួយគ្រឿងដែលគេដឹងថា ជាទូកទេសចរណ៍របស់វៀតណាម បានបើកបុកពីក្រោយទូកងរបស់ជនរងគ្រោះ ខណៈដែលទូកងរបស់ជនរងគ្រោះ កំពុងអុំចេញពីត្រើយម្ខាងក្បែរសណ្ឋាគារសុខា ទៅកាន់ត្រើយខាងលិច មុខព្រះបរមរាជវាំង ដែលជាកន្លែងរបស់កីឡាអុំទូកងសំចតត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក។
សូមបញ្ជាក់ថា ទូកងដែលរងគ្រោះក្នុងហេតុការណ៍នោះមានឈ្មោះថា "រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ"ជា ទូកង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយទូកងនេះមានចំណុះទូក ៥៧នាក់ និងមានប្រវែង ២៩ម៉ែត្រ៕