ភ្នំពេញ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេចលុបចោលកិច្ចប្រជុំជាមួយប្រធានាធិប តីហ្វ៊ីលីពីនលោក Rodrigo Duterte ដែលគ្រោងធ្វើនៅប្រទេសឡាវវិញ បន្ទាប់ពីលោក Duterte បានប្រើពាក្យសម្តីប្រមាថលោក អូបាម៉ា ថាជាកូនស្រីពេស្យា។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Ned Price និយាយថា លោក អូបាម៉ា បានប្រាប់លោកថា លោកគួរតែជួបប្រធានាធិបតីកូរ៉េខាងត្បូង ជំនួសលោក Duterte វិញប្រសើរជាង។
លោក អូបាម៉ា និយាយទៀតថា លោកនឹងលើកឡើងពីបញ្ហាការសម្លាប់ក្រៅប្រព័ន្ធតុលាការទាក់ទងនឹងគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនក្នុងជំនួបកំពូលអាស៊ាន។
យ៉ាងណាលោក Duterte តបវិញថា ប្រសិនបើលោក អូបាម៉ា លើកពីបញ្ហាការសម្លាប់មនុស្សពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវមែន នោះលោកនឹងវាយបកទៅលោក អូបាម៉ា វិញជាក់ជាមិនខាន។
លោក អូបាម៉ា បានជិះយន្តហោះទៅប្រទេសឡាវកាលពីថ្ងៃចន្ទទី០៥កញ្ញា ម្សិលមិញ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ(អាស៊ាន) បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំ G20 នៅទីក្រុង ហាងចូវ (Hangzhou)ប្រទេសចិន។
លោក Duterte បានថ្លែងនៅទីក្រុងម៉ានីល មុនពេលលោកចាកចេញទៅប្រទេសឡាវថា យ៉ាងតិចណាស់មានមនុស្ស ២៤០០នាក់ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការប្រឆាំងនឹងថ្នាំញៀនរបស់លោក ចាំពីខែមិថុនាមក។
កន្លងមកលោក Duterte បានអនុញ្ញាត ឱ្យសម្លាប់ឈ្មួញថ្នាំញៀនដើម្បីព្យាយាមលុបបំបាត់ពាណិជ្ជកម្មគ្រឿងញៀនពីប្រទេសហ្វីលីពីន។
លោក Duterte បន្តថា៖«យុទ្ធនាការប្រឆាំងនឹងថ្នាំនឹងត្រូវបន្ត»។ លោកថា៖ «រហូតមកដល់ពេលនេះក្រុមផលិតគ្រឿងញៀនត្រូវបានយើងសម្លាប់ជាបន្តបន្ទាប់»។ លោកបន្តថា លោកអូបាម៉ាមិនត្រូវមើលងាយលោកនោះទេ។
លោក អូបាម៉ា បានឆ្លើយតបវាយបកវិញថា លោក Duterte ជាបុរសម្នាក់ចូលចិត្តលាបពណ៌ឱ្យខ្លួនឯង។
អង្គការសហប្រជាជាតិបានថ្កោលទោសម្តងហើយម្តងទៀត ទៅលើគោលនយោបាយរបស់លោក Duterte ថា បានរំលោភសិទ្ធិមនុស្ស។ ចំណែក មេសាសនារ៉ូម៉ាំងកាតូលិក ដែលមានភាពលេចធ្លោនៅក្នុងប្រទេសហ្វីលីពីន ក៏បានរិះគន់យុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក Duterte ផងដែរ។
ក្នុងខែសីហានេះ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិពីររូបបានរិះគន់ លើ ករណីសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀន ថាសកម្មភាពនេះគឺជាបានញុះញង់ឱ្យមានអំពើហិង្សា និងការសម្លាប់ ហើយវាក៏ជាឧក្រិដ្ឋកម្មដែលស្ថិតក្រោមច្បាប់អន្តរជាតិផងដែរ៕ប្រភព៖BBC