បន្ទាប់ពីមានភាពចម្រូងចម្រាស់ទៅលើទិន្នន័យនៃការនាំចេញខ្សាច់ទៅក្រៅប្រទេស ក្រុមអង្គការសង្គមមួយចំនួនដែលធ្វើទាក់ទងនឹងធនធានធម្មជាតិ និងតម្លាភាព បានស្នើឱ្យក្រសួងរ៉ែ និងថាមពល បញ្ឈប់ការនាំបូមខ្សាច់បណ្តោះអាសន្នសិន ជាពិសេសខ្សាច់សមុទ្រ។
នេះបើតាមការឱ្យដឹងពីលោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បន្ទាប់ពីលោកបានចូលរួម កិច្ចប្រជុំ ជាមួយក្រសួង ថាមពល និងរ៉ែ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ។ យ៉ាងណា លោកថា ក្រសួង មិនទាន់ឆ្លើយចំពោះស្នើសុំនទេ។ កញ្ញា ឆេង ណាតា រាយការណ៍បន្ត៖
ការស្នើឱ្យពិចារណា ក្នុងការផ្អាកការបូមខ្សាច់នេះ ដើម្បីឱ្យក្រសួងរកដោះស្រាយលើភាពចម្រូងចម្រាស់ និងធ្វើឱ្យប្រព័ន្ធនៃការបូមខ្សាច់ និងនាំខ្សាច់ចេញមានភាពម៉ត់ចត់ជាងមុន ប្រយោជន៍ដើម្បីគ្រង់គ្រង ប្រាក់ចំណួល ឱ្យបានត្រឹមត្រូវ។
ក្នុងចំណោមជាង១០ អង្គការ ដែលបានចូលរួមប្រជុំ គឺលោក សនជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ករណីនេះ ភាពមិនប្រក្រតី ហើយ។
«ពីព្រោះអីឥលូវនេះ យើងកំពុងស្ថិតក្នុងរឿងអាស្រូវនាំខ្សាច់ចេញ មិនប្រក្រីតី»។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីលោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានទេនៅថ្ងៃនេះ។ ប៉ុន្តែបើការឱ្យដឹងពីលោកសន ជ័យ ក្រសួងមិនទាន់បានឆ្លើយតបតាមសំណើរសង្គមស៊ីវិលនោះទេ ដោយរងចាំរបាយការណ៍លម្អិតពី ខេត្តកោះកុងជាមុនសិន។
ការបើកកិច្ចប្រជុំរវាងក្រសួង រ៉ែ និងថាមពល ជាមួយអង្គការសង្គមស៊ីវិល ដែលមានការចូលរួមជាង១០អង្គការ នៅនាយកដ្ឋានប្រេងកាត ដើម្បីបំភ្លឺជុំវិញភាពមិនប្រក្រតីនៃអាជីវកម្មនាំខ្សាច់ចេញទៅក្រៅប្រទេស និងប្រាក់ចំណូលពីអាជីវកម្មនេះ បន្ទាប់ពីសង្គមស៊ីវិលចំនួន៤៧ កាលពីថ្ងៃទី៣១ តុលា បានរួមគ្នាដាក់លិខិតចំហមួយទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឱ្យចេញមុខបកស្រាយជុំវិញរឿងកម្ពុជា បាត់លុយជាង ៧៥០លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញខ្សាច់ទៅលក់នៅសិង្ហបុរីក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។
លិខិតចំហររបស់សង្គមស៊ីវិលដែលបានដាក់ទៅក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេល៨ឆ្នាំដូចគ្នា ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម និងទិន្នន័យរបស់ប្រទេសសឹង្ហបុរីខុសគ្នាឆ្ងាយ។ ទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាបាននាំខ្សាច់ចេញក្នុងបរិមាណសរុបចំនួនប្រមាណ២,៨លាន ក្នុងតម្លៃ៥,៥លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រទេសសិង្ហបុរីនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០១៥ ។ ប៉ុន្តែយោងតាមទិន្នន័យស្ថិតិពាណិជ្ជកម្មលើទំនិញរបស់អង្គសហប្រជាជាតិ បាន ឱ្យដឹងថាចំនួនខ្សាច់ដែលសិង្ហបុរីនាំចូលពីកម្ពុជា មានចំនួន៧២,៨លានតោន ។
ចំពោះបញ្ហានេះ លោកសន ជ័យ ដែលបានចូលក្នុងកិច្ចប្រជុំ បានឱ្យដឹងថា រដ្ឋាភិបាលហាក់មិនបានបដិសេធ តួលេខ ដែលចេញដោយប្រទេសសិង្ហបុរី និងរបាយការរបស់អង្គការសហប្រជាជាតិនោះទេ ដោយរដ្ឋាភិបាលមិនទាន់យល់ឱ្យបានស៊ីជម្រៅទៅលើការកត់ត្រារបស់សឹង្ហបុរី។ តែយ៉ាងណាលោកថា ក្រសួងនៅតែ អះអាងថាតួលេខខ្សាច់ដែលបាននាំចេញមានត្រឹមតែជាង២លានប៉ុណ្ណោះ ដែលតួលេខនេះនៅតែជាចម្ងល់ដដែលរបស់អង្គការសង្គមស៊ីវិល។
បែបនេះក្តីលោកថា រដ្ឋាភិបាលបានសហការជាមួយសង្គមស៊ីវិល និងជំរុញឱ្យសង្គមស៊ីវិល ស្វែងរកភស្តុតាងបន្ថែមទៀតពីបញ្ហាចម្រូងចម្រាស់ និងភាពមិនប្រក្រតីនៃការនាំខ្សាច់ចេញផងដែរ៕