ភ្នំពេញ៖ សង្គមស៊ីវិលដែលធ្វើការងារលើកិច្ចការបោះឆ្នោតនៅកម្ពុជាយល់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតមានលក្ខណៈល្អប្រសើរជាងកាលពីអាណត្ដិមុនៗ ព្រោះមានរូបថត ក៏ប៉ុន្ដែសង្គមស៊ីវិលទាំងនោះថា នេះត្រឹមតែជាដំណាក់កាលដំបូងប៉ុណ្ណោះ។
ជុំវិញរឿងនេះ គ.ជ.ប អះអាងថា ខ្លួននឹងខិតខំបន្ដធ្វើកិច្ចការងារដោយឈរលើកគោលការណ៍អព្យាក្រិត្យ យុត្ដិធម៌ និងត្រឹមត្រូវ ដើម្បីឲ្យគ្រប់ភាគីទាំងអស់ទទួលយកបាន។
ខណៈការបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីទើបតែចាប់ផ្ដើម ទាំងប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានបង្ហាញក្ដីសាទរដែលបញ្ជីឈ្មោះថ្មីនេះមានរូបថត និងទិន្នន័យរបស់ប្រជាពលរដ្ឋច្បាស់លាស់ជាងកាលពីអាណត្ដិមុនៗ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ ដឹងនៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧ ថា លោកមានការរីករាយចំពោះបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលបានបង្ហាញពីតម្លាភាពនៃអ្នកចុះឈ្មោះល្អប្រសើរជាងអាណត្ដិមុនៗ។ ទោះជាយ៉ាងណាលោក គល់ បញ្ញា នៅតែមិនសាទរដោយសារចំនួនពល រដ្ឋចុះឈ្មោះបោះឆ្នោត មានតិចនៅឡើយ។ ករណីនេះ លោកថាអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកបោះ ឆ្នោត។
លោក គល់ បញ្ញា ៖ "យើងមិនអាចសន្និដ្ឋានបានភ្លាមៗទេតែយើងបានសន្មតហើយថា វាមានគុណភា ពល្អប្រសើរជាងមុនប៉ុន្ដែយ៉ាងណាក៏ដោយយើងនៅពេលវេលាទៀតដើម្បីយើងពិនិត្យមើលធ្វើសវនកម្មទៅលើបញ្ជីឈ្មោះបោះឆ្នោតហ្នឹង ហើយយើងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតថាតើមានពលរដ្ឋមកមើលឈ្មោះប៉ុន្មា កែឈ្មោះប៉ុន្មាន ហើយមានការប្ដឹងផ្ដល់ប៉ុន្មាន ដើម្បីយើងតាមដានបន្ដទៀតថា បញ្ជីឈ្មោះបោះឆ្នោតនេះគឺអាចជឿទុកចិត្ដ "។
បន្ថែមពីនេះលោក គល់ បញ្ញា ក៏មានការព្រួយបារម្ភពីគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ថា អាចនឹងត្រូវបានគេលួចចូលទៅ Hack ដោយសារតែប៉ុន្មានថ្ងៃនេះមានការលំបាកក្នុងការចូលទៅមើលឈ្មោះតាមប្រព័ន្ធអ៊ិនធឺណេត។
ដូចគ្នាដែរលោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច យល់ថាបញ្ជីឈ្មោះដែលមានតម្លាភាពនេះ អាចជាការលើកទឹកចិត្តអ្នកបោះឆ្នោតផងដែរ។
បន្ថែមលើនេះលោក ចង់ឲ្យ គ.ជ.ប បង្កើនការផ្សព្វដំណឹងដល់ពលរដ្ឋឲ្យបានដឹង ដើម្បីឲ្យពួកគាត់បានទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះរបស់គាត់ឲ្យបានមុនពេលដែល គ.ជ.ប បិទបញ្ចប់ការប្ដឹងតវ៉ា និងប្ដឹងជំទាស់។ លោក សំ គន្ធាមី ៖ “ វាល្អហើយដំណាក់កាលទីមួយនេះ គឺឃើញសញ្ញាល្អណាស់ គ.ជ.ប គាត់ប្រើវិធីសាស្ដ្រចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រហ្នឹង វាគួរឲ្យយើងទុកចិត្ដបាន ហើយអ្នកបោះឆ្នោតទាំងអស់ក៏ទុកចិត្ដបានដែរ ជាមួយប្រព័ន្ធកុំព្យូទ័រ ប៉ុន្ដែយើងមិនអាចមានឈ្មោះស្ទូន ឈ្មោះអីទេដំណាក់កាលនេះ តែនៅដំណាក់កាលបន្ទាប់ទៀតយើងត្រូវចាំមើល និងតាមដានសិន ”។
ជាការឆ្លើយតបលោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប នឹងបន្ដខិតខំធ្វើការងាររបស់ខ្លួនដោយឈរលើគោលការណ៍អព្យាក្រិត្យ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតមួយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។
អ្នកនាំពាក្យក៏បានអំពាវនាវឲ្យភាគីសង្គមស៊ីវិល និងគណបក្សនយោបាយចូលរួមទាំងអស់គ្នាដើម្បីផ្សព្វផ្សាយដំណឹងនេះដល់ពលរដ្ឋ។ ជាមួយគ្នានេះ អ្នកនាំពាក្យ គ.ជ.ប ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើសង្គមស៊ីវិល ឬ បក្សនយោបាយចង់បានបញ្ជីឈ្មោះបោះឆ្នោតផ្លូវការអាចទាក់ទងទៅ គ.ជ.ប ដើម្បីរៀបចំការស្នើសុំ។
ចំពោះគេហទំព័ររបស់ គ.ជ.ប មានភាពរអាក់រអួលក្នុងការបើកមើល លោកថា អាចបណ្ដាលមកពីអ្នកចូលមើល មានចំនួនច្រើននិងមួយវិញទៀតលោកក៏សង្ស័យផងដែរថា អាចមានអ្នកលួច Hack។ តែលោកសង្កត់ធ្ងន់ថា ទោះមានអ្នកចូលទៅ Hack គឺ Hack បានត្រឹមតែផ្នែកខាងក្រៅប៉ុណ្ណោះ ចំពោះទិ ន្នន័យដើម គឺមិនអាចចូលទៅលួចកែប្រែអ្វីបានទេ។ លោក ហង្ស ពុទ្ធា ៖ “ចំពោះការណីនេះយើងក៏មានការសង្ស័យថាមានអ្នក Hack ដែរ គឺយើងកំពុងតែតាមដាន ហើយខ្ញុំក៏ចង់បញ្ជាក់ផងដែរថា បើ Hack គឺបានតែខាងក្រៅទេចំពោះបញ្ជីដើម គឺមិនអាច Hack ចូលទៅកែប្រែ ឬធ្វើអ្វីបានទេ ”។
បញ្ជីបោះឆ្នោតដំបូង ត្រូវបានចាប់ផ្តើមបិទផ្សាយ នៅថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅគ្រប់ ឃុំ សង្កាត់ ចំនួន ១៦៣៣ នៅទូទាំងប្រទេស។ ចំនួនប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលខែ ៣ កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៨,៤២៩នាក់ ហើយចំនួនឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតដំបូងមានចំនួន ៨,៣៦៥ នាក់។ ចំណែកឈ្មោះអ្នកដែលត្រូវបានលុបចេញពីទិន្នន័យរួចរាល់ គឺមានចំនួន ២,៧៣៧ នាក់។
សូមជម្រាបថា ប្រទេសកម្ពុជានឹងមានព្រឹត្ដការណ៍សំខាន់ចំនួន២ នាពេលដ៏ខ្លីខាងមុខនេះ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសភាអាណត្ដិទី០៦ នៅឆ្នាំ២០១៨៕