កាលពីប៉ុន្មានថ្ងៃមុននេះ លោក អាឡិច ហ្សង់ដ្រូ ហ្កន់សាឡេ ដេវិតសិន (Alejeandro Gonzalez Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ បានបង្ហាញកាប្ដេជ្ញាចិត្ដរបស់ខ្លួនស្នើឱ្យរដ្ឋាភិបាល អនុញ្ញាតឱ្យលោកវិលត្រឡប់មកកម្ពុជាវិញ ដើម្បីអនុវត្តសិទ្ធិការពារខ្លួននៅតុលាការតទល់នឹងការចោទប្រកាន់។ ជុំវិញបញ្ហានេះ សង្គមវិស៊ីលបានលើកឡើងថា រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យលោក អេឡិច បានចូលក្នុងប្រទេសកម្ពុជាវិញតាមការស្នើសុំ។
អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនយល់ឃើញថា ការស្នើសុំវិលចូលប្រទេសកម្ពុជាវិញ របស់លោក អាឡិច ហ្សង់ដ្រូ ហ្កន់សាឡេ ដេវិតសិន ដើម្បីធ្វើការឆ្លើយតបនឹងការចោទប្រកាន់ពីសំណាក់ក្រុមហ៊ុននៅខេត្ដកោះកុង នាពេលនេះ រដ្ឋាភិបាលគួរតែអនុញ្ញាត។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសការិយាល័យស៊ើបអង្កតនៃអង្គការលីកាដូ (LICADHO) បានមានប្រសាសន៍ថា បើគិតពីច្បាប់ក្នុងប្រទេសកម្ពុជាលោកអាឡិច គឺមានសិទ្ធក្នុងការចូលមក ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់លើរូបលោកបាន។ លោក អំ សំអាត បញ្ជាក់ថា បើសិនជារដ្ឋាភិបាលនៅតែប្រកាន់ជំហរ មិនអនុញ្ញាតិឱ្យលោក អាឡិច ចូលមកបំភ្លឺជុំវិញបទចោទលើរូបលោកនោះទេ លោក អាឡិច អាចស្នើទៅកាន់ប្រទេសមហាអំណាចដែលជាសមាជិកអាស៊ាន ដើម្បីសុំការអន្ដរាគមន៍ក្នុងការបើកឱកាសឱ្យលោកអាចចូលមកតទល់នឹងការប្តឹងចោទលោកពីសំណាក់ក្រុមហ៊ុនបូមខ្សាច់នៅខេត្ដកោះកុងនោះបាន។
លោកបន្ថែមថា៖ «បើយោងទៅតាមយន្ដការអន្ដរជាតិហើយនិងរដ្ឋធម្មនុញជាធំ ជាពិសេសគឺប្រកាន់គោលជំហរយុត្ដិធម៌ និងស្មើភាពគ្នាចំពោះមុខច្បាប់ទាំងចំពោះប្រព័ន្ធតុលាការ បើមិនអញ្ចឹងទេពិភពលោកបានន័យថាអន្ដរជាតិក៏ដូចជាបណ្ដាប្រទេសផ្សេងៗ គេនឹងចោទកម្ពុជាយើងមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាភាគីឬរដ្ឋជាភាគីនៃបទដ្ឋានអន្ដរជាតិក៏ដូចជាសមាជិកនៃអង្កការសហប្រជាជាតិ»។
ចំណែកសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោក រស់ រ៉ាវុធ បានមានប្រសាសន៍ថា សម្រាប់ការហាមឃាត់មិនឱ្យជនបរទេសចូលមកប្រទេសណាមួយ លុះណាតែបុគ្គលនោះ បានប្រព្រឹត្ដិបទល្មើសបង្កជាសកម្មភាពប្រឆាំងរដ្ឋាភិបាល បង្កបញ្ហាអសន្តិសុខ ខាតផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនធ្ងន់ធ្ងរ ទើបប្រទេសនោះមានសិទ្ធិជាអន្ដរជាតិក្នុងការហាមឃាត់បុគ្គលនោះមិនឱ្យចូលក្នុងប្រទេសបាន។
លោក រស់ រ៉ាវុធ បានបន្ថែមថា បើសិនជាមានជនបរទេសណាមកកាន់ប្រទេសមួយចូលរួមជាមួយរដ្ឋាភិបាល និងពលរដ្ឋដើម្បីថែរក្សាការពារធនធានធម្មជាតិ និងផលប្រយោជន៍ផ្សេងៗ រដ្ឋាភិបាលគួរតែមានការលើកទឹកចិត្ដ ចូលរួមសហការ និងគួរតែផ្ដល់សញ្ញាតិដល់ជនបរទេសនោះ ដូចជា លោក អាឡិច ជាដើម។
លោក រស់ រ៉ាវុធ បានបញ្ជាក់ថា រដ្ឋាភិបាលទោះចង់មិនចង់គួរតែផ្ដល់ឱកាសសម្រាប់លោក អាឡិចក្នុងការចូលមកតទល់នឹងពាក្យបណ្ដឹងនេះ ដើម្បីកុំឱ្យបរទេសមើលមកកម្ពុជាក្នុងផ្លូវអាក្រក់ជាងនេះ។
លោកបន្ថែមថា៖ «បើសិនណាជារដ្ឋាភិបាលនៅតែបដិសេធ ហើយមិនឱ្យ អាឡិច ចូល គឺ អាឡិច នៅតែមិនអាចចូល ហើយការដែលមិនអាចចូលបានហ្នឹងហើយ វានៅតែជាមន្ទិលសង្ស័យចំពោះបុគ្គលដែលត្រូវចោទ»។
ជុំវិញបញ្ហានេះ WMC មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃនេះ។ ចំណែក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់វិទ្យុស្ដ្រី FM 102 នៃ WMC នៅថ្ងៃនេះថា ប្រទេសកម្ពុជា គឺប្រទេសដែលមានដែនអធិបតេយ្យភាពនិងការទទួលខុសត្រូវត្រឹមត្រូវបំផុត។
លោកថា ផលប្រយោជន៍ប្រទេសកម្ពុជា គឺមានរដ្ឋាភិបាលមួយដែលស្របច្បាប់សម្រាប់ការពារធនធានធម្មជាតិក្នុងប្រទេសរួចហើយ។ លោក ផៃ ស៊ីផាន បន្ថែមថា ការណ៍ដែលក្រសួងមហាផ្ទៃបញ្ចូនលោក អាឡិច ចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥ នោះគឺដើម្បីបញ្ចប់បញ្ហាស្មុគស្មាញក្នុងប្រទេស។
«សម្រាប់អ្វីដែលអង្កការក្រៅរដ្ឋាភិបាលបានលើកឡើង ហាក់បីដូចជាមាក់ងាយដល់ខ្មែរទាំងអស់គ្នាដែលអត់មានសមត្ថភាពក្នុងការកិច្ចការពារព្រៃឈើ បើទោះយើងថាវាជាអន្ដរវូពាណិជ្ជកម្ម យ៉ាងណាក៏ដោយក៏កម្ពុជាគឺជាកម្ពុជាផលប្រយោជន៍កម្ពុជាដាច់ដោយឡែកពីអ្នកដទៃគ្រាន់តែយើងធ្វើការសហការជាមួយគ្នាហើយកម្ពុជាយើងមានដែនសមត្ថកិច្ចស្របច្បាប់មួយក្នុងការចាត់ចែង»។
សូមរំឭកថា ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ហ្សង់ដ្រូ ហ្កន់ហ្សាឡេ ដេវិតសិន សញ្ជាតិអេស្ប៉ាញ (Spain) ត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ដោយសារផុតទិដ្ឋាការរស់នៅក្នុងប្រទេសកម្ពុជា៕