សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធជាមួយនឹងយុវជនបានលើកទ្បើងថា ការចូលរួមរបស់ យុវជនក្នុងការរួមចំណែកអភិរក្សវប្បធម៌ជាតិ គឺនៅមានកម្រិតនៅទ្បើយ។ ការលើកទ្បើងរបស់សង្គមស៊ីវិលបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរៀបចំ “ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៨ ឆ្នាំ២០១៦” លើប្រធានបទ “យុវជនដើម្បីវប្បធម៌ ជាតិ”។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងយុវជនបានលើកទ្បើងថា យុវជនពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកអភិរក្សវប្បធម៌ជាតិព្រោះថា នៅពេលដែលយុវជនបានដឹងពីវប្បធម៌របស់ខ្លួនច្បាស់លាស់ហើយនោះ ពួកគេអាចចែករំលែកវប្បធម៌នេះទៅដល់ជនបរទេសឱ្យបានដឹងតាមរយៈការសិក្សារបស់ខ្លួននៅក្រៅប្រទេស ឬតាមរយៈវិធីសាស្ត្រ ផ្សេងៗមួយចំនួនទៀត។
ប្រធានបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាទ្បៃ បានប្រាប់វិទ្យុស្រី្តនៅថ្ងៃសុក្រនេះថា លោកគាំទ្រទៅនឹងសារាចររបស់រដ្ឋាភិបាលដែលរៀបចំឱ្យមានទិវាវប្បធម៌ជាតិ ៣ មីនា ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។ លោក ទឹម ម៉ាទ្បៃ បន្តថា យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិរក្សវប្បជាតិ ប៉ុន្តែលោកថាការចូលរួមរបស់យុវជនក្នុងការអភិរក្សវប្បជាតិនៅមានតិចតួចនៅទ្បើយ។
លោកស្នើឱ្យយុវជនត្រូវគិតគូរពីការសិក្សាប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់ ដើម្បីចែករំលែកវប្បធម៌របស់ខ្លួនទៅដល់បរទេសឱ្យបានស្គាល់ពីអត្តសញ្ញាណវប្បធម៌របស់ជាតិ។ ជាងនេះទៅទៀត រដ្ឋាភិបាលត្រូវមានការលើកទឹកចិត្តដោយផ្តល់សាលាឬគ្រូដែលមានវិជ្ជាជីវៈទាក់ទងនឹងវប្បធម៌នេះឱ្យបានច្រើនតាមបណ្តាខេត្តនានាដើម្បីឱ្យពួកគេអាចចូល
រៀននឹងយល់ដឹងឱ្យកាន់តែច្បាស់ពីវប្បធម៌ជាតិខ្លួន។
«ខ្ញុំយល់ថាមានយុវជនតិចណាស់ដែលគាត់បានគិតគូរ ឬក៏និយាយថាគាត់អាចចូលរួមបានដោយសារអ្នកខ្លះគាត់មានស្នាដៃ គាត់មានការលើកស្រឡាញ់ការចូលចិត្តច្រើនប៉ុន្តែដោយសារតែមានឱកាសនៃការគាំពារនឹងមានកម្រិត…»។
សូមជម្រាបបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញសារាចរស្តីពី “ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៨ ឆ្នាំ២០១៦” ក្នុងគោលបំណងដើម្បីបង្កើនការស្រទ្បាញ់ និងស្មារតីចូលរួមកាន់តែខ្លាំងក្លាថែមទៀតក្នុងការផ្ទេរ និងទទួលយកចំណេះដឹងជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើកកម្ពស់ការថែរក្សា ការពារវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានគង់វង្ស ដែលជាមូលដ្ឋានគ្រឹះនៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។
ជាពិសេសលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាធនធានប្រកបដោយសក្តានុពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ជាដើម៕