ភ្នំពេញ៖ សង្គមស៊ីវិល និង អង្គការសិទ្ធិមនុស្សលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលដែលបានធ្វើលើលោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ សញ្ជាតិអេស្ប៉ាញ ដែលសម្រេចលុបចោលទិដ្ឋាការអេឡិចត្រូនិក (e-Visa) របស់គាត់ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក៏ប៉ុន្ដែតំណាងរាជរដ្ឋាភិបាលបានបដិសេធការរិះគន់នេះ ដោយលើកឡើងថា រដ្ឋាភិបាលធ្វើគ្រប់យ៉ាង គឺដើម្បីរក្សាស្ថេរភាព នៅក្នុងប្រទេសប៉ុណ្ណោះ ។
សង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្សរិះគន់ថា ការលុបចោលទិដ្ឋាការអេឡិចត្រូនិចរបស់លោក អេឡិកហ្សង់ដ្រូ គឺជាការរំលោភសិទ្ធមនុស្ស រំលោភច្បាប់រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតិឲ្យចុងចោទមានសិទ្ធចូលបំភ្លឺ និងតតាំងបណ្ដឹងរបស់ខ្លួនតាមផ្លូវច្បាប់។
លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃអាទិត្យ ទី១០ មេសា នេះថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការបរទេសត្រូវតែអនុញ្ញាតិឲ្យលោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បានទិដ្ឋាការអាចវិលចូលមកកម្ពុជាវិញ ដើម្បីតតាំងនឹងបណ្ដឹងដែលតុលាបានចោទប្តឹងរូបគាត់គ្រប់និតិវិធីនៃច្បាប់របស់កម្ពុជា។
លើសពីនេះ លោក ណៃ វ៉ង់ដា យល់ថា បើទោះបីជាក្រសួងការបរទេស មិនអនុញ្ញាតឲ្យលោក អេឡិកហ្សង់ដ្រូ អាចវិលចូលកម្ពុជាវិញក៏ដោយ ក៏ស្ថាបនិកមាតាធម្មជាតិរូបនេះនឹងព្យាយាមធ្វើយ៉ាងណាវិលចូលកម្ពុជាវិញឲ្យទាល់តែបាន បើទោះបីជាត្រូវចាប់ខ្លួនយ៉ាងណាក្ដី។
អនុប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការអាដហុករូបនេះ បានបញ្ជាក់ថាទៀតថា តាមផ្លូវច្បាប់តុលាការ គឺមិនអាចធ្វើការចោទប្រកាន់ ឬចេញលិខិតហាមឃាត់ចុងចោទ មិនឲ្យចូលខ្លួនមកបំភ្លឺនៅចំពោះមុខតុលាការបាននោះឡើយ។ ជាងនេះទៀង លោកបានសង្កត់ធ្ងន់ថា ចំពោះចំណាត់ការរបស់ក្រសួងការបរទេសដែលហាមឃាត់ សកម្មជនមាតាធម្មជាតិ មិនឲ្យចូលមកកម្ពុជាបាននាពេលនេះ គឺជាការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោកបន្ថែមថា« ការដែលហាមគាត់ (អេឡិកហ្សង់ដ្រូ) មិនអោយចូលមកតតាំងតាមផ្លូវច្បាប់ផ្លូវតុលានេះ គឺរំលោភទៅនឹងច្បាប់ជាតិ និង ច្បាប់អន្ដរជាតិមួយចំនួនក៏ដូចជាច្បាប់រដ្ឋធម្មនុញ្ញដែរ ដែលអនុញ្ញាតឲ្យអ្នកទាំងឡាយណាដែលជាចុងចោទ ទី១ ត្រូវមានមេធាវី ទី២ ត្រូវមានសិទ្ធក្នុងការចូលបំភ្លឺ ឬ ក៏មានសិទ្ធតតាំងតាមផ្លូវច្បាប់ ហើយបើកាលណាយើងមិនគោរពតាមនិតិវិធី ហើយមិនគោរពតាមច្បាប់ទាំងអស់នេះទេបានន័យថាយើងមិនមែនជានិតិរដ្ឋទេ»។
ឆ្លើយតបនឹងបញ្ហានេះលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការចោទប្រកាន់ថា ការហាមមិនឲ្យសកម្មជនមាតាធម្មជាតិអាចចូលមកប្រទេសកម្ពុជា ជាការំលោភសិទ្ធមនុស្សនោះគឺពុំមែនជាការពិតលោកបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាជាប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរ ហើយរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការបណ្ដេញ ឬក៏ហាមឃាត់ជនណា ដែលបង្កផលប៉ះពាល់ដល់ផលប្រយោន៍ពលរដ្ឋ ផលប្រយោជន៍ប្រទេសជាតិ និងបង្កភាពចលាចលអស្ថេរភាពក្នុងប្រទេស។
លោក ផៃ ស៊ីផាន បន្ថែមថា៖ «សេចក្ដីសម្រេចរបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលមានសិទ្ធិអំណាចសម្រេច ប្រសិនណាជារឿងនោះវាមានផលប៉ះផលប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិ និង ផលប្រយោជន៍រដ្ឋាភិបាល ដែលបង្កើតបានជាភាពស្មុកស្មាញនោះរដ្ឋាភិបាលមានសិទ្ធមិនឲ្យអ្នកនោះចូលស្រុក»។
ចំណែកលោក រស់ រ៉ាវុធ អ្នកវិភាគព្រឹត្ដិការណ៍សង្គមយល់ឃើញថា រាជរដ្ឋាភិបាលគួរតែបើកផ្លូវឲ្យលោក អេឡិកហ្សង់ដ្រូ អាចវិលចូលមកម្ពុជាវិញ ដើម្បីតតាំងនឹងបណ្ដឹងរបស់គាត់ដែលត្រូវតុលាការចោទ។ បន្ថែមពីនេះលោកថា ប្រសិនជាជនបរទេសណាដែលចូលទៅប្រទេសមួយ ហើយព្យាយាមជួយថែរក្សាធនធានធម្មជាតិនៃប្រទេសនោះ រាជរដ្ឋាភិបាល គួរតែផ្ដល់សិទ្ធិឲ្យបុគ្គលនោះ ដូចជាពលរដ្ឋក្នុងប្រទេសខ្លួនដែរ ជាក់ស្ដែងដូចជា លោក អេឡិច នេះជាដើម។
អ្នកវិភាគព្រឹត្ដិការណ៍សង្គមរូបនេះបញ្ជាក់ទៀតថា នៅកម្ពុជាការអនុវត្ដន៍ ច្បាប់របស់រាជរដ្ឋាភិបាលគឺមានស្ដង់ដាពីរទៅលើកម្មជនការពារព្រៃឈើ។ ជាក់ស្ដែងសកម្មជនទាំងនោះ តែងតែរងនូវពាក្យបណ្ដឹង និង បទចោទផ្សេងៗ ដោយឡែកក្រុមអ្នកមានអំណាចនិងឧញ្ញាធំៗមួយចំនួនដែលបំផ្លាញព្រៃឈើគឺតែងតែរួចទោសជានិច្ច។
លោកបន្ថែមថា៖ «កន្លងមកអ្នកការពារព្រៃឡង់ដែលពួកគាត់ការពារហើយតែងតែមានទោស ហើយឧកញ៉ាធំៗ ឬ ក៏អ្នកមានអំណាចតែងតែរួចទោស នេះគឺជាទិដ្ឋភាពជាក់ស្ដែងមួយចំពោះសង្គមបច្ចុប្បន្នដែលប្រជាពលរដ្ឋលោកមើលឃើញ»។
សូមបញ្ជាក់ថា ក្រសួងការបរទេសកាលពីថ្ងៃសុក្រ ទី ០៨ ខែមេសា បានចេញលិខិតមួយច្បាប់ចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងគឺលោក ឡុង វិសាលោ បានជម្រាបជូនលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា ដោយសារតែប្រព័ន្ធត្រួតពិនិត្យបញ្ជីខ្មៅរបស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិច (e-Visa) មានភាពរអាក់រអួល ដូច្នេះហើយមិនបានផ្តល់សញ្ញាឲ្យដឹងបណ្តាលឲ្យការិយាល័យទិដ្ឋការអេឡិចត្រូចនិច (e-Visa) បានចេញទិដ្ឋាការឲ្យឈ្មោះអេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន កាលពីថ្ងៃទី ០៦ ខែមេសា ។
ទោះជាយ៉ាងណា តាមលិខិតរបស់លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស បានអះអាងថា រហូតដល់ពេលនេះ (e-Visa) ដែលផ្តល់ជូនជនជាតិអេស្ប៉ាញ លោក អេឡិកហ្សង់ដ្រូ ត្រូវបានលុបហើយ។ ក្រសួងនេះ ក៏បានជូនដំណឹងទៅតាមច្រកទ្វារអន្តរជាតិកម្ពុជាទាំងអស់ មិនត្រូវអនុញ្ញាតឱ្យឈ្មោះ អេឡិកសង់ដ្រូ ចូលមកកម្ពុជាទេ។
សូមរម្លឹកថា លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹនសញ្ជាតិអេស្ប៉ាញ ត្រូវបានក្រសួងមហាផ្ទៃ ចាប់ខ្លួននិងបណ្តេញចេញពីប្រទេសកម្ពុជាកាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០១៥ ក្រោមហេតុផលទិដ្ឋាការរបស់គាត់ផុតកំណត់៕