ក្រោយពីរាជរដ្ឋាភិបាលបានចេញសារាចរណែនាំថា កម្ពុជាអាចនឹងជួបបញ្ហាខ្វះទឹកក្នុងឆ្នាំ ២០១៦ ក្នុងការដាំដំណាំស្រូវ សង្គមស៊ីវិលដែលធ្វើការពាន់ព័ន្ធនឹងបរិស្ថានបានសារទរចំពោះការផ្ដល់ដំណឹងជាមុននេះ ដោយថាវាជាការល្អ ហើយវាក៏មិនយឺតពេលទេ សម្រាប់ឱ្យកសិករត្រៀមខ្លួនទុកជាមុន។ ជាមួយគ្នាសង្គមស៊ីវិលក៏លើកឡើងដែរថា ការព្យាករអំពីទឹកភ្លៀងនេះ ត្រូវតែ ប្រាកដប្រជា ដើម្បីកុំឱ្យប្រជាកសិករមានបញ្ហាប្រឈម និងការខ្វះខាតស្បៀង។
នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា បានមានប្រសាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៃ WMC នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ នេះថា វាជាការប្រសើរណាស់ដែល រាជរដ្ឋាភិបាលបានផ្ដល់ដំណឹងជាមុនដល់ប្រជាកសិករទូទៅឱ្យបានដឹងជាមុន ទាក់ទងនឹងការខ្វះខាតទឹកក្នុងឆ្នាំ ២០១៦ ខាងមុខនេះ។
លោកមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំគិតថាសេចក្ដីជូនដំណឹងនេះ គឺមិនទាន់ហួសពេលទេ សម្រាប់ប្រជាកសិករដែលគាត់ធ្វើស្រែប្រាំង ហើយប្រជាកសិករដែលគាត់ធ្វើស្រូវវស្សានៅ ឆ្នាំ២០១៦ ផងដែរ។ ហើយជាព្រពៃណី កសិករយើងអាចចាប់ផ្ដើមស្ទូងនៅក្នុងតំបន់ខ្លះ នៅពាក់កណ្ដាល់ខែមិថុនា ហើយបើការព្យាករ គឺអាចភ្លៀងនៅក្នុងខែកក្កដា នេះគឺជាព្រឹត្ដិការណ៍មួយល្អដែរ ដែលជួនដំណឹងដល់ប្រជាកសិករមុន»។
លោក តឹក វណ្ណារ៉ា មានប្រសាសន៍បន្ថែមថា ទោះជាការជួនដំណឹងបានមុនយ៉ាងណាក្ដី ក៏សង្គមស៊ីវិលចង់ឃើញក្រសួងពាក់ព័ន្ធគ្រប់ផ្នែក គួរចុះអប់រំប្រឹក្សារបច្ចេកទេស ក្នុងការរក្សាទឹក ការដាំដុះ កសិផលដែលងាយទទួលផលហើយចំណាយទឹកតិច ដល់ប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមមូលដ្ឋាន។ ម្យ៉ាងវិញទៀតលោក ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក្រសួង ជាសេនាធិការ គឺត្រូវតែធានាដែរថា ព័ត៌មានដែលផ្ដល់ចេញទៅកាន់ប្រជាពលរដ្ឋ នោះមានភាពប្រាកដប្រជា ទាក់ទងនឹងការព្យាករ គឺយ៉ាងហោចណាស់ក៏ពិត បាន ៧០% ដែរ សម្រាប់ ប្រជាកសិករ គាត់អាចត្រៀមខ្លួនត្រូវនឹងការព្យាករ។
លោក តឹម វណ្ណារ៉ា បន្ថែមថា បើកសិករបានដឹងថាអាកាសធាតុ មានការផ្លាសប្ដូរមិនទៀងទាត់ ហើយបើមានការផ្លាស់ប្ដូរ តិចតួចបំផុត គឺមិនជាបញ្ហាអ្វីទេ តែបើសិនជាការប្រែប្រួលអាកាសធាតុ ខុសឆ្ងាយពីការព្យាករពេក គឺជាហេតុនាំឱ្យកសិកររងផលប៉ះពាល់ធ្ងន់ធ្ងរ។
លោកបន្ថែមថា៖ «តែមួយទៀតក្រសួង រដ្ឋ លេខាធិការហ្នឹង ត្រូវតែមានភាពប្រាកដប្រជា សម្រាប់ការព្យារករ ហើយបើសិនជាព័ត៌មានទាក់ទងនឹងការព្យាករហ្នឹង មានការផ្លាស់ប្ដូរ អាចធ្វើឱ្យកសិករ អាចជួបនឹងបញ្ហាប្រឈម ព្រោះគាត់អត់ធ្វើស្រូវ ដល់មានទឹកវិញ គឺជាការខាតបង់ របស់កសិករ»។
ប្រទេសកម្ពុជា ប្រជាពលរដ្ឋពី ៨០% ទៅ ៨៥% គឺជាកសិកររស់ពឹងផ្អែកលើកសិកម្មទាំងស្រុង។ របាយការណ៍មួយរបស់អង្គការស្បៀងអាហារពិភពបានរកឃើញថា កម្ពុជាមានប្រព័ន្ធធារាស្ត្រតែ ៧,៩% នៃផ្ទៃដីកសិកម្មរបស់របស់ប្រទេសនេះប៉ុណ្ណោះ៕