សម្ព័ន្ធទន្លេកម្ពុជា (Rivers Coalition in Cambodia) ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ កាលពីថ្ងៃទី២១ខែកញ្ញាម្សិលមិញនេះ បានសម្តែងការខកចិត្ត ចំពោះសភាជាតិនៃសាធារណៈរដ្ឋប្រជាមានិតឡាវ ដែលបានអនុម័តលើកិច្ចសន្យាសម្បទាន សាងសង់គម្រោងទំនប់វារីអគ្គិសនី ដនសាហុង។
យោងសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំងនោះឲ្យដឹងថា ការអនុម័តទៅលើកិច្ចសន្យាសម្បទាននេះ បានធ្វើឡើងក្នុងខណៈពេលដែលសំណូមពរទាំងឡាយ របស់ប្រទេសជាសមាជិក នៃគណៈកម្មការទន្លេមេគង្គទាំង៣ប្រទេស មាន កម្ពុជា វៀតណាម និង ថៃ ព្រមទាំងសហគមន៍ផ្នែកខាងក្រោមនៃទន្លេមេគង្គ និងអង្គការសង្គមស៊ីវិលនានា មិនទាន់ត្រូវបានឆ្លើយតប និងដោះស្រាយប្រកបដោយអត្ថន័យនៅឡើយ។
សេចក្ដីថ្លែងការណ៍បន្តថា លើសពីនេះទៅទៀត រដ្ឋាភិបាលឡាវក៏មិនបានគោរពស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ ដែលសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គ មានកម្ពុជា ឡាវ ថៃ និង វៀតណាម បានឯកភាពគ្នាថា ការសម្រេចទៅលើការពិគ្រោះយោបល់ជាមុន នៃទំនប់វារីអគ្គិសនីដែលកំពុងស្នើឡើងនេះ ត្រូវបញ្ជូនបន្តទៅពិភាក្សា និងសម្រេចនៅកម្រិតក្រុមប្រឹក្សា (Council) ដែលរួមមាន រដ្ឋាភិបាលកម្រិតថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបួន ពីព្រោះពួកគេមិនអាចឈានដល់ការឯកភាពជារួមមួយ ពីដំណើរការនៃគម្រោងនេះ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការស៊ីវិល សូមស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឡាវ ទី១ ត្រូវបញ្ឈប់ ជាបន្ទាន់ នូវរាល់សកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការសាងសង់ទំនប់ ដន សាហុង។ ទី២ មិនត្រូវអនុម័តលើកិច្ចសន្យាទិញអគ្គិសនី (Power Purchase Agreement) មុនពេលដែលបញ្ហា ឬសំណូមពរទាំងឡាយរបស់ភាគីពាក់ព័ន្ធមិនទាន់បានដោះស្រាយ។ ទី៣ កុំបន្តឲ្យមានការចុះកិច្ចសន្យាផ្សេងទៀតលើគម្រោងនេះ ដោយរួមបញ្ចូលទាំង កិច្ចព្រមព្រៀងលទ្ធកម្មវិស្វកម្មទំនប់ និងការសាងសង់ (Engineering Procurement and Construction)។ ទី៤ ធ្វើការសិក្សាវាយតម្លៃហេតុប៉ះពាល់ឆ្លងដែន ដោយស្ថាប័នប្រឹក្សាយោបល់ឯករាជ្យ ដោយមានការចូលរួមពេញលេញពីភាគីពាក់ព័ន្ធ ។ ទី៥ ជំរុញឲ្យមានការជជែក ដោះស្រាយ និងឯកភាពនូវរាល់សំណូមពរ និងក្តីព្រួយបារម្ភរបស់ភាគីពាក់ព័ន្ធនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទី៦ រដ្ឋាភិបាលទាំងអស់ជាសមាជិកនៃគណៈកម្មការទន្លេមេគង្គត្រូវដាក់សម្ពាធតាមគ្រប់រូបភាពទៅលើរដ្ឋាភិបាលឡាវ ដែលបានធ្វើការសម្រេចលើការបន្តគម្រោងសាងសង់ទំនប់ដនសាហុងជាឯកតោភាគី។
សូមរំឭកថា កន្លងមក សម្ព័ន្ធទន្លេកម្ពុជា រួមទាំងអង្គការបរិស្ថានជាតិ និងអន្តរជាតិធ្លាប់សម្ដែងការព្រួយបារម្ភថា ទំនប់វារីអគ្គិសនីដន សាហុងនេះ មុខជានឹងគំរាមកំហែងដល់ផលនេសាទ ពាណិជ្ជកម្ម និងការចិញ្ចឹមជីវិត ក៏ដូចជាភោគទ្រព្យជីវសាស្ត្រ និងឧស្សាហកម្មទេសចរណ៍ នៃតំបន់នេះផងដែរ៕