ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារជិត ២០ស្ថាប័ន អំពាវនាវដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ជួយអន្តរាគមន៍ និងសូមឱ្យក្រុមហ៊ុន សេងបូ ហ្គាមិន ត្រូវទទួលយក អ្នកស្រី រឿន កូលាប ដែលជាប្រធានសហជីពការពារសិទ្ធិកម្មករនៅក្នុងក្រុមហ៊ុននេះ ឱ្យចូលធ្វើការងារវិញ ដោយបញ្ឈប់នូវការរើសអើងសហជីព និងគោរពសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ។ ក៏ប៉ុន្តែក្រសួងការងារ អះអាងថា ករណីបញ្ឈប់អ្នកស្រី រឿន កូលាប គឺមិនមែនជាការរើសអើងសហជីពនោះទេ ហើយក្រសួង ក៏គ្មានភារកិច្ចអន្តរាគមន៍ករណីនេះដែរ។ កញ្ញា ជា សុខនី រាយការណ៍
ក្រុមអង្គការសង្គមស៊ីវិលទាំង២០ស្ថាប័ននោះ មានដូចជា អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សហព័ន្ធសហជីពសេរីកម្មករ (FTUWKC) សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ជាដើម បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមហ៊ុន សេងបូហ្គាមិន (ខេមបូឌា) ឯ.ក ដែលបានបញ្ឈប់អ្នកស្រី រឿន កូលាប ពីការងារអស់រយៈពេលមួយឆ្នាំហើយ ខណៈអ្នកស្រី កូលាប បានប្ដឹងទៅតុលាការ ប៉ុន្តែនៅពុំទាន់ទទួលបានយុត្តិធម៌។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អង្គការទាំងនោះ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងសេចក្ដីថ្លែងការណ៍នេះ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកការបញ្ឈប់អ្នកស្រី កូលាប ដែលទើបក្លាយជាប្រធានសហជីពជាប់ឆ្នោតថ្មីនៅក្នុងក្រុមហ៊ុន គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការបង្កើតសហជីព ដើម្បីការពារសិទ្ធិកម្មករស្របច្បាប់នៅកន្លែងការងារ។
អង្គការទាំងនោះ បញ្ជាក់ថា៖ «យើងខ្ញុំជាក្រុមសង្គមស៊ីវិល សូមអំពាវនាវដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជួយអន្តរាគមន៍ និងសូមឱ្យក្រុមហ៊ុន សេងបូ ហ្គាមិន (ខេមបូឌា) ឯ.ក ត្រូវទទួលយក អ្នកស្រី កូលាប ចូលធ្វើការងារវិញ។ យើងខ្ញុំក៏សូមអំពាវនាវទៅក្រុមហ៊ុន អ្នកបញ្ជាទិញ ជំរុញទៅកាន់ក្រុមហ៊ុន សេងបូហ្គាមិន ឱ្យបញ្ឈប់នូវការរើសអើងសហជីព និងគោរពសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ»។
លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១៣ ខែមិថុនាថា ប្រសិនជាតុលាការ ឫក៏អ្នកពាក់ព័ន្ធ នៅតែបន្តមិនជួយរកយុត្តិធម៌ លើករណីអ្នកស្រី កូលាប ជាមួយនឹងក្រុមហ៊ុនទេ គឺផលប៉ះពាល់ខ្លាំងបំផុតទៅលើក្រុមគ្រួសាររបស់អ្នកស្រី កូលាប។ ក្រៅពីគ្រួសាររបស់អ្នកស្រី កូលាប គឺនឹងប៉ះពាល់ដល់សហជីពសេរីនៅក្នុងរោងចក្រផ្សេងទៀត ដែលធ្វើការពារសិទ្ធិជូនកម្មករ អាចត្រូវបានថៅកែរោងចក្រ ប្រើលេសបែបនេះដដែល ដើម្បីបញ្ឈប់សហជីពទាំងនោះ ប្រសិនជាក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ បន្តមិនជួយរកយុត្តិធម៌។
លោកស្រី ទូច សើ ៖ «ចំពោះខាងខ្ញុំវិញគឺនៅតែបន្តនៅតែដើរដំណើរឆ្ពោះទៅមុខ ដើម្បីរកយុត្តិធម៌ឱ្យគាត់ មិនមែនតែចំពោះតែគាត់មួយទេ ប្រសិនជាយើងរកយុត្តិធម៌ យើងឃើញហើយជាក់ស្ដែងនៅក្នុងស្រុកយើង រោងចក្រណាដែលមានសហជីពរបស់ប្រជាធិបតេយ្យគាត់ការពារសិទ្ធិកម្មករ គឹរោងចក្រអត់ចង់ឱ្យមាន គឺថៅកែ រឹតមិនចង់ឱ្យមាន។ តែប្រសិនជារោងចក្រណារបស់ថៅកែ គឺគាត់សប្បាយចិត្ត និងរីករាយ ទីមួយដោយសារអីបានជាខ្ញុំហ៊ាននិយាយដល់ថ្នាក់ហ្នឹង គាត់ប្រសិនជាគាត់បើកលុយ បាត់លុយ ឬមួយក៏គាត់តវ៉ាអីមួយ គឺខាងក្រុមហ៊ុនហ្នឹងអត់ហ៊ានតវ៉ា អត់ហ៊ានចេញមុខទេ តែបើយើងបង្កើតដោយគាត់ស្ម័គ្រចិត្តខ្លួនគាត់ គាត់នឹកឃើញថាគាត់ឈរការពារសិទ្ធិកម្មករ គឺក្រុមហ៊ុនមិនអាចទុកគាត់បានទេ»។
ទោះបីជាយ៉ាងណាហេតុផលដែលក្រុមហ៊ុនបានបញ្ឈប់អ្នកស្រី កូលាប ពីការងារ គឺវាមិនសមស្របសោះ ពីព្រោះតាមលទ្ធផលការងារជាក់ស្តែងរបស់អ្នកស្រី គឺតែងតែទទួលបានប្រាក់រង្វាន់រាល់ខែ ដូចកម្មករដទៃទៀត ហើយអ្នកស្រីមិនដែលទទួលការស្តីបន្ទោស ឬព្រមានអ្វីពីថ្នាក់លើម្តងណានោះទេ ប៉ុន្តែ បែរជាក្រុមហ៊ុនថា អ្នកស្រី កូលាប មិនបានបំពេញការងារគ្រប់ចំនួនកំណត់តាមតម្រូវការរបស់ក្រុមហ៊ុន ទើបត្រូវបញ្ឈប់។
អ្នកស្រី រឿន កូលាប ជាស្ត្រីមេម៉ាយ ដែលត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន។ អ្នកស្រីធ្លាប់បានប្រាប់វិទ្យុស្ត្រីថា រយៈពេលដែលអ្នកស្រីបាត់បង់ការងារធ្វើ អ្នកស្រីប្រឈមនឹងការបាក់ទឹកចិត្ត ដោយគ្មានប្រាក់សម្រាប់ឱ្យកូនទៅរៀន ខណៈពេលដែលអ្នកស្រីក៏ជាជន្ទល់ផ្គត់ផ្គង់ការចំណាយនិងការហូបចុកសម្រាប់គ្រួសារ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់វិទ្យុស្ដ្រីដែរថា ករណីលោកស្រី រឿន កូលាប ដែលជាប់ឆ្នោតជាថ្នាក់ដឹកនាំសហជីពសេរីកម្មករ គឺនាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារបានទទួលពាក្យបណ្ដឹងពីអ្នកស្រី រឿន កូលាប កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងបានធ្វើការផ្សះផ្សាគ្នា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានលទ្ធផលមិនសះជានឹងគ្នា។ នៅថ្ងៃផ្សះផ្សា លោកថា អ្នកស្រី កូលាប ក៏បានទទួលស្គាល់ថា អ្នកស្រីពិតជាបានផ្តិតមេដៃលាឈប់ពីការងារ និងបានទទួលប្រាក់ទូទាត់បញ្ចប់កិច្ចសន្យាការងាររួចហើយ។
ម្យ៉ាងវិញទៀតការបញ្ឈប់អ្នកស្រី កូលាប ពីការងារ គឺក្រុមហ៊ុន បានធ្វើមុនទទួលបានលិខិតជូនដំណឹងថាអ្នកស្រី បានជាប់ឆ្នោតជាប្រធានសហជីពសេរីកម្មករនៅក្នុងក្រុមហ៊ុននេះ។ ដូច្នេះ ករណីនេះពុំមែនជាការរើសអើងសហជីពនោះទេ ប៉ុន្តែគឺជាការបង្កើតសហជីពដោយពុំបានបំពេញកាតព្វកិច្ចជូនដំណឹងស្ដីពីការបង្កើតសហជីពទៅក្រុមហ៊ុន និងចម្លងជូនក្រសួងការងារឱ្យបានត្រឹមត្រូវតាមស្មារតីនៃច្បាប់ស្ដីពីសហជីព។
លោក កត្តា អ៊ន ៖ «សូមជំរាបថា យើងកុំភ្ជាប់ករណីបុគ្គលណាក៏ដោយទៅនឹងករណីនៃការប្រើប្រាស់សិទ្ធិសេរីភាពនៅក្នុងសហជីព នៅកម្ពុជាយើង គឺយើងមានសហជីពជាង ៦ពាន់ ហើយពួកគាត់បានបំពេញការងាររបស់ខ្លួនដោយសេរី ត្រឹមត្រូវ និងមានលំហសេរីភាពយ៉ាងធំទូលាយ។ យើងអាចនិយាយថានៅកម្ពុជា គឺជាឋានសួគ៌នៃសហជីព»។
បន្ថែមពីនេះ លោកថា ករណីនេះ អ្នកស្រី រឿន កូលាប បានប្ដឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺរួចដែរ ដូច្នេះក្រសួងការងារគ្មានភារកិច្ចអ្វីត្រូវអន្តរាគមន៍ទេ ពីព្រោះវាជាសមត្ថកិច្ចរបស់តុលាការ។
លោកស្រី ទូច សើ អះអាងថា អ្វីដែលក្រសួងការងារថាអ្នកស្រី កូលាប បានផ្ដិតមេដៃលាឈប់ពីការងារ និងបានទទួលប្រាក់ទូទាត់បញ្ចប់កិច្ចសន្យាការងាររួចហើយពីក្រុមហ៊ុន ដែលទាំងនេះគ្រាន់តែជាលេសរបស់ក្រសួងមិនចង់ស្វែងរកភាពយុត្តិធម៌ប៉ុណ្ណោះ ពីព្រោះអ្នកស្រីកូលាប ពិតជាបានផ្ដិតមេដៃមែន ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់ប្រាក់ឱ្យអ្នកស្រីកូលាបត្រឹមត្រូវតាមច្បាប់កំណត់នោះទេ។
អ្នកស្រី ទូច សើ ៖ «ខ្ញុំមើលទៅ ប្រម៉ើលមើលទៅ គឺនៅស្រុកខ្មែរសហជីពឯករាជ្យ មិនអាចនឹងបង្កើតបានគឺដោយសារអី ដោយសារទីមួយខាងក្រុមហ៊ុនគេការរើសអើង គេមិនចង់ឱ្យមានខាងសហជីពឯករាជ្យទេ គេចង់បានតែសហជីពណាដែលគេអាចទទួលស្គាល់ ដែលអាចមានខ្សែមានអីអញ្ចឹងគេអាចរកបាន។ តែបើសិនសហជីពឯករាជ្យ គេអត់ និយាយរួមគេមិនទទួលម៉ងឱ្យតែយើងបង្កើតគេយកលេសរហូត»។
សេចក្ដីថ្លែងការណ៍របស់អង្គការទាំងនោះ បានឱ្យដឹងទៀតថា តាមច្បាប់ស្តីពីការងារ ក្នុងមាត្រា ១២ មាត្រា ២៦៦ និង មាត្រា ២៦៧ បានចែងថាហាមឃាត់រាល់ទម្រង់នៃការរើសអើងសហជីព ដែលរួមមាន ការពិន័យ ការផ្តាច់កិច្ចសន្យាការងារ និងច្បាប់ស្តីពីសហជីព ក្នុងមាត្រា៦៧ និងមាត្រា ៤៣ បានចែងថា បេក្ខជនដែលជាប់ឆ្នោតជាថ្នាក់ដឹកនាំសហជីព ត្រូវទទួលបានការការពារពិសេស ហើយរាល់ការបញ្ឈប់បេក្ខជនណាម្នាក់ លុះត្រាតែមានការយល់ព្រមពីអធិការកិច្ចការងារ។
អ្នកស្រី រឿន កូលាប ត្រូវបានក្រុមហ៊ុន សេងបូហ្គាមិន (ខេមបូឌា) ឯ.ក បញ្ឈប់ពីការងារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមហេតុផលថា អ្នកស្រី កូលាប មិនបានបំពេញការងារឱ្យគ្រប់ចំនួនកំណត់តាមតម្រូវការរបស់ក្រុមហ៊ុន៕