loader

សង្គមស៊ីវិលចំនួន៣រកឃើញកម្មការនីធ្វើការតាមរោងចក្រភាគច្រើនជាកូនបំណុលធ្ងន់ជាងគេដោយសារកូវីដ

សង្គមស៊ីវិលចំនួន ៣ បានលើកឡើងថា កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ រាប់​ម៉ឺន​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ហើយ​រោង​ចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​កូវីដ១៩ ។

រាយការណ៍ដោយចាន់ដារ៉ា

នៅ​ក្នុង​របាយ​ការណ៍របស់សង្គមស៊ីវិលនិងសហជីព​ សម្ព័ន្ធ​សហ​ជីព​កម្ពុជា ហៅ​កាត់ថាCATU មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថាសង់ត្រាល់ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ ចេញផ្សាយសម្រាប់ខែមិថុនាឆ្នាំ២០២០នេះ បានលើកឡើងនូវកង្វលរបស់កម្មករ ដែលបាត់បង់ការងារដោយសារកូវិដនាំឱ្យពួកគេ លំបាកក្នុងការដោះបំណុល។

សង្គមស៊ីវលទាំង៣នេះយល់ឃើញថា បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ដែល​នាំឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ និង​ធ្វើ​ឱ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ។ ប្រសិន​បើ​គ្មាន​កម្ម​វិធី​សម្រាល​បន្ទុក​បំណុល​ភ្លាម​ៗ​ទេ ​នោះ​កម្មករ កម្មការិនី​ទាំង​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី​ឬ​ផ្ទះ កាត់​បន្ថយ​ការ​បរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់​កម្ចី​កាន់​តែ​ច្រើន​ឡើង ដើម្បី​យក​ទៅ​សង​បំណុល​ដែល​មាន​ស្រាប់ ។របាយ​ការណ៍​សង្ខេប​រួម​គ្នា​មួយរបស់សង្គមស៊ីវល៣នេះ បានដាក់ចំណងជើងរបស់ខ្លួន ដូចនេះថា ៖ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក។

ស៊ីវិលទាំង៣នេះអះអាងថា ពួកគាត់បាន​ធ្វើ​ការ​ស្ទង់​មតិ​ជា​មួយ​កម្មករ កម្មការិនី ច្រើន​ជាង​១៥០​នាក់ ភាគ​ច្រើន​ជា​ស្ដ្រី មក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣​ផ្សេង​គ្នា ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សិក្សា​ពី​ផល​លំបាក​នៃ​ការ​ជាប់​ជំពាក់​បំណុល​របស់​ពួក​គាត់ ខណៈ​ដែល​រោង​ចក្រ​រាប់​រយ​បាន​ផ្អាក​ដំណើរការ ​ដោយ​សារ​ការរីក​រាល​ជា​សកល​នៃ​វីរុស​កូវីដ១៩​នេះ។

តាមរបាយការណ៍របស់សង្គមស៊ីវិលទាំងនេះ បញ្ជាក់ថាអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​កង្វះខាត​នៃ​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ខំ​ឱ្យ​កម្មករ កម្មការិនី​ទាំងនេះ ជំពាក់​បំណុល​ច្រើន​ឡើងៗ​ដើម្បី​យក​ទៅ​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ ។​ ភាគ​ច្រើន​នៃ​កម្ចី​ឥណទាន​ទាំង​នេះ​គឺត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ដែល​ត្រូវ​ដាក់​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធិ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី របស់​ពួក​គាត់​ខ្លួន​ឯង​ឬ​គ្រួសារ ធ្វើ​ជា​ទ្រព្យ​ធានា ។

សង្គមស៊ីវិលទាំង៣នេះ អះអាងថាការ​រក​ឃើញ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​អវិជ្ជមាន​ក្នុង​វិស័យ​មួយ​នេះ ។ ក្នុង​ចំណោម​កម្មករ កម្មការិនី ដែល​ត្រូវ​បាន​ស្ទង់​មតិ មាន​កម្មករ កម្មការិនី​តែ​៤​នាក់​ប៉ុណ្ណោះ ដែល​មិន​មាន​ជំពាក់​បំណុល ។ ​ស្ទើរតែ​គ្រប់​កម្មករ កម្មការិនី ​ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍ បាន​ប្រាប់​អ្នក​ស្រាវ​ជ្រាវ​ថា ​ពួក​គាត់​នឹង​គ្មាន​លទ្ធ​ភាព​សង​បំណុល​វិញ​ទេ ប្រសិន​បើ​ការ​ងារ​របស់​ពួក​គាត់​ត្រូវ​បាន​ព្យួរ ។ ស្ទើរតែ​គ្រប់​កម្មករ កម្មការិនី​ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍ បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ជីវភាព​រស់​នៅ​របស់​ពួក​គាត់ ជួប​ការ​លំបាក​ខ្លាំង​ជាង​ ​មុន​ពេល​ពួក​គាត់​ជាប់​ជំពាក់​កម្ចី​ឥណ​ទាន ។

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​នៃ​អង្គ​ការ​សង់​ត្រាល់ បាន​មាន​ប្រសាសន៍​នៅក្នុងរបាយការណ៍នេះថា “ហេតុ​ដែល​នាំ​ឱ្យ​កម្មករ កម្មការិនីជា​ច្រើន​ ជាប់​ជំពាក់​បំណុល​ដល់​កម្រិត​នេះ​ គឺដើម្បី​យក​ទៅ​ផ្គត់​ផ្គង់​ការ​ចំណាយ​ក្នុង​ជីវ​ភាព​រស់​នៅ ​ដែល​ជា​ចំណុច​គួរ​ឱ្យ​ព្រួយ​បារម្ភ​” ។ លោក​បាន​បន្ត​ថា “​ការ​ធ្លាក់​ខ្លួន​កាន់​តែ​ជ្រៅ​នៃ​ការ​ជាប់​ជំពាក់​បំណុល ​គឺ​ធ្វើ​ឱ្យ​អ្នក​ដែល​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​វីរុស​កូវីដ១៩ កាន់​តែ​ជួប​ផល​លំបាក​បន្ថែម​ទៀត​” ។

តាមរបាយការណ៍ដដែលនេះ គឺចំនួន​ពីរ​ភាគ​បី​នៃ​កម្មករ កម្មការិនី ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍​គឺបាន​ខ្ចី​កម្ចី​ឥណទាន​យ៉ាង​តិច​មួយ​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ។ ជា​ទូទៅ​ ហេតុ​ផល​របស់​ពួក​គាត់​ក្នុង​ការ​ខ្ចី​កម្ចី​ឥណទាន​នេះ ​គឺ​យក​ទៅ​សងបំណុល​ចាស់ ។ ចំនួន​ជិត​បី​ភាគ​បួន​នៃ​ពួក​គាត់​ដែល​ជាប់​ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច ​ត្រូវ​កាត់​បន្ថយ​ការ​បរិ​ភោគ​អាហារ ដើម្បី​សន្សំ​ប្រាក់​ទុក​សង​បំណុល​ដែល​បាន​ខ្ចី ។

អ្ន​ក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ដែលរបាយការណ៍នេះស្រង់សំដីបាន​ និយាយថា “កម្មករ ​កម្មការិនី ​រោង​ចក្រ​កាត់​ដេរ ​ខិត​ខំ​ធ្វើការ​ងារ​យ៉ាង​ខ្លាំង ដើម្បី​មាន​លទ្ធ​ភាព​ផ្គត់​ផ្គង់​អាហារ​បរិភោគ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់” ។ ​អ្នក​ស្រី​បន្ថែម​ថា “​ពេល​នេះ ​ពួក​គាត់​ស្ទើរ​តែ​មិន​អាច​មាន​លទ្ធ​ភាព​ចិញ្ចឹម​ខ្លួន​ឯង ។ ប្រសិន​បើ​គ្មាន​កម្ម​វិធី​សម្រាល​បន្ទុក​បំណុល ឬ​កិច្ច​គាំពារ​ផ្នែក​សង្គម​ទេ បារម្ភ​ថា បញ្ហា​ទាំង​នេះ​ ​នឹង​នាំ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើងៗ” ។

ទោះជាយ៉ាងណា ក្នុងអំឡុងកូវិដ ១៩នេះ ក្រសួងការងារ និងរាជរដ្ឋាលប្រកាសត្រួតពិនិត្យ សកម្មភាពនៃសង្វាក់ផលិតកម្មនៅគ្រប់រោងចក្រទូទាំងប្រទេសកម្ពុជាដើម្បីជួយសម្រួលផលលំបាករបស់ក្រុមហ៊ុនក្នុងអំឡុងកូវិដ។ ជាមួយនេះ រាជរដ្ឋាភិបាល បានសម្រេចជួយឧបត្ថម្ភកម្មករ ដែលរោងចក្រពួកគេត្រូវ បានព្យួរឬបិទ នូវ៤០ភាគរយ ។ ចំណែក ក្រុមហ៊ុនរោងចក្រចេញចំណាយ៦០ភាគរយ។ ជាមួយគ្នា រាជរដ្ឋាភិបាល បានសម្រេច ជួយពលរដ្ឋក្រីក្រ ចំនួន ៥៦ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ដោយចំណាយ ជិត២៥លានដុល្លារ ក្នុងមួយខែ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏សម្រេចបញ្ចេញថវិកា ជួយទៅវិស័យឯកជន និងធនាគារ ដើម្បីជួយសម្រាលបំណុល របស់កូនបំណុលផងដែរ។  ប៉ុន្តែអ្នកសង្កេតការណ៍ មួយ​ចំនួន យល់ថា នៅតែមិនគ្រប់គ្រាន់ ដោយសារជំនួយរបស់រដ្ឋាភិបាល ធ្លាក់យឹតជាង​ស្ថាន​ភាពមក​ដល់។​​

ក្នុងអំឡុងកូវិដនេះ សហគមន៍អន្តរជាតិ បានផ្ដល់ប្រាក់ជំនួយច្រើនសិបលានដុល្លារ ជួយកម្ពុជា សម្រាប់ ដោះបន្ទុក វិបត្តិសង្គមនិងសេដ្ឋកិច្ច។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសចិន ឈាន​មុខគេ ក្នុងការជួយកម្ពុជា។

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ កម្មករ កម្មការិនី រោង​ចក្រ​កាត់​ដេរ​គឺ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​នៅ​ពី​ក្រោយ​ការ​លូត​លាស់​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កម្ពុជា ។ អ្នក​ទាំង​នោះ​គួរ​តែ​ទទួល​បាន​ជម្រើស​ល្អ​មួយ​ ប្រសើរ​ជាង​ការ​បាត់​បង់​លំនៅ​ដ្ឋាន ភាព​អត់​ឃ្លាន ការ​បាត់​បង់​ដីធ្លី ឬ​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នេះ ។នេះ ជាការយល់ឃើញ របស់សង្គមស៊ីវិលទាំង៣នេះ ដែល​កត់ត្រានៅក្នុងរបាយការណ៍រួមគ្នានេះ៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែន៖ កម្ពុជាគ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយមានទោសព្រហ្មទណ្ឌ

សម្ដេចនាយករដ្ឋមន្ត្រី បន្តផ្ញើសារវាយប្រហារក្រ[...]

សម្ដេចហ៊ុនសែនច្រានចោលពាក្យចចាមអារា៉មថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង

បើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទ[...]

សម្តេចព្រះមហាក្សត្រីកម្ពុជាទទួលបានគ្រឿងឥស្សរិយសថ្នាក់ខ្ពស់បំផុតពីរដ្ឋាភិបាលចិន

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x