បារាំង៖ បណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍ថា បុព្វជិតនៃសាសនាកាត់តូលិកម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារទី ២៦កក្កដា ដោយពួកសកម្មប្រយុទ្ធ ពីរនាក់ដែលបានសម្រុកចូលក្នុងវិហារមួយនៅភាគខាងជើងនៃជាយក្រុង Rouen នៃប្រទេសបារាំង។
សកម្មប្រយុទ្ធទាំងពីរនាក់នោះ បានសម្រុកចូលវិហារឈ្នោះថា Saint-Etienne-du-Rouvray កំ ឡុងពេលអ្នកគោរពសាសនាជួបជុំគ្នា។ ជនដៃដល់បានចាប់បុព្វជិត ឈ្មោះថា Fr Jacques Hamel មានអាយុ ៨៤ ឆ្នាំ និងចំណាត់ខ្មាំង៤នាក់ផ្សេងទៀត។
ភ្លាមៗនរគបាលបារាំងក៏បានឡោមព័ន្ធជុំវិញព្រះវិហារនោះខណៈ ទូរទស្សន៍បារាំងផ្សាយថា ការបាញ់ប្រហារមួយបានកើតឡើង ហើយអ្នកចាប់ចំណាត់ខ្មាំងទាំងពីរនាក់ត្រូវបានបាញ់សម្លាប់។
ទីភ្នាក់ងារសារព័ត៌មាន Amaq បានភ្ជាប់រឿងនេះថា មានជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាមគឺ «ក្រុមរដ្ឋអ៊ីស្លាម» ជាអ្នកវាយប្រហារទៅលើព្រះវិហារនោះ។
ប្រធានាធបតីបារាំង Francois Hollande បាននិយាយថា បុរសពីរនាក់នោះអះអាងថា មកពីក្រុមរដ្ឋអ៊ីស្លាម។
លោក Hollande ថ្លែងដូននេះនៅក្នុងព្រះវិហារ Saint-Etienne-du-Rouvray ។ លោកហៅ ការវាយប្រហារនេះ ថា៖ «ការធ្វើឃាតកម្មដ៏កំសាក ដោយនិយាយថា ប្រទេសបារាំងនឹងប្រយុទ្ធប្រឆាំងនឹង IS តាមគ្រប់មធ្យោបាយ››។
សម្តេចសង្ឃ Pope Francis មានបន្ទូលថា៖ «គឺជាការឈឺចាប់ និងភ័យខ្លាចនៃការប្រើអំពើរហឹង្សា»។
អ្នកនាំពាក្យក្រសួងការពារជាតិបារាំង លោក Pierre-Henri Brandet និយាយថា ចំណាត់ខ្មាំងម្នាក់ក្នុងចំណោមនោះរងរបួសធ្ងន់។
ប្រភពពីមន្ត្រីនគរបាលបារាំង និយាយថា ឃាតករបានយកកាំបិតអាករសម្លាប់បុព្វជិតនោះ។
នៅជុំវិញព្រះវិហារនោះត្រូវបានព័ន្ធជុំជិត ដើម្បីស្វែងរកគ្រឿងផ្ទុះ ហើយនរគបាលបានប្រកាសឲ្យប្រជាជននៅឲ្យឆ្ងាយពីតំបន់នោះ។
អ្នកនាំពាក្យក្រសួងការពារជាតិបារាំង លោក Brandet និយាយថា ឧបទ្ទវហេតុនោះកំពុងស៊ើបអង្កេត ដោយក្រុមរដ្ឋអាជ្ញាប្រឆាំងភេរវកម្ម៕ប្រភព:BBC