លោក សាំង សុង តំណាងសម្ព័ន្ធក្រុមយុវជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី១៦ ខែកុម្ភៈ នេះថា សម្ព័ន្ធក្រុមយុវជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រកាសរំសាយគម្រោងបាតុកម្មប្រឆាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ។ ការសម្រេចរំសាយបាតុកម្ម ដើម្បីឆ្លើយតបនឹងបាតុកម្មប្រឆាំងនឹងសម្តេច ហ៊ុន សែន នៅសហរដ្ឋអាមេរិកពេលនេះ លោក សាំង សុង ពន្យល់ថា ដោយសារបាតុកម្មរបស់ពលរដ្ឋខ្មែរនៅអាមេរិកប្រឆាំងនាយករដ្ឋមន្ត្រីកម្ពុជា មិនមានសម្ពាធធ្ងន់ធ្ងរ។
បើតាមលោក សាំង សុង ពន្យល់ថា ការសម្រេចរំសាយនេះ គឺដោយសារតែបាតុកម្មរបស់ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានទ្រង់ទ្រាយតូច និងមិនមានជាសម្ពាធអ្វីធ្ងន់ធ្ងរសម្រាប់ឱ្យសម្ព័ន្ធក្រុមយុវជនធ្វើបាតុកម្មតបតវិញនៅកម្ពុជានោះទេ។
លោក សាំង សុង ៖ «បានមើលឃើញជាក់ស្តែងតាមបណ្ដាញព័ត៌មាន និងផ្តល់ព័ត៌មានពីសហរដ្ឋអាមេរិកថា អ្នកចូលរួមប្រឆាំងសម្ដេចដែលធ្វើបាតុកម្មនៅជិតកន្លែងប្រជុំអាស៊ានហ្នឹង គឺមានខ្មែរប្រហែល ២០០នាក់ ដូច្នេះវាគ្មានសម្ពាធ និងគ្មានទម្ងន់ណាមួយឱ្យយើងខ្ញុំមកតបត»។
លោក សាំង សុង បន្ថែមថា គម្រោងធ្វើបាតុកម្មប្រឆាំងបាតុកម្មនេះ គឺមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយរដ្ឋាភិបាល ឬក៏គណបក្សប្រជាកម្ពុជាឡើយ។ លោក សាំង សុង បញ្ជាក់យ៉ាងដូច្នេះថា៖ «បាទខ្ញុំសូមបញ្ជាក់បន្ថែមថា ការធ្វើបាតុកម្មនេះគឺមិនមែនជាគម្រោងការណ៍របស់គណបក្សប្រជាជន ឬរដ្ឋាភិបាលទេ ព្រោះការរៀបចំបាតុកម្មនេះគឺរៀបចំដោយក្រុមអ្នកគ្រាំទ្រគណបក្សប្រជាជន»។
សូមបញ្ជាក់ថា ទាក់ទងនឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិបានដាក់លិខិតចំនួន ២ច្បាប់ ដែលមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមួយច្បាប់ទៀតទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំកម្លាំងអន្តរាគមន៍ការពារសន្តិសុខសុវត្ថិភាពអ្នកតំណាងរាស្ត្រ ក៏ដូចជាទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែកុម្ភៈ។ ការស្នើរបស់គណបក្សសង្គ្រោះជាតិបែបនេះ គឺបន្ទាប់ពីលោក សាំង សុង និងដៃគូម្នាក់ទៀតបានបង្ហាញពីជំហរធ្វើបាតុកម្មរំលាយគណបក្សសង្គ្រោះជាតិវិញ ប្រសិនបើពលរដ្ឋខ្មែរនៅអាមេរិកហ៊ានធ្វើបាតុកម្មប្រឆាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក មែននោះ។
ទាក់ទងនឹងសារព្រមានធ្វើបាតុកម្មតតបវិញនេះ លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យានយោបាយ លើកឡើងថា ការធ្វើបាតុកម្មប្រឆាំងបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនេះ គឺមិនមានអ្វីចំណេញសម្រាប់កម្ពុជានោះទេ។ លើលពីនេះទៀត ការធ្វើបាតុកម្មនេះ អាចធ្វើឱ្យបាក់មុខថ្នាក់ដឹកនាំកម្ពុជានៅលើឆាកអន្តរជាតិទៅវិញទេ។
លោក សូ ចន្ថា៖ «អញ្ចឹងកម្ពុជាគួរតែធ្វើអ្វីដែលចំណេញដល់ជាតិ ហើយមិនគួរយកពលរដ្ឋទៅធ្វើជាឈ្នាន់ដើម្បីកេងចំណេញនយោបាយនោះទេបាទ»។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈនេះ ពលរដ្ឋខ្មែរអាមេរិកាំងរាប់រយនាក់បានធ្វើបាតុកម្ម ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលលោក ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន នៅអាមេរិក ដោយបានស្រែកទាមទារឱ្យលោកនាយករដ្ឋមន្ត្រីគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕