កំពង់ស្ពឺ៖ នៅពេលនេះក្រសួងសង្គមស៊ីវិលផ្នែកប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បានមានគម្រោងស្នើទៅកាន់កម្លាំងប្រដាប់អាវុធដើម្បីចុះធ្វើការអន្តាគមន៍បង្រ្កាបបទល្មើសកាប់ព្រៃឈើខុសច្បាប់ និងរោងសិប្បកម្មអារឈើខុសច្បាប់ដោយពុំមានការជូនដំណឹងជាមុន។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា លំអិតពីព័ត៌មាននេះ៖
មន្ត្រីសង្គមស៊ីវិលផ្នែកប្រយុទ្ធប្រឆាំងការបំផ្លាញធនធានធម្មជាតិ បានគ្រោងស្នើសុំកម្លាំងប្រដាប់អាវុធចម្រុះរួមគ្នាចុះបង្រ្កាបមិនឲ្យដឹងមុនលើទីតាំងកាប់កាប់បំផ្លាញព្រៃឈើ និងរោងសិប្បកម្មអារឈើខុសច្បាប់នៅតំបន់ជួរភ្នំរមាំងស និងជួរភ្នំក្រវាញកណ្តាល នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយអះអាងថាមន្ត្រីមូលដ្ឋានមិនអើពើចុះបង្ក្រាប ខណៈមន្ត្រីមូលដ្ឋានបដិសេធថាគ្មានបទល្មើសព្រៃឈើ។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញកណ្ដាល និងជួរភ្នំក្រវាញខាងត្បូងនៅតែបន្តមានការកាប់ឈើជាហូរហែដោយគ្មានខ្លាចញញើតច្បាប់ ហើយក៏គ្មានអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបដែរ។ ជនល្មើសបានប្រើប្រាស់ម៉ាស៊ីន អារឈើប្រភេទរ៉ៃសម្រាប់អារនៅក្នុងព្រៃនោះតែម្ដង។ ក្រោយពីអារច្រៀកជាបន្ទះក្ដាររួចហើយ ពួកគេបានដឹកជញ្ជូនចេញពីព្រៃទៅតាមស្រុកស្រែអំបិល ខេត្តកោះកុងយ៉ាងរលូនដោយគ្មានការរំខានពីសមត្ថកិច្ចនៅតំបន់នោះឡើយ។
លោកបានបន្តថា លោកបានចុះទៅកាន់ទីតាំងនោះដោយផ្ទាល់កាលពីសប្តាហ៍មុន ដោយលោកបានពិនិត្យឃើញថា ដើមឈើចំនួនជិត៤០ម៉ែត្រគីប ត្រូវបានដាក់គរជាគំនរក្បែររោងម៉ាស៊ីនអារមួយ ដើម្បីត្រៀមអារចៀកជាបន្ទះក្តារ នៅរោងម៉ាស៊ីនមួយកន្លែងក្នុងតំបន់ ជួរភ្នំក្រវាញខាងត្បូង។ កន្លងមករោងម៉ាស៊ីនអារឈើនេះធ្លាប់ត្រូវបានបង្ក្រាបម្ដងរួចមកហើយ ប៉ុន្ដែពេលនេះជនល្មើសនៅតែបន្តធ្វើអាជីវកម្មកាប់អារឈើដដែល។
ចំពោះការចុះបង្រ្កាបដោយសង្ងាត់នេះ លោក ជា ហ៊ាន មិនបានកំណត់ពេលវេលាជាក់លាក់នោះទេចំពោះការចុះទៅបង្ក្រាបបទល្មើសព្រៃឈើជាមួយកងកម្លាំងប្រដាប់អាវុធនៅតំបន់ទាំងនោះ ដោយលោកថាមិនចង់ឲ្យជនល្មើសដឹងមុន ដើម្បីកុំឲ្យពួកគេរត់គេចខ្លួន។ តំបន់ឧទ្យានជាតិជួរភ្នំក្រវាញជាទីកន្លែងដែលមានអនុក្រឹត្យដាក់ជាកន្លែងសម្រាប់អភិរក្ស រួមទាំងព្រៃឈើ និងសត្វព្រៃ។
ដោយឡែក លោក ឡុង ស៊ី នាយកឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងដែលជាមន្ត្រីប្រចាំការនៅតំបន់នោះបានថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅតំបន់ជួរភ្នំក្រវាញនេះមិនមានសកម្មភាពកាប់បំផ្លាញព្រៃឈើដូចការលើកឡើងរបស់សង្គមស៊ីវិលនោះទេ។ ប៉ុន្ដែលោកថាអាចមានករណីលួចបាញ់សត្វព្រៃពីសំណាក់ពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនដែរ។ ចំណែកករណីដឹកជញ្ជូនឈើ ឬកាប់ឈើជាលក្ខណៈទ្រង់ទ្រាយធំនាបច្ចុប្បន្ននេះហាក់មានសភាពស្ងប់ស្ងាត់ហើយ។
ជាការកត់សម្គាល់មន្ត្រីជំនាញតែងតែចុះល្បាតជាប្រចាំដោយកន្លងមកសមត្ថកិច្ចធ្លាប់បានឃាត់ខ្លួនជនល្មើសជាច្រើនករណី ហើយបានរឹបអូសសម្ភារមួយចំនួនផងដែរ។ ស្របពេលជាមួយគ្នានោះ លោក ឡុង ស៊ី បានជំរុញឲ្យប្រជាពលរដ្ឋមូលដ្ឋានសហការជាមួយមន្ត្រីជំនាញជួយការពារព្រៃឈើ និងសត្វព្រៃ។ ព្រោះមន្ត្រីដែលគ្រប់គ្រងប្រចាំការនៅតំបន់នោះមិនគ្រប់គ្រាន់ឆ្លើយតបតាមទំហំការងារនៅទីនោះទេ។ លោកបានបន្តថា សព្វថ្ងៃនេះមិនមានករណីបទល្មើសព្រៃឈើជាលក្ខណៈទ្រង់ទ្រាយធំអ្វីនោះទេ ដោយសារតែមានការចុះបង្រ្កាបជាហូរហែ។ សព្វថ្ងៃនេះមានតែករណីគេលួចបាញ់សត្វព្រៃនៅពេលយប់ ការលួចដាក់អន្ទាក់សត្វ តែពុំមានករណីកាប់ព្រៃនោះឡើយ។
យ៉ាងមន្រ្តីសង្គមនៅតែអះអាងថាមានករណីលួចកាប់ព្រៃឈើខុសច្បាប់ ហើយខ្លួននឹងចុះអន្តរាគមជាសង្ងាត់ជាមួយកម្លាំងប្រដាប់ដោយពុំជម្រាបមុនចំពោះករណីមួយនេះ៕