នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី អ្នកនឹងលឺស្នូរកាំភ្លើង ។ ព្រឹត្តិការណ៍នេះ គឺជាការធ្វើសមយុទ្ធរបស់កងទ័ពនៃប្រទេសវេណេហ្សូអេឡា នៃប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ដែល សហរដ្ឋអាមេរិក និងប្រទេសកូឡំប៊ី កំពុងរុញអោយ បុរសខ្លាំងនេះចុះចេញពីតំណែង។ លោកម៉ាឌូរ៉ូ បានបញ្ជាអោយមានការធ្វើសមយុទ្ធនេះ គឺជាការឆ្លើយតប នឹងប្រទេសកូឡំប៊ី ព្រមានពីការផ្ទុះសង្រ្គាម តាមព្រំដែន បន្ទាប់ពីប្រធានាធិបតី កូឡំប៊ី ចោទលោក ម៉ាឌូរ៉ូនៅពីក្រោយឧទ្ទាមប្រឆាំងរបបរបស់លោក។
តាមបណ្ដាញផ្សាយព័ត៌មាន Fox News កូឡំប៊ី ក៏បានបញ្ជូន កងទ័ពនិងគ្រឿងសព្វាវុធរួចរាល់ហើយ នៅតាមព្រំដែន ដើម្បីត្រៀមធ្វើសង្រ្គាម បើមានការវាយប្រហារណាមួយពីកងទ័ពវេណេហ្សូអេឡាដែល កំពុងធ្វើសមយុទ្ធនេះ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ប្រកាសគាំទ្រ ប្រទេសកូឡំប៊ីពេញទំហឹងអោយតែ ប្រទេសនេះត្រូវការជំនួយ។ តើនេះ ល្បែងសង្រ្គាមនេះ អាចទាញទំលាក់លោកម៉ាឌូរ៉ូពីអំណាចបានដែរឬទេ?
កញ្ញាឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល ៖
នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំប៊ី គឺនៅពេលនេះ សមយុទ្ធយោធាទ្រង់ទ្រាយដ៏ធំមួយ ចាប់ផ្ដើម ហើយដោយមានកងទ័ពវេណេហ្សូអេឡា មួយសែនប្រាំម៉ឺន នាក់ ចូលរួម។ សមយុទ្ធនេះ មានទាំងរថក្រោះ ការបាញដោយកាំភ្លើងត្បាល និងកាំជ្រួច ហើយយន្តហោះទៀតផង។ លោកប្រធានាធិបតី ម៉ាឌូរ៉ូ និយាយថា សមយុទ្ធនេះ គឺជាការឆ្លើយតបនឹងការគំរាមកំហែងពីប្រទេសជិតខាង ប៉ុន្តែ លោកថាក៏ជាសកម្មភាពដើម្បីពង្រឹងសន្តិភាពនិងសន្តិសុខតាមព្រំដែនផងដែរ។ លោកម៉ាឌូរ៉ូ ស្ថិតនៅក្រោមការ គាបសង្កត់អោយចុះចេញពីអំណាចកាន់តែខ្លាំងនៅពេលចុងក្រោយនេះ ដោយប្រទេសកូឡំប៊ីនិងសហរដ្ឋអាមេរិកដោយក្រុងវ៉ាស៊ីនតោនចង់អោយ មានការបោះឆ្នោតប្រធានាធិបតីឡើងវិញ ដែលគេរំពឹងថា បើការបោះឆ្នោតប្រព្រឹត្តដោយសេរីនិងត្រឹមត្រូវ គឺក្រុមប្រឆាំងដឹកនាំដោយលោកជួនកៃដូ អាចនឹងឈ្នះហើយ ដឹកនាំប្រទេស។ បច្ចុប្បន្ននេះ លោកជួនកៃដូ មានប្រទេសប្រជាធិបតេយ្យជឿនលឿន ជាង៥០ប្រទេសគាំទ្រជាប្រធានាធិបតីស្ដីទី។ ចំណែក ឯលោកម៉ាឌូរ៉ូមានការគាំទ្រតិចតូច ក្នុងនោះ មាន រុស្ស៊ី ចិន គុយបា តួកគី អ៊ីរ៉ង ជាដើមដែលសុទ្ធសឹងជាប្រទេសផ្ដាច់ការ។
អ្នកជំនាញផ្នែកយោធាព្រមានថា លោកម៉ាឌូរ៉ូកំពុងលេងល្បែងសង្គ្រាមដ៏គ្រោះថ្នាក់ហើយនៅពេលនេះដោយគិតថាប្រទេសកូឡំប៊ីមិនមានលក្ខណៈគ្រាប់គ្រាន់ដើម្បីប្រយុទ្ធនឹងខ្លួននោះ។
ស្របពេលនេះដែរបើតាមបណ្ដាញផ្សាយព័ត៌មានFress TV ពួកមន្រ្ដីវេណេហ្សូអេឡានិយាយថាពួកគេសោកស្ដាយដែលប្រទេសទាំងពីរអាចនឹងឈានទៅរកសង្គ្រាមតាមព្រំដែនជាមួយគ្នា បើស្ថានការណ៍ព្រំដែន នៅតែមានវត្តមានកងទ័ពរៀងខ្លួនចាំប្រយុទ្ធ។
មន្រ្ដីវេណេហ្សូអេឡាបាននិយាយថា ការពិតប្រធានាធិបតីកូឡុំប៊ីបានរំលោភលើកិច្ចការផ្ទៃក្នុងវេណេហ្សូអេឡាដោយសារតែប្រទេសនេះបានគាំទ្រក្រុមប្រឆាំងនឹងរបបលោកម៉ាឌូរ៉ូហើយបង្កឱ្យមានការប៉ុនប៉ងផ្ដួលរលំរបបម៉ាឌូរ៉ូជាញឹកញាប់។ដោយសាររឿងនេះមានហេតុផលធ្វើឱ្យលោកម៉ាឌូរ៉ូសម្រេចដាក់ពង្រាយកងទ័ពត្រៀមធ្វើសង្គ្រាមជាមួយនឹងប្រទេសកូឡំប៊ី។តែយ៉ាងណា អ្នកជំនាញយោធាមើលឃើញថា ល្បែងសង្គ្រាមនេះទំនងលោកម៉ាឌូរ៉ូជួបគ្រោះថ្នាក់ច្រើនជាងព្រោះផ្ទៃនៃកងទ័ពរបស់លោកមួយចំនួនកំពុងតែរកពេលវេលាដើម្បីក្បត់លោកហើយ ជាឱកាសដែលអាមេរិកអាចជាប់ពាក់ព័ន្ធព្រោះ កងទ័ពអាមេរិក ក៏មាននៅតាមព្រំដែន កូឡំប៊ីដែរ។ ប្រេសិតពិសេស លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺលោក Elliott Abrams បានលើកទឹកចិត្ត កូឡំប៊ី អោយប្រកាន់ ទប់ស្ថានការណ៍ពេលសង្រ្គាមធ្លាក់មកដល់ ។ លោកថា អាមេរិកគាំទ្រពេញទំហឹងអោយតែ សង្រ្គាមដើម្បីប្រឆាំងពួកភេរវកម្ម។
កាលពីថ្ងៃចន្ទទី៩កញ្ញា លោកម៉ាឌូរ៉ូបានកោះប្រជុំក្រុមប្រឹក្សាការពារជាតិ គឺមុនពេលសកមយុទ្ធចាប់ផ្ដើម។ លោកម៉ាឌូរ៉ូបានប្រាប់អង្គប្រជុំថា របបរបស់លោកកំពុងរងការគំរាមកំហែង ជាខ្លាំងពីប្រទេសកូឡំប៊ីដែលលោកចោទថាប្រទេសកំពុងសិក្សា អំពីការផ្ដួលរំលំលោកជាថ្មីទៀត។ តែយ៉ាងណា សាម្រាបលោក ម៉ាឌូរ៉ូ មានជំនឿថាសមយុទ្ធនេះ នឹងមិននាំអោយមានការអូសទាញកងទ័ពរបស់លោកចូលក្នុងល្បែងសង្រ្គាម របស់ប្រទេសកូឡំប៊ី ដែលរៀបចំផែនការជាមួយអាមេរិកដើម្បីផ្ដួលរំលំបានឡើយ។
តែប្រេសិត របស់លោកត្រាំប្រចាំវេណេហ្សូអេឡា បាននិយាងថាជម្រើស យោធារបស់អាមេរិក ចូលរំដោះប្រជាជនចេញពីរបបរំលោភសិទិ្ធមនុស្សក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូ នៅតែដាក់នៅលើតុចរចា ដែលលោកថា គេមិនអាចនិយាយថាអាមេរិកឈ្លានពានបានឡើយ។ លោកបញ្ជាក់ថា ជម្រើសល្អបំផុត គឺលោកម៉ាឌូរ៉ូត្រូវចាកចេញពីតំណែង គឺមិនត្រូវរង់ចាំការបង្ខំដោយកម្លាំង យោធាណាមួយនោះទេ។ សម្រាប លោកElliott Abrams របប លោកម៉ាឌូរ៉ូ កំពុងស្ថិតក្នុងបញ្ជីខ្មៅ មួយទៀត គឺគាំទ្រពួកសកម្មប្រយុទ្ធ រត់ពន្ធគ្រឿងញៀន ដែលងាយធ្វើមានអន្តរគមន៍ផ្នែកកងទ័ព។
កូឡំប៊ី ជាសមាជិកអង្គការណាតូ
កូឡំប៊ីបានក្លាយជាសមាជិកអង្គការណាតូជាផ្លូវការរួចទៅហើយ។ក្នុងឋានៈជាសមាជិកទី៣០ កូឡំប៊ីអាចស្នើសុជំនួយការកម្លាំងទ័ពរបស់ណាតូមកឈរជើងនៅលើប្រទេសរបស់ខ្លួនក៏ថាបាន។បើដូចនេះគឺស្ថានការណ៍បាមព្រំដែននៅវេណេហ្សូអេឡាកាន់តែអាក្រក់ថែមទៀត។
ចំណែកវេណេហ្សូអេឡាវិញដែលជាសម្ព័ន្ធមិត្តប្រទេសរុស្ស៊ីអាចពឹងកងទ័ពរុស្ស៊ីបានដែរឬទេ។យ៉ាងណារុស្ស៊ីនៅពេលនេះ ស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរដោយសារតែក្រុងមូស្គូដឹងថារបបលោកម៉ាឌូរ៉ូស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអមេរិកនិងប្រទេសជិតខាង។
ប្រទេសកូឡំប៊ីគឺជាសមាជិកមួយនៃសម្ព័ន្ធលីម៉ាដែលមាន២២ប្រទេស។កូឡំប៊ីជាមួយនឹងសហរដ្ឋអាមេរិកជាប្រទេសឈានមុខគេក្នុងការរុញឱ្យមានការដោះដូររបបលោកម៉ាឌូរ៉ូ។គណបក្សប្រឆាំងភាគនៃរបបលោកម៉ាឌូរ៉ូច្រើននៅក្នុងប្រទេសកូឡំប៊ីកំពុងតែរៀបចំកម្លាំងទាំងយោធានិងនយោបាយដើម្បីចូលមកដឹកនាំប្រទេស។ កាលពីថ្ងៃអង្គារទី១០កញ្ញា មេដឹកនាំ បក្សប្រឆាំង របស់ជួកកៃដូ គឺលោក ឡូប៉េស ដែលកំពុងជ្រកកោន ក្នុងស្ថានទូតអេស្ប៉ាញ បានប្រកាស បង្កើតគណៈរដ្ឋមន្ត្រីស្រមោល ដើម្បីត្រៀមដឹកនាំប្រទេស នៅពេលដែលលោកម៉ាឌូរ៉ូត្រូវបានទាញទម្លាក់ពីអំណាចដោយព្រឹត្តិការណ៍ណាមួយ៕